កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៦ សីហា ២០១៨

១
ក្មេងប្រុសម្នាក់កំពុងដើរនៅលើស្លឹកឈូកធំៗក្នុងព្រឹត្តិការណ៍មួយដែលមនុស្សម្នាអង្គុយនៅលើស្លឹកឈូក ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

២
ក្រុមអ្នកជួយសង្គ្រោះកំពុងជម្លៀសមនុស្សចេញពីតំបន់មានទឹកជំនន់ ក្រោយពេលមានការបើកទំនប់ Idamalayr, Cheruthoni និង Mullaperiyar បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅជាយក្រុង Kochi ប្រទេសឥណ្ឌា។

៣
កម្រាលព្រំធ្វើពីផ្កាដែលមានទំហំ ១,៨០០ម៉ែត្រការ៉េ ដែលគេដាក់ចំណងជើងថា «Guanajuato មោទនភាពវប្បធម៌នៃប្រទេសម៉ិកស៊ិក» ហើយកម្រាលព្រំផ្កានេះ ធ្វើឡើងពីផ្កា dahlias និង ផ្កា begonias សរុបជាង ៥០ម៉ឺនទង នៅ Grand Place ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

៤
ទាហានម្នាក់នៃកងកម្លាំងពិសេស Cavalry របស់ប្រទេសប៉ារ៉ាហ្គាយ កំពុងដើរដោយមានពស់នៅជុំវិញករបស់ខ្លួន។ ពួកគេកំពុងដើរក្បួនព្យុហយាត្រាក្បែរប្រធានាធិបតីថ្មីរបស់ប្រទេសប៉ារ៉ាហ្គាយ Mario Abdo Benitez ក្នុងទីក្រុងអាសង់ស្យុង។

៥
មនុស្សកំពុងជិះម៉ូតូនៅក្បែរអាគារបាក់បែកក្នុងក្រុងចាស់នៃទីក្រុង Homs ប្រទេសស៊ីរី។

៦
ក្រុមអ្នកកាន់សាសនាឥស្លាមកំពុងបួងសួងនៅជុំវិញទីសក្ការៈ Kaaba នៅព្រះវិហារធំ ក្នុងទីក្រុងពិសិដ្ឋ Mecca របស់ប្រទេសអារ៉ាប៊ីសាអូឌីត មុនពេលចាប់ផ្តើមពិធីធម្មយាត្រាប្រចាំឆ្នាំ Hajj។

៧
សមាជិកកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកំពុងត្រៀមបាញ់បេ ក្នុងពេលប្រយុទ្ធគ្នាជាមួយពួកបះបោរ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៨
ស្ត្រីមកពីសាធារណរដ្ឋដូមីនីក ត្រូវបានចាប់ខ្លួនដោយកងកម្លាំងការពារព្រំដែនអាមេរិក ដោយសារតែពួកគេបានចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់តាមច្រកព្រំដែនជាមួយប្រទេសម៉ិកស៊ិក នៅក្រុង Los Ebanos រដ្ឋតិចសាស សហរដ្ឋអាមេរិក។

៩
តារាសម្ដែង លោក John Travolta និង អ្នកស្រី Olivia Newton-John កំពុងរាំក្នុងពិធីខួប៤០ឆ្នាំ នៃខ្សែភាពយន្តបែបកំប្លែង Grease នៅបណ្ឌិត្យសភាភាពយន្តនិងវិទ្យាសាស្ត្រ នៅទីក្រុង Beverly Hills រដ្ឋកាលីហ្វ័រញ៉ា។