រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ មានមកពីប្រទេស រុស៊្សី តៃវ៉ាន់ ឥណ្ឌូនេស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ថៃ យេម៉េន ជប៉ុន និងអវកាស។
រូបភាពជុំវិញពិភពលោក ១៨ សីហា ២០១៥

១
រថពាសដែករបស់កងកម្លាំងការពារខ្លួនរបស់ជប៉ុន បាញ់បំផ្ទុះផ្សែង នៅក្នុងសមយុទ្ធប្រចាំឆ្នាំ នៅក្នុងមូលដ្ឋានទ័ព Higashi Fuji ក្នុងទីក្រុង Gotemba ភាគនិរតីនៃទីក្រុងតូក្យូ។

២
ក្មេងប្រុសយេម៉ែនម្នាក់ប្រមៀលធុងហ្គាសដែលខ្លួនទើបតែទិញ បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនម៉ោង នៅក្នុងទីក្រុង Sana'a ប្រទេសយេម៉ែន។ ការបិទផ្លូវរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានធ្វើឲ្យមានកង្វះខាតការផ្គត់ផ្គង់ហ្គាស ស៊ាំង និងទំនិញជាច្រើនទៀត ហើយបានធ្វើឲ្យតម្លៃទំនិញនោះឡើងថ្លៃកប់ពពក។

៣
ប្រធានាធិបតីរុស្ស៊ី Vladimir Putin អង្គុយនៅក្នុងយានយន្តមុជទឹក ខណៈវាលិចចូលទៅក្នុងសមុទ្រខ្មៅ បណ្តោយឆ្នេរ Sevastopl ជ្រោយ Crimea ដើម្បីស្វែងរកបំណែកនៃនាវាពាណិជ្ជកម្មបុរាណ ដែលត្រូវបានរកឃើញកាលពីចុងខែឧសភាកន្លងទៅ។

៤
អ្នកមុជទឹក បានស្រង់បំណែកភស្តុតាង បន្ទាប់ពីបុរសម្នាក់បានគប់គ្រាប់បែកពីលើស្ពានមួយ នៅកំពង់ផែ Sathorn ក្នុងកណ្តាលទីក្រុងបាងកក ប្រទេសថៃ មួយថ្ងៃបន្ទាប់ពីមានការផ្ទុះនៅក្បែរកន្លែងទីសក្ការៈបូជាហិណ្ឌូ Erawan ដែលសម្លាប់មនុស្ស២២នាក់ ក្នុងនោះមាន៩នាក់ជាបរទេស។

៥
សត្វស្រមោចជាច្រើនបានសែងស្លឹកឈើ ដែលបានចោះជាអក្សរ «Merkel, ជួយផង!» ដែលសំដៅទៅលើអធិការបតី Angela Merkel របស់អាល្លឺម៉ង់ នៅឯសួនសត្វមួយនៅក្នុងទីក្រុង Cologne។ មានស្រមោចប្រហែល៥សែនក្បាលនៃសួនសត្វនេះ បានសែងស្លឹកឈើដែលចោះដោយកាំរស្មីឡាស៊ែ ដើម្បីចេញជាពាក្យស្លោកក្នុងយុទ្ធនាការការពារព្រៃ Amazon ដែលរៀបចំដោយអង្គការ World Wild Fund for Nature (WWF) នៅអាល្លឺម៉ង់ និងសួនសត្វ Cologne។

៦
អវកាសយានិករបស់អង្គការ NASA ឈ្មោះ Scott Kelly បានចែករំលែករូបថតចេញពីស្ថានីយអវកាសអន្តរជាតិ នៅតាមបណ្តាញសង្គម ដោយបានសរសេរថា «ពន្លឺ Aurora នៅពីលើផែនដីព្រឹកនេះ។ អរុណសួស្តីពីស្ថានីយអវកាស!» កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។

៧
កម្មករម្នាក់ដើរកាត់សំណល់សំណង់ពីភ្លើងឆេះមួយ នៅតាមបណ្តោយផ្លូវហាយវ៉េ State Route Alt. 97 ខាងក្រៅទីក្រុង Chelan រដ្ឋ Washington កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ ភ្លើងឆេះព្រៃបានបង្កហានិភ័យនៅតំបន់កំសាន្តបឹង Chelan បន្ទាប់ពីវាបានរុញច្រានអ្នកទេសចរចេញពីតំបន់នេះ ហើយបានបំផ្លាញឃ្លាំងផ្ទុកផ្លែប៉ោមដែលមានបរិមាណប្រហែល២លានផោន ហើយអ្នករស់នៅទីនោះជាច្រើនពាន់នាក់បង្ខំចិត្តចាកចេញពីតំបន់នោះ។

៨
ស្រ្តីឥណ្ឌាម្នាក់ឱនបន់ស្រន់នៅក្បែររូបចម្លាក់នៃអង្គរក្សនៅប្រាសាទភ្លើងមួយ នៅចំថ្ងៃចូលឆ្នាំរបស់អ្នកកាន់សាសនា Parsi «Navroze» ក្នុងទីក្រុង Mumbai ។ Pasis គឺជាអ្នកដើរតាមគន្លងនិកាយ Zoroastrianism, ជាសហគមន៍សាសនាតូចមួយ ដែលមាននៅក្នុងទីក្រុង Mumbai ក្រោយពេលពួកគេបាននិរទេសចេញពីប្រទេសអ៊ីរ៉ង់នៅក្នុងសតវត្សរ៍ ដើម្បីគេចចេញពីការសម្លាប់រង្គាលទៅលើអ្នកកាន់សាសនាឥស្លាម។ ជនជាតិឥណ្ឌាដែលគោរពតាមនិកាយ Zoroastrianism ត្រូវបានហៅថាក្រុម Pasis ដោយសារសាសនារបស់ពួកគេមានប្រភពចេញពីអតីតចក្រភព Persia។

៩
កងនាវីឥណ្ឌូនេស៊ីបានបាញ់កំទេចទូកនេសាទខុសច្បាប់របស់បរទេស ត្រូវបានរឹបអូសដោយសារនេសាទខុសច្បាប់ នៅក្បែរកោះ Lemukutan ភាគខាងលិចកោះ Kalimantan។ (រូបថត ៖ Antara Foto)

១០
អ្នករបាំពីក្រុមរាំមហោស្រព Legend Lin Dance Theatre សម្តែង «Hymne aux Fleurs qui Passent, Anthem to the Fading Flowers» ជាស្នាដៃសិល្បៈបែបបុរាណរបស់អ្នកដឹកនាំនិងនាដការី Li-chen Lin នៅក្នុងការហាត់សមនៅឯសាលប្រគុំតន្រ្តីជាតិ ក្នុងទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់។

១១
រូបបុរសម្នាក់ចាំងនៅលើផ្ទៃថ្លុកទឹក ខណៈពេលដែលលោកបានដើរកាត់ទីលាន Red Square ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។