រដ្ឋសភាបានអនុម័តការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយនៅថ្ងៃសុក្រនេះ ដែលក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបាននិយាយថា នេះជាការកាត់ផ្តាច់អំណាចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចេញពីអង្គភាពប្រឆាំងអំពើពុករលួយ និងផ្តល់អំណាចកាន់តែច្រើនដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
សមាជិកសភាចំនួន៨៥រូបក្នុងចំណោម៩៥រូបបានយល់ព្រមលើកដៃអនុម័តការធ្វើវិសោធនកម្មលើមាត្រាចំនួនបីនៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយ។ ការធ្វើវិសោធនកម្មនេះរួមមានការផ្តល់សិទ្ធិអំណាចដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក្នុងការតែងតាំងនិងផ្លាស់ប្តូរមន្ត្រីនៅក្រោមនាយកដ្ឋាន កាត់ផ្តាច់ថវិការបស់ស្ថាប័នប្រឆាំងអំពើពុករលួយដែលបច្ចុប្បន្ននៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រីមកនៅក្នុងថវិកាជាតិវិញ និងលុបចោលមាត្រា៥៧ដែលរាំងស្ទះដល់ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីឱ្យច្បាប់ប្រឆាំងអំពើពុករលួយចូលជាធរមានភ្លាមៗ។
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា បានថ្លែងប្រាប់រដ្ឋសភាថា ការធ្វើវិសោធនកម្មនេះសំដៅលើកកម្ពស់ប្រសិទ្ធិភាពនៃការងារប្រឆាំងអំពើពុករលួយ ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ និងធានារក្សាភាពស្អាតស្អំ និងយុត្តិធម៌នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណដល់រដ្ឋសភាក្នុងការជួយគាំទ្រការធ្វើវិសោធនកម្មនេះ ដោយឥតលក្ខខណ្ឌ និងដ៏ខ្លាំងក្លាចំពោះការប្រឆាំងអំពើពុករលួយនេះ។
លោក ធន សារាយ ប្រធានសមគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា ការអនុម័តវិសោធនកម្មនេះជាគំនិតល្អក្នុងការផ្តាច់ថវិការបស់ស្ថាប័នប្រឆាំងអំពើពុករលួយចេញពីទីស្តីការគណៈរដ្ឋមន្ត្រី ដែលបង្ហាញឱ្យឃើញពីឯករាជ្យភាពរបស់ស្ថាប័ននេះច្រើនជាងមុន។ លោកធន សារាយ បានបញ្ជាក់ថាថវិកាឯករាជ្យរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ គឺជាជំហ៊ានដំបូង និងចាំបាច់ ប៉ុន្តែស្ថាប័នប្រឆាំងអំពើពុករលួយត្រូវធ្វើសកម្មភាព និងការសម្រេចចិត្តជាក់ស្តែងក្នុងការស៊ើបអង្កេតអំពើពុករលួយ ដោយមិនខ្លាចប៉ះពាល់ដល់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់។ លោកបន្តថា៖
«អំណាចផ្តល់ទៅឱ្យនាយកប្រតិបត្តិ ដើម្បីធ្វើការងារឱ្យមានប្រសិទ្ធិភាព។ ប៉ុន្តែប្រធានក្រុមប្រឹក្សាភិបាលជួយប្រឹក្សា។ ការផ្តល់អំណាចទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីដក ឬ តែងតាំងមន្ត្រីគឺជាការល្អ ដើម្បីពង្រឹងការងារប្រតិបត្តិឱ្យមានប្រសិទ្ធិភាព»។
លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រីលែងមានឥទ្ធិពលឬអំណាចទៅលើអង្គភាពប្រឆាំងអំពើពុករលួយហើយ។ តាមរយៈថវិកាឯករាជ្យរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ និងឯករាជ្យភាពក្នុងការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់ ក្នុងរដ្ឋាភិបាលដែលបានប្រព្រឹត្តអំពើពុករលួយ។ លោកសំអាតមានប្រសាសន៍ថា៖
«កាលណាគាត់ (ស្ថាប័នប្រឆាំងអំពើពុករលួយ) ផ្តាច់ថវិកានេះបង្ហាញអំពីឯករាជ្យភាពនៃថវិកាពីគណៈរដ្ឋមន្ត្រីក្នុងការចំណាយថវិកា និងមិនប៉ះពាល់ដល់ឥទ្ធិពលផ្សេងៗដែរ»។
លោកអ៊ំ សំអាត បានបន្ថែមថា វាជាប្រសិទ្ធិការងាររបស់ស្ថាប័នប្រឆាំងអំពើពុករលួយមែន ប៉ុន្តែវាអាស្រ័យទៅលើឆន្ទៈនៃការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយរបស់មន្ត្រីអនុវត្តន៏ច្បាប់។
«វាជាការល្អក្នុងការផ្តល់អំណាចដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែយើងសុំធ្វើយ៉ាងណាប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌។ បើយើងបានអំណាចប៉ុន្តែដំណើរការមិនតម្លាភាព និងយុត្តិធម៌ អាចប៉ះពាល់ដល់សិទ្ធិសេរីភាពបុគ្គល»។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាថា អង្គភាពប្រឆាំងអំពើពុករលួយខិតខំបង្ការមិនឱ្យមន្ត្រីរបស់ខ្លួនទៅប្រព្រឹត្តពុករលួយ ដែលអាចគ្រោះ ថ្នាក់ធ្ងន់ធ្ងរ ហើយគិតពីគណេយ្យភាព សមត្ថភាព ប្រាក់ខែសមរម្យ វិជ្ជាជីវៈ និងមនសិការបស់មន្ត្រី ប្រឆាំងអំពើពុករលួយ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធិភាព៕