ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ខ្មែរ​១០​ម៉ឺននាក់​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​មុន​ខែវិច្ឆិកា​


លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សម រង្សី។
លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សម រង្សី។

នៅ​ថ្ងៃពុធ​នេះ លោក​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទីស្តីការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ សមាជិក​រាជ​រដ្ឋាភិបាល រដ្ឋសភា​ ព្រឹទ្ធ​សភា​ និង​មន្រ្តី​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​១០ម៉ឺននាក់​នឹង​ត្រូវ​បញ្ជា​ឱ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជា​សម្ងាត់នៅ​មុខ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក​ឱម យិនទៀង បាន​បញ្ជាក់​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ នឹង​ចាប់ផ្តើម​ដំណើរ​ការ​បន្ទាប់​ពីការ​អនុម័ត​អនុក្រឹត្យ​នានា​ ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«នៅ​ពេល​អនុក្រឹត្យ​ស្តី​ពី​តួនាទី​ភារកិច្ច និង​ដំណើរការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​អនុម័ត យើង​មាន​ពេល​តែ​៦០​ថ្ងៃ​ដើម្បី​ដាក់​ចេញ​នូវ​ប្រព័ន្ធ​ប្រកាស​ទ្រព្យ​សម្បត្តិ។ យើង​នឹង​ជូន​ដំណឹង​ទៅ​ក្រសួង​ស្ថាប័ន​នីមួយៗ​ដើម្បី​សុំ​ផ្ញើ​បញ្ជី​ឈ្មោះ​មក​ឱ្យ​យើង​នូវ​មុខ​សញ្ញា​ដែល​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ»។

លោក​ឱម យិនទៀង បាន​បន្ត​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ នឹង​ត្រូវ​បញ្ចប់​ឱ្យ​បាន​មុន​ខែ​វិច្ឆិកា​ ជាពេលដែលប្រទេស​កម្ពុជា​នឹង​ត្រូវ​ទទួល​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​អាស៊ាន​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សម រង្សី បាន​ថ្លែង​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សម្ងាត់​ដែល​តម្រូវ​ឲ្យ​មន្ត្រី​ចំនួន​១សែននាក់​ធ្វើ​នោះ នឹង​មិន​មាន​ន័យ​គ្រប់គ្រាន់​ និង​មិនអាច​ដោះស្រាយ​បញ្ហា​ពុករលួយ​បាន​ទេ។ លោក​បាន​ថ្លែង​ដូច្នេះ​ថា៖

«អំពើ​ពុក​រលួយ ដែល​គ្រោះថ្នាក់​បំផុត​ គឺ​អំពើ​ពុក​រលួយ​ ដែល​នៅ​ថ្នាក់​លើ​ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​រាប់លាន​ដុល្លារអាមេរិក​ក្នុង​មួយឆ្នាំៗ។ ចំណែក​ឯ​មន្ត្រី​តូច​តាច​ទទួល​បាន​ប្រាក់​កម្រៃ​បន្តិច​បន្តួច​ ដោយ​សារ​ការ​ប្រព្រឹត្ត​ខុសឆ្គង​បន្តិច​បន្តួច​ ដើម្បី​បំពេញ​ក្រពះ និង​ការ​ខ្វះខាត​ដើម្បី​រស់​តែប៉ុណ្ណោះ។ ដូច្នេះ​ យើង​មិនគួរ​ប្រញាប់​ប្រញាល់​ចាប់​មន្ត្រី​ថ្នាក់​ក្រោម​ដាក់​ពន្ធនាគារ»។

លោក​យ៉ង់ គឹមអេង សមាជិក​អង្គការ​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​ និង​គណនេយ្យ​ភាព​សង្គម​បាន​ថ្លែង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​សមត្ថភាព​ពេញលេញ​ និង​ប្រសិទ្ធភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ក្នុង​ដំណើរ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ។ មន្ត្រី​ជាង​១០០នាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ត្រូវ​បាន​បណ្តុះបណ្តាល​ជំនាញ​ប្រឆាំង​អំពើ​ពុក​រលួយ​ពី​សំណាក់​ភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​(USAID) អំពី​របៀប​ស្ទង់​មតិ​ ការ​ប្រកាស​ទ្រព្យសម្បត្តិ​ ការស៊ើប​អង្កេត​ហិរញ្ញវត្ថុ​ ការ​គ្រប់​គ្រង​ពាក្យ​បណ្តឹង​ ការធ្វើ​ផែនការ​យុទ្ធសាស្ត្រ ​និង​ផែនការ​សកម្មភាព៕

XS
SM
MD
LG