រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសប៉ាឡេស្ទីន អេស្តូនី អារ៉ាប៊ីសាអូឌីត ឥណ្ឌូណេស៊ី នីការ៉ាហ្គា តៃវ៉ាន់ និងកេនយ៉ា។
រូបភាពជុំវិញពិភពលោក ១៩ សីហា ២០១៨

១
ជនជាតិប៉ាឡេស្ទីនម្នាក់បង្ហាញកញ្ចប់មួយដែលគេផ្ញើតាមប្រៃសណីយ៍នៅក្នុងក្រុង Jericho តំបន់ West Bank។ បុគ្គលិកក្រុមហ៊ុនប្រៃសណីយ៍ប្រមូលរៀបចំកញ្ចប់សំបុត្ររាប់ពាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែលអនុញ្ញាតឲ្យសំបុត្រ និងកញ្ចប់នានាចូលពីប្រទេសហ្ស៊កដានីដែលជាប្រទេសជិតខាង។ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា កញ្ចប់សំបុត្រចំនួន១០,៥តោនស្ថិតនៅក្នុងប្រទេសហ្ស៊កដានីតាំងពីឆ្នាំ២០១០ ដោយសារតែអ៊ីស្រាអែលមិនអនុញ្ញាតឲ្យមានការផ្ញើដោយផ្ទាល់ទៅកាន់អាជ្ញាធរប៉ាឡេស្ទីននៅតំបន់ West Bank នោះទេ។

២
ព្រះនាង Victoria របស់ស៊ុយអែតបាំងទឹកដែលខ្ទាតមកលើព្រះនាង នៅពេលព្រះនាងយាងឡើងលើនាវាចម្បាំង Wambola នៅក្បែរក្រុង Tallinn ប្រទេសអេស្តូនី។

៣
អ្នកដើរធម្មយាត្រាមូស្លីមដើរជុំវិញព្រះវិហារ Grand Mosque មុនពេលចាប់ផ្តើមដំណើរធម្មយាត្រាប្រចាំឆ្នាំ Hajj នៅក្នុងក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។

៤
កាំជ្រួចបានផ្ទុះឡើងនៅពីលើស្តាត Gelora Bung Karno នៅក្នុងពេលសម្ភោធកម្មវិធីប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

៥
ផ្កាមួយបាច់ត្រូវបានគេដាក់នៅក្បែររូបរបស់លោក Kofi Annan អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។ លោក Annan ជាអ្នកការទូតម្នាក់ក្នុងចំណោមអ្នកការទូតល្បីៗរបស់ពិភពលោក និងជានិមិត្តរូបដ៏មានប្រជាប្រិយភាពរបស់អង្គការសហប្រជាជាតិ។ លោកបានក្លាយជាអគ្គលេខាធិការដែលមកពីអាហ្វ្រិកស្បែកខ្មៅដំបូងគេបង្អស់។ លោកបានស្លាប់ ក្នុងវ័យ៨០ឆ្នាំ។

៦
បាតុករប្រឆាំងនឹងរដ្ឋាភិបាលបាញ់កាំភ្លើងត្បាល់ធ្វើពីដៃ នៅក្នុងការដើរក្បួនមួយដែលមានឈ្មោះថា «Here nothing is normal» នៅក្នុងក្រុង Managua ប្រទេសនីការ៉ាហ្គា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

៧
ការ៉េមដែលរចនាជារូបសុនខមួយក្បាលត្រូវបានធ្វើនៅភោជនីយដ្ឋានមួយនៅក្នុងក្រុង Kaohsiung កោះតៃវ៉ាន់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

៨
មនុស្សម្នាចូលរួមនៅក្នុងល្បែង Panjat Pinang ដែលពួកគេត្រូវឡើងសសរដើម្បីយករង្វាន់ នៅក្នុងពេលប្រារព្ធបុណ្យឯករាជ្យជាតិមួយនៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

៩
សត្វក្រៀលដើរនៅក្នុងបឹងមួយនៅឧទ្យានជាតិ Amboseli ប្រទេសកេនយ៉ា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

១០
អត្តពលិកដើរក្បួននៅក្នុងពិធីសម្ភោធការប្រកួតកីឡាអាស៊ីលើកទី១៨នៅស្តាត Gelora Bung Karno ក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

១១
កីឡាករ Donothan Bailey ប្រកួតសម្រាប់ពានរង្វាន់ U.S. Gymnastics Championships កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅក្នុងក្រុង Boston រដ្ឋ Massachusetts។