ក្រុមអ្នកតាមដានសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួននាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងបួននាក់នេះ ពិតជាមានទោសក្នុងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ១,៧លាននាក់ក្នុងអំឡុងចុងទសវត្សរ៍១៩៧០ បើទោះបីជាមេធាវីជនត្រូវចោទថាបានខំប្រឹងប្រែងលើកយកសក្ខីកម្មមកការពារជនត្រូវចោទទាំងបួននាក់នេះឱ្យរួចផុតពីការចោទប្រកាន់ក៏ដោយ។
សាលាក្តីខ្មែរក្រហមបានបញ្ចប់សវនាការបឋមលើសំណុំរឿងលេខ០០២ ទាក់ទងនឹងនួន ជា អតីតប្រធានរដ្ឋសភា ខៀវ សំផន អតីតប្រធានរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអំពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងរបបវាលពិឃាត។
លោកប៉ែន សឿន អាយុ៥៦ឆ្នាំ មកពីខេត្តស្វាយរៀង ដែលបានចូលរួមនៅក្នុងសវនាការសំណុំរឿងលេខ០០២ ចំនួនបួនថ្ងៃនេះ មានសាច់ញាតិស្លាប់ចំនួនបួននាក់ក្នុងរបបខ្មែរក្រហមបាននិយាយថាអតីតមេដឹកនាំខ្មែរក្រហមទាំងបួននាក់នេះមិនអាចគេចផុតពីការចោទប្រកាន់របស់តុលាការទេ បើទោះបីជាមេធាវីជនត្រូវចោទបានយកសក្ខីកម្មនិងបទដ្ឋានច្បាប់សម្រាប់ធ្វើជាអំណះអំណាងឱ្យកូនក្តីរបស់ខ្លួនរួចទោសក៏ដោយ។
«មេធាវីរបស់ជនត្រូវចោទមានវិជ្ជាជីវៈខ្ពស់និងទឡ្ហីករណ៍ល្អណាស់សម្រាប់ឱ្យកូនក្តីរបស់គេគេចវេសន៍ពីការចោទប្រកាន់របស់តុលាការ។ ប៉ុន្តែខ្ញុំគិតថាអ្វីដែលច្បាប់ អ្វីដែលជាគតិយុត្តិនោះ ទោះបីជា អស់លោកនោះមានហេតុផលយ៉ាងណាក៏ដោយ។ ប៉ុន្តែខ្ញុំបានសំឡឹងឃើញមេធាវីរបស់ខ្ញុំ មួយផ្នែកមានទឡ្ហីករណ៍ល្អៗ ហើយមានការប្រុងប្រៀបបកស្រាយតាមនីតិវិធីច្បាប់។ បើការពិចារណារបស់ខ្ញុំ ហើយយើងមើលក្នុងការដេញដោលគ្នានេះ ខ្ញុំគិតថាអ្នកទាំងបួននេះមិនអាចគេចផុតពីសំណាញ់ច្បាប់ចោទប្រកាន់បានទេ»។
លោក ស៊ុំ រិទ្ធី អាយុ៥១ឆ្នាំ នៅទីក្រុងភ្នំពេញ ដែលបានចូលរួមសវនាការសំណុំរឿងលេខ០០២នេះ បានថ្លែងថាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងបួននាក់នេះមិនអាចគេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់អំពីការកាប់សម្លាប់ក្នុងអំឡុងចុងទសវត្សរ៍១៩៧០។
«មេធាវីជនត្រូវចោទមិនចង់ឱ្យកូនក្តីរបស់ខ្លួនជាប់ទោស ប៉ុន្តែមិនអាចរួចខ្លួនទេ ព្រោះភស្តុតាងមានគ្រប់គ្រាន់ទាំងអស់ពីសម័យដែលគាត់ដឹកនាំ»។
អ្នកស្រី មាស ផល្លី អាយុ៥៤ឆ្នាំ មកពីខេត្តកំពង់ធំ ដែលបានចូលរួមនៅក្នុងសវនាការសំណុំរឿងលេខ០០២ចំនួនបួនថ្ងៃនេះ មានសាច់ញាតិស្លាប់ចំនួន១០នាក់ ក្នុងរបបខ្មែរក្រហម បានថ្លែងថា អ្នកស្រីបានមើលឃើញការសួរដេញដោលគ្នាយ៉ាងសកម្មនៅក្នុងសាលាក្តីខ្មែរក្រហមគឺជារឿងដ៏អស្ចារ្យណាស់សម្រាប់អ្នកស្រី។
អ្នកស្រីបានបន្តថា អ្នកស្រីពេញចិត្តចំពោះសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរជាន់ខ្ពស់ទាំងបួននាក់នេះរបស់សាលាក្តីខ្មែរក្រហម បើទោះជាយុត្តិធម៌មិនបានសម្រេចដល់១០០ភាគរយក៏ដោយ ក៏អ្នកស្រីអាចទទួលយកបាន។
«សវនាការប្រព្រឹត្តទៅបួនថ្ងៃនេះដូចខ្ញុំតាមដានរហូត អ្នកទាំងបួននាក់ប្រាកដជាមានទោស ព្រោះមាន សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីរាប់រយរាប់ពាន់នាក់ ហើយគាត់ធ្វើបាបជាពិសេសលើរូបខ្ញុំផ្ទាល់។ អញ្ចឹងគាត់ត្រូវតែទទួលទោស។ ខ្ញុំសង្ឃឹមថា១០០ភាគរយ អ្នកទាំងបួននាក់នេះត្រូវតែមានទោស»។
របបខ្មែរក្រហមត្រូវបានស្តីបន្ទោសអំពីការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ១,៧លាននាក់ រវាងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយវិធីបង្អត់អាហារ ការបង្ខំឱ្យធ្វើការជាទម្ងន់ ការប្រហារជីវិតដោយ គ្មានការកាត់ទោស និងជំងឺជាដើម៕