ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​គ្រោង​ធ្វើ​កូដ​កម្ម​នៅ​សប្តាហ៍​ក្រោយ​ទាមទារ​តម្លើង​ប្រាក់​បៀវត្សរ៍


កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ការងារ។
កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ការងារ។

ភ្នំពេញ៖ ​តំណាង​សហ​ព័ន្ធ​សហជីព​កម្មករ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​១២ ​ព្រមាន​ថា ​នឹង​ធ្វើ​បាតុកម្ម​នៅ​សប្តាហ៍​ក្រោយ​នេះ​ ​ប្រសិនណា​បើ​ការ​ទាមទារ​តម្លើង​ប្រាក់​បៀវត្សរ៍​ដល់​ក្រុម​កម្មករ​មិន​ត្រូវ​បាន​ដោះ​ស្រាយ។​ ​មន្រ្តី​រដ្ឋា​ភិបាល​បាន​និយាយថា​ ​ការ​ទាមទារ​ការ​តំឡើង​ប្រាក់​បៀវត្សរ៍​នេះ​ មិន​ត្រឹម​ត្រូវ​ទេ​ ​ហើយ​ប្រសិន​ណា​បើមាន​បាតុកម្ម​កើត​ឡើង​មែន​ គឺជាការ​ខុសច្បាប់។

ក្រុម​តំណាង​សហ​ព័ន្ធ​សហជីព​ ​សមាគម​និង​សហភាព​នៅកម្ពជា​ បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ ​ខ្លួន​នឹង​ដឹក​នាំ​ធ្វើ​កូដ​កម្ម​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំនៅតាម​បណ្តា​រោងចក្រ​ទាំង​អស់​ក្នុង​ទីក្រុង​ភ្នំពេញ​ ​ប្រសិនណា​បើ​ការ​ទាមទារ​តម្លើង​ប្រាក់​បៀវត្សរ៍​ដល់​ក្រុម​កម្មករ​មិន​ត្រូវ​បាន​ឆ្លើយ​តប។

កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ​នេះ​ ​តំណាង​សហ​ព័ន្ធ​ ​សហ​ជីព​ចំនួន​១២ ​បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ច្បាប់​ ដាច់​ដោយ​ឡែកៗ​ពីគ្នា​ ​ទៅ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​និង​សមាគម​រោងចក្រ​កាត់ដេរនៅ​កម្ពុជា​ ដើម្បី​ទាម​ទារ​តម្លើង​ប្រាក់​ឈ្នួល​អប្បរមា​ពី​៧៥​ដុល្លារ ​រហូត​ដល់៩៣​ដុល្លារ​ក្នុង​មួយ​ខែ​ ព្រម​ទាំង​ប្រាក់​រង្វាន់​ទៀង​ទាត់​ចំនួន​១០​ដុល្លារ​ទៀត​ក្នុង​មួយ​ខែ។

លោក​អាត់ ​ធន់ ​ប្រធាន​សហ​ភាព​ការងារ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា​ ​លោក​ទុក​រយៈ​ពេល​ចំនួន​ ១៥​ថ្ងៃ ​ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​ឆ្លើយតប​ទៅ​នឹង​លិខិត​របស់​លោក។​ លោក​បាន​មាន​ប្រសាសន៍​ថា​ ​ឥឡូវ​នេះ​ ​អស់​រយៈ​ពេល​ចំនួន​ពីរ​សប្តាហ៍​មក​ហើយ​ ​លោក​ពុំទាន់​បាន​ទទួល​លិខិត​ឆ្លើយតប​ណាមួយ​នៅ​ឡើយ​ទេ។

លោក​អាត់ ធន់​បាន​មាន​ប្រសាសន៍ថា​ រហូត​មក​ដល់​ពេលនេះ​ ​លោកបាន​ប្រមូល​ស្នាម​ផ្តិត​មេដៃ​ របស់​ក្រុម​កម្មករ​ចំនួន​៦០០.០០០​នាក់​ ​ហើយ​យើង​និង​ត្រៀម​ធ្វើ​មហា​កូដកម្ម​នៅ​ថ្ងៃ​ទី១៥​ខាងមុខ​នេះ។

«ថ្ងៃ​ទី១៥​ ​យើង​កំណត់​ថា​ ​ធ្វើ​កូដ​កម្ម​នៅ​រោងចក្រ​ ​សហ​គ្រាស​ ​ហើយ​មាន​រោងចក្រ​ប្រមាណ​ធ្វើហើយ​ ​ធ្វើ​ប៉ុន្មាន​ថ្ងៃ​ ​ ​ហើយ​មាន​មេដៃ​ ​និង​ប៉ុន្មាន​ដាក់​ទៅ​ GMAC​ ​ហើយ​ក្រសួង ​ហើយ​នឹង​ដាក់​លិខិត​ទៅ​ខាង​ក្រុមហ៊ុន​នីមួយៗ​ ​ធ្វើ​យ៉ាង​ម៉េច​ក្នុង​ការ​ជូន​ដំណឹង​ ​ធ្វើ​បច្ចេក​ទេស»។

លោក​ជាតិ ខេមរា ​មន្រ្តី​ជាន់ខ្ពស់​របស់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​បាន​និយាយ​ថា​ ​លោក​បាន​ផ្ញើ​លិខិត​ឆ្លើយ​តប​មួយច្បាប់​ទៅ​តំណាង​សហ​ព័ន្ធ​សហ​ជីព​ទាំង​នោះ​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​រាល់​ការ​តម្លើង​ប្រាក់បៀវត្សរ៍​ដល់​ក្រុម​កម្មករ ​គឺ​ក្រុម​ប្រឹក្សា​ការងារ​ ជា​អ្នក​សម្រេច​ ​ហើយ​ប្រសិន​ណាបើ ​មាន​កូដកម្ម​កើត​ឡើង​មែន ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ឧស្សាហ​កម្ម​កាត់ដេរ​នៅ​កម្ពុជា។

«ពាក្យ​ថា​ ​ផល​ប៉ះពាល់​ គឺ​ទីមួយ​ធ្វើឲ្យ​មាន​សកម្ម​ភាព​អសកម្ម​ក្នុង​រយៈ​ពេល​ហ្នុង ​ផលិតកម្ម​ត្រូវស្ទះ​ ​ដោយសារ​មាន​ការ​រំជើប​រំជួល​ ​ធ្វើ​ឲ្យ​អសកម្មភាព»។

លោក​អ៊ំ មាន ​រដ្ឋ​លេខាធិការ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បាន​មាន​ប្រសាសន៍​ថា​ គណៈ​កម្មការ​ប្រឹក្សា​ការងារ​ ​បាន​ប្រជុំ​សម្រេច​តម្លើង​ប្រាក់​បៀវត្សរ៍​បន្ថែម​ដល់​ក្រុម​កម្មករ​រួច​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​ការធ្វើ​កូដ​កម្ម​មិនមែន​ជា​ដំណោះ​ស្រាយ​ទេ។

«គាត់​គំរាម​ធ្វើ​កូដ​កម្ម​ ​បាតុកម្ម​បែបនេះ​ ​មិន​ដឹង​ជា​គាត់​ត្រូវ​ប្រឈម​មុខ​ជាមួយ​ច្បាប់​ស្អី​ខ្លះ​ទេ។ ​ខ្ញុំ​អត់​មែន​ជា​អ្នក​ច្បាប់​ទេ​ ​អញ្ចឹង​អាហ្នឹង​អាស្រ័យ​លើ​គាត់​ ​ហើយ​និងអ្នក​ច្បាប់​នៅ​ពេល​ខាង​មុខ»។

កាល​ពី​ថ្ងៃទី​៨ ​ខែ​កក្កដា​កន្លង​ទៅ​នេះ​ ​ក្រុម​ប្រឹក្សា​ការងារ​បាន​សម្រេច​តម្លើង​ប្រាក់​បៀវត្សរ៍​ដល់​ក្រុម​ កម្មករ​ចំនួន​ប្រាំ​ដុល្លារ​បន្ថែម​ទៀត​ និង​ប្រាក់​ឈ្នួល​សម្រាប់​ទ្រទ្រង់​ជីវ​ភាព​ចំនួន​ប្រាំ​មួយ​ដុល្លារ​ជា​ប្រាក់​ខែ​គោល​ ​សរុប​ក្រុម​កម្មករ​នឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ចំនួន​ ៦១​ដុល្លារ​ក្នុង​មួយ​ខែ៕

XS
SM
MD
LG