ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត


ទិដ្ឋភាពទូទៅ​នៃ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​កម្ពុជា។​
ទិដ្ឋភាពទូទៅ​នៃ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​កម្ពុជា។​

រដ្ឋសភា​កម្ពុជា​បាន​យល់ព្រម​បង្កើន​ថ្ងៃ​ថែមទៀត​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ ការចុះឈ្មោះ​អ្នក​បោះឆ្នោត និង​ការ​ប្តឹង​តវ៉ា​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ត្រឹមត្រូវ ​និង​យុត្តិធម៌​ជាង​មុន។

ការ​យល់ព្រម​លើ​ការ​ធ្វើ​វិសោធនកម្ម​ចំនួន​១៣​មាត្រា​នៃ​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ​នេះ បាន​តម្រូវ​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ បាន​បង្កើន​ពី​ចំនួន​១៥​ថ្ងៃ​ទៅ​៣០ថ្ងៃ​ និង​បាន​បង្កើន​រយៈពេល​នៃ​ការប្តឹង​តវ៉ា​ ឬ​ការប្តឹង​ជំទាស់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ពី​៥ថ្ងៃ​ទៅ​១០ថ្ងៃ​ សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ ​សង្កាត់​នៅឆ្នាំ​២០១២ ​និង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នៅឆ្នាំ​២០១៣។

ការ​យល់ព្រម​លើ​មាត្រា​១៩០​ថ្មី​នៃ​ច្បាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ បាន​ផ្លាស់ប្តូរ​ការ​កំណត់​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ពី​ថ្ងៃ​អាទិត្យ​ដើម​ខែ​មេសា​មក​ថ្ងៃ​ទី៣​ ខែ​មិថុនា ​ឆ្នាំ២០១២។

លោក​ សក់ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​នៅក្នុង​សម័យ​ប្រជុំ​សភា​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ​គឺ​ជា​ការបង្ហាញ​អំពី​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ និង​រដ្ឋសភា​សំដៅ​កែលម្អ​ដំណើរការ​បោះឆ្នោត​។

លោក​ កុយ ប៊ុនរឿន ​តំណាងរាស្ត្រ​គណបក្ស​សម រង្សី ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«កំណែ​ទម្រង់​នេះ​មិនមានអ្វី​ក្រៅពី​ពង្រឹង​ការ​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ទេ។ វា​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ បើ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត​នៅតែ​រក្សា​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដដែល»។

លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ ​និង​មិន​លំអៀង​នៅ​កម្ពុជា​ បាន​ថ្លែងថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​ជា​ជំហាន​វិជ្ជមាន​ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការពិនិត្យ​ជាក់​ស្តែង​ស្តីពី​លទ្ធផល​កើត​ចេញ​ពី​ស្ថាប័ន​បោះឆ្នោត​នេះ។ លោកបាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​គិតថា វា​ជា​ការ​ធ្វើ​វិសោធនកម្ម​មួយ​សំដៅ​ធ្វើ​ឱ្យ​មាន​គុណភាព​កាន់តែ​ល្អ​ឡើង​នូវ​ដំណើរការ​បោះឆ្នោត​ ក៏​ដូចជា​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ។ សម្រាប់​ការ​បន្ថែម​ថ្ងៃ​ចុះ​ឈ្មោះ ​និង​ការ​បន្ថែម​ថ្ងៃ​ដោះស្រាយ​ពាក្យ​បណ្តឹង​នេះ ​ខ្ញុំ​គិតថា នេះ​ជា​ហេតុផល​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​ដែល​ជា​កង្វះខាត​របស់​ខ្លួន​កន្លង​មក។ ខ្ញុំ​អាច​និយាយ​បាន​ថា នេះ ​ជា​ការកែទម្រង់​មួយ​ហើយ​ ជា​ការ​ធ្វើ​វិសោធនកម្ម​មួយ​ហើយ។ ប៉ុន្តែ​ការពិតយើង​នឹង​តាម​សង្កេត មើល​បន្ថែមទៀត​ថា ​តើ​ធ្វើវិសោធនកម្ម​បែបនេះ​នឹង​ទទួល​ផល​បែបណា»។

លោក​គល់ បញ្ញា​ នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​បាន​ថ្លែងថា ការ​បង្កើន​ពេលវេលា​តែមួយ​មិនមែន​ជា​ដំណោះស្រាយ ​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​មិន​បាត់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​ទេ ​ប៉ុន្តែ​វា​អាច​ជួយ​សម្រួល​ខ្លះ។ លោក​បញ្ជាក់​ថា៖

«ការ​ធ្វើ​វិសោធនកម្ម​នេះ​ជា​ជំហាន​មួយ​វិជ្ជមាន។ ការថែម​ពេលវេលា​នេះ​មាន​សារៈសំខាន់​ ដើម្បី​ធ្វើឱ្យ​រឿង​ចុះឈ្មោះ​បោះ​ឆ្នោត​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការដោះស្រាយ​ទំនាស់​បោះឆ្នោត​ទទួលបាន​លទ្ធផល​ ល្អ​ប្រសើរ​ជាងមុន»។

លោក​ទេព នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​ត្រៀម​ពី​ឥឡូវ​នេះ​ទៅ ហើយ​វា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះឆ្នោត។

គណបក្ស​ប្រឆាំង​បាន​ប្តឹង​អំពី​ភាពមិន​ប្រក្រតី​ជា​ច្រើន​ករណី​ទាក់​ទង​នឹង​ដំណើរការ​បោះឆ្នោត​ និង​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​ ហើយ​អ្នក​បោះឆ្នោត​ច្រើន​រាប់រយ​នាក់​បាន​បាត់​ឈ្មោះ​របស់​ពួកគេ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០០៨៕

XS
SM
MD
LG