ភ្នំពេញ៖ រដ្ឋសភាកម្ពុជាយល់ព្រមឱ្យរាជរដ្ឋាភិបាល ខ្ចីប្រាក់បំណុលបន្ថែមពីបរទេសសម្រាប់យកមកធ្វើការអភិវឌ្ឍនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រកសិកម្ម និងប្រព័ន្ធបញ្ជូនចរន្តអគ្គិសនី។ រីឯតំណាងរាស្ត្រគណបក្សប្រឆាំងវិញ បានព្រមានថា ការខ្ចីបំណុលនេះអាចធ្វើឱ្យគ្រោះថ្នាក់ដល់អនាគតរបស់ប្រទេសកម្ពុជា។
នៅថ្ងៃច័ន្ទនេះ រដ្ឋសភាកម្ពុជាបានអនុម័តឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់បន្ថែមជាង ៣០០លានដុល្លារអាមេរិកដែលបានចំណាយលើសថវិកាជាតិឆ្នាំ២០០៩ និងឆ្នាំ២០១០ ដើម្បីយកមកធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រកសិកម្ម និងការតភ្ជាប់បណ្តាញចរន្តអគ្គិសនី។
សមាជិកសភាចំនួន៨០រូបនៃសមាជិកសភាវត្តមានចំនួន១០២រូបនៅក្នុងសម័យប្រជុំសភានេះបាន អនុម័តច្បាប់កែតម្រូវស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៩ និងឆ្នាំ២០១០។
រាជរដ្ឋាភិបាលបានស្នើរដ្ឋសភាឱ្យអនុម័តបន្ថែមកម្រិតនៃការខ្ចីប្រាក់ពីបរទេសសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៩ ចំនួន៣០លាន SDR ស្មើនឹង៤៦,៨លានដុល្លារសហរដ្ឋអាមេរិក និងសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០ ចំនួន១៧០លានSDR ស្មើនឹង២៦៥លានដុល្លារសហរដ្ឋអាមេរិក។
ថវិកាជាតិឆ្នាំ២០០៩មានចំនួន១.៨០០លានដុល្លារអាមេរិក និងថវិកាជាតិឆ្នាំ២០១០មានចំនួន១.៩០០ លានដុល្លារអាមេរិក។ ប៉ុន្តែរាជរដ្ឋាភិបាលបានចំណាយលើសថវិកាជាតិឆ្នាំ២០០៩ដល់ទៅ៤៦,៨ លានដុល្លារអាមេរិក និងលើសថវិកាជាតិឆ្នាំ២០១០ដល់ទៅជាង ២៦៥លានដុល្លារអាមេរិក។
លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងនៅក្នុងសម័យប្រជុំសភាថា រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ដោយខ្ចីតែប្រាក់កម្ចីសម្បទានសម្រាប់យកមកវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលមានដូចជា ផ្លូវ ស្ពាន កំពង់ផែ ប្រព័ន្ធធារាសាស្ត្រកសិកម្ម និងបណ្តាញប្រព័ន្ធបញ្ជូនចរន្តអគ្គីសនីដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
«យើងខ្ចីប្រាក់មកសម្រាប់ផ្លូវ ទឹក ភ្លើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយខ្ចីដោយមានការប្រាក់ទាប និងមានលក្ខណៈសម្បទាន»។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាបានថ្លែងថា រាជរដ្ឋាភិបាលចាំបាច់ត្រូវតែខ្ចីប្រាក់ពីបរទេស ដើម្បីបំពេញតម្រូវការចាំបាច់របស់សង្គមកម្ពុជា។
«(រដ្ឋសភា)យល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេបន្ថែមមានកម្រិត៣០លាន SDR នៅឆ្នាំ២០០៩ និង១៧០លាន SDR នៅឆ្នាំ២០១០ ដោយសេដ្ឋកិច្ចកម្ពុជាបានទទួលរងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកចាប់តាំងពីចុងឆ្នាំ២០០៨មក។ ការគ្រប់គ្រងប្រភពចំណូលបំពេញការចំណាយថវិកាជាតិ មានការលំបាកលំបិននិងដោយសារការឈ្លានពានរបស់កងទ័ពថៃចូលមកក្នុងទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនដោយមិនអនុញ្ញាតប្រទេសណាប្រើកម្លាំងទ័ពដើម្បីឈានជើងមួយមីលីម៉ែត្រចូលដល់កម្ពុជាតទៀតឡើយ»។
លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា ប្រទេសកម្ពុជាត្រូវការប្រាក់សម្រាប់យកមកអភិវឌ្ឍប្រទេសប៉ុន្តែប្រទេសកម្ពុជាត្រូវតែប្រុងប្រយ័ត្នពីការខ្ចីបំណុល ដែលអាចមានគ្រោះថ្នាក់ដល់អនាគតរបស់ប្រទេសកម្ពុជា។
«បើយើងផ្អែកទៅលើម្ចាស់បំណុលដែលមើលឃើញពីធនធានធម្មជាតិ ដីធ្លី ប្រេងកាត និងធនធាន រ៉ែរបស់យើងមករំលោភសិទ្ធិប្រជាពលរដ្ឋរបស់យើងនិងខូចបរិស្ថានរបស់យើងយើងគួរតែជៀសវាងដាច់ខាត។ យើងគាំទ្រការខ្ចីបុល ប៉ុន្តែយើងមិនលើកដៃគាំទ្រទេដោយសារការបែងចែកប្រាក់កម្ចី»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសេចក្តីថ្លែងហេតុជូនរដ្ឋសភាថា ទំហំទឹកប្រាក់នៃការខ្ចីក្នុងកម្រិតដែលរាជរដ្ឋាភិបាលស្នើសុំការអនុម័តបន្ថែមនេះ នឹងមិនធ្វើឱ្យបំណុលកម្ពុជាស្ថិតនៅក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនោះទេ៕