ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋសភា​កម្ពុជា​ស្វះស្វែង​រក​អាស៊ាន​ឱ្យ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ


រដ្ឋសភាកម្ពុជា​នឹង​ធ្វើ​សំណើ​ផ្តួច​ផ្តើម​គំនិត​សម្រាប់​ដោះស្រាយ​បញ្ហា​ជម្លោះ​ ព្រំដែន​ប្រទេស​ជាប់​ជិត​ខាង​គ្នា​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​នៅ​ក្នុង​មហា​សន្និបាត AIPA ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​វៀតណាម​ ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក​ ជន សក្តា​ រាយការណ៏​ជូន​ដូច​ត​ទៅ៖

រដ្ឋសភា​កម្ពុជា​កំពុង​រៀប​ចំ​សំណើ​ផ្តួច​ផ្តើម​គំនិត​ថ្មី​មួយ​ សម្រាប់​ដាក់​ជូន​មហា​សន្និបាត​អន្តរសភាអាស៊ាន​ប្រចាំ​ឆ្នាំ​លើក​ទី​៣១​ នៅ​ទី​ក្រុង​ហាណូយ​ក្នុង​ខែ​កញ្ញា​ សំដៅ​ស្វះស្វែង​រក​បណ្តា​ប្រទេសអាស៊ាន​ ឱ្យ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ដែល​បាន​អូស​បន្ទាយ​ពេលរវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។

មហា​សន្និបាត​អន្តរសភា​អាស៊ាន​ប្រចាំ​ឆ្នាំ​លើក​ទី​ ៣១​ នឹង​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​ចាប់​ពី​ថ្ងៃ​ ទី​ ១៩​ ដល់​ថ្ងៃ​ទី​ ២៥​ ខែ​កញ្ញា​ ដើម្បី​ពិភាក្សា​បញ្ហា​ផ្សេងៗ​ សំដៅ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ និង​ប្រសិទ្ធិភាព​ប្រតិបត្តិការ​ទាំង​អស់​របស់​ខ្លួន​នៅ​ក្នុង​បណ្តា​ប្រទេស ​អាស៊ាន។

បណ្តា​រដ្ឋ​ជា​សមាជិក AIPA រួម​មាន​ប្រទេស​កម្ពុជា​ លាវ​ វៀតណាម​ ភូមា​ ថៃ​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ ប្រុយណេ​ សង្ហឹបូរី​ និង​ ហ្វីលីពិន។មហា​សន្និបាត​អន្តរសភា​អាស៊ាន AIPA ប្រចាំ​ឆ្នាំ​លើក​ទី​ ៣១​ នេះ​ ដែល​នឹង​ត្រូវ​បាន​ដឹក​នាំ​ដោយ

ប្រធាន​សភា​វៀតណាម​មាន​គោល​សំដៅ​ជួយ​ជម្រុញ​ចំណង​មិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ ការ​ផ្លាស់ប្តូរ​ និង​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​សហគមន៏ AIPA ដើម្បី​បង្កើន​តួ​នាទី​ មុខងារ​ ប្រសិទ្ធិភាព​ប្រតិបត្តិការ​របស់​អង្គការ​នេះ​ សម្រាប់​សន្តិភាព​និង​វិបុលភាព​នៅ​ក្នុង​តំបន់​ និងពិភពលោក​ទាំង​មូល។

លោក​ ជាម យៀប​ ប្រធាន​ក្រុម​ជាតិ AIPA កម្ពុជា​ បាន​ថ្លែង​ប្រាប់ VOA ថា​លោក​នឹង​ប្រជុំ​ពិភាក្សាគ្នា​លើ​សំណើ​ផ្តួច​ផ្តើម​គំនិត​ថ្មី​ស្តី​ពី​ជម្លោះ​ព្រំដែន​ប្រទេស​ជាប់​ជិត​ខាង​របស់​លោក​នៅ​ក្នុង​ចំណោមប្រធាន​គណៈកម្មការ​រដ្ឋសភា​កម្ពុជា។

លោក ​ជាម យៀប​ បាន​បន្ត​ថា​លោក​នឹង​លើក​សំណើ​ស្តី​ពី​បញ្ហា​ជម្លោះ​ព្រំដែន​ប្រទេស​ជាប់​ ជិត​ខាង​រវាង​កម្ពុជា​និង​ថៃ​នៅ​ក្នុង​មហា​សន្និបាត​អន្តរសភា​អាស៊ាន​ប្រចាំ ​ឆ្នាំ​លើក​ទី​ ៣១​ នៅ​ទីក្រុង​ហាណូយ​ ដើម្បី​សុំ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​នេះ។

លោក​ ជាម យៀប​ បាន​បញ្ចាក់​ថា​យើង​ចង់​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​ ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។​ សហគមន៏​អន្តរជាតិ​តែង​តែ​ជម្រុញ​ប្រទេស​កម្ពុជា​ និងប្រទេស​ថៃ​ ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​របស់​ខ្លួន​ តាម​មធ្យោបាយ​ទ្វេ​ភាគី​ ប៉ុន្តែ​ប្រទេស​ថៃមិន​យល់​ព្រម។

"គំនិត​របស់​ខ្ញុំ​ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ជាតិ AIPA កម្ពុជា​ ខ្ញុំ​បាន​ផ្តល់​គំនិត​មួយ​អំពី​ជម្លោះ​ព្រំដែនប្រទេស​ជាប់​ជិត​ខាង​គ្នា​ ហើយ​ប្រទេស​ជាប់​ភូមិ​ផង​ជា​មួយ​ ចេះ​តែ​រុញ​ឱ្យ​គ្នា (កម្ពុជា- ថៃ) ដោះស្រាយ។ ​ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​មិន​ព្រម​ដោះស្រាយ ​ដូច​ជា​ថៃ​ឈ្លោះ​ជា​មួយ​យើង​អញ្ចឹងឹ។​ ថៃ​មិន​ព្រម​ធ្វើ​ឱ្យ​យើង​មាន​ការ​លំបាក។​ អញ្ចឹង​គេ (បណ្តា ​ប្រទេស​អាស៊ាន) ជួយ​ឈឺ​ឆ្អាល​ឱ្យ​គេ​ធ្វើ​អ្នក​សម្រប​សម្រួល" ។

លោក​ ជាម យៀប​ បាន​បន្ត​ថា​ដំណោះស្រាយ​តាម​វិធី​នេះ​ នឹង​ជួយ​ផ្តល់​ផល​ប្រយោជន៏​ដល់​ប្រទេសកម្ពុជា​ និង​សហគមន៏​អាស៊ាន​ទាំង​មូល​ ហើយ​សំណើ​របស់​លោក​គឺ​ជា​ផល​ប្រយោជន៏​រួម​របស់​សហគមន៏​អាស៊ាន។

លោក​ ជាម យៀប​ បាន​បន្ថែម​ថា​ យើង​ចង់​ឱ្យ​មាន​ស្ថេរភាព​នយោបាយ​ និង​សន្តិសុខ​សម្រាប់ប្រទេស​អាស៊ាន​ទាំងអ ស់។​ យើង​ត្រូវការ​រស់នៅ​ក្នុង​សន្តិសហវិជ្ជមាន​ ក្នុង​ចំណោម​ប្រទេស​ជាប់ជិត​ខាង​ និង​តំបន់​ទាំង​មូល​របស់​យើង។

កង​ទ័ព​កម្ពុជា​ និង​ថៃ​បាន​វ៉ាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក​នៅ​តំបន់​ជម្លោះ​ព្រំដែននៅ ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ដែល​បាន​សម្លាប់​ទាហាន​យ៉ាង​តិច​ ៨​ នាក់​ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ចី​បេតិកភណ្ឌ​ពិភពលោក ​ នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០០៨។

ប្រទេស​ថៃ​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​កម្ពុជា​ ប្រទេស​ភូមា​ ប្រទេស​លាវ​ និង​ប្រទេសម៉ាឡេស៊ី។ បន្ថែម​លើ​ជម្លោះ​ព្រំដែន​នេះ​ រដ្ឋាភិបាល​ថៃ​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​តែង​តាំង​អតីត​នាយក​រដ្ឋមន្ត្រី Thaksin​ Shinawatra ឱ្យ​ធ្វើជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក Thaksin​ Shinawatra ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ក្នុង​ឆ្នាំ​ ២០០៦​ ៕

XS
SM
MD
LG