បណ្ដាប្រទេសអាស៊ីនិងអឺរ៉ុបបានព្រមព្រៀងគ្នានៅថ្ងៃនេះពង្រឹងការទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើ និងការជួញដួរផលិតផលព្រៃឈើខុសច្បាប់ទៅកាន់ទ្វីបអឺរ៉ុប។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីប្រទេសចំនួន១៦ មកពីទ្វីបទាំងពីរបានជួបប្រជុំគ្នាអស់រយៈពេលពីរថ្ងៃ ក្នុងទីក្រុងភ្នំពេញ។
បន្ទាប់ពីបើកកិច្ចប្រជុំអស់រយៈពេល២ថ្ងៃក្នុងទីក្រុងភ្នំពេញនៅថ្ងៃពុធនេះ ក្រុមមន្រ្តីមកពី ប្រទេសអាស៊ី និងអឺរ៉ុបចំនួន១៦ប្រទេស បានប្តេជ្ញារួមគ្នាធ្វើការទប់ទល់នឹងឧក្រិដ្ឋកម្មព្រៃឈើ ខណៈពេលដែលសហភាពអឺរ៉ុបគ្រោង នឹងហាមប្រាមការនាំផលិតផលព្រៃឈើដោយខុសច្បាប់ គ្រប់ប្រភេទនៅត្រឹមឆ្នាំ២០១៣។
នៅក្នុងសេចក្តីប្រកាសរួមរវាងបណ្តាប្រទេសអាស៊ី រួមមានប្រទេសកម្ពុជា វៀតណាម ឡាវ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ជប៉ុន ថៃ ភូមា និងប្រទេសមកពីទ្វីបអឺរ៉ុប រួមមានហ្វាំឡង់ ហូឡង់ អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី រួមទាំងសហរដ្ឋអាមេរិកផងដែរ បានសម្រេចថា ប្រទេសអាស៊ី និងអឺរ៉ុបនឹងពង្រឹងភាពជាដៃគូ នៅក្នុងការប្រឈមជាមួយនឹងការធ្វើពាណិជ្ជកម្ម និងការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។
លោក Timo Makela នាយកផ្នែកអភិវឌ្ឍន៍ដោយចីរភាព និងសមាហរណកម្មរបស់គណៈកម្មការអឺរ៉ុប បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិក ក្រោយពីកិច្ចប្រជុំថា ប្រទេសដែលចូលរួមកិច្ចប្រជុំទាំងអស់ បានយល់ស្របគ្នាថា ការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ គឺជាបញ្ហាដែលត្រូវដោះស្រាយ ហើយប្រទេសទាំងអស់យល់ព្រមគ្នាបង្កើតច្បាប់ព្រៃឈើឲ្យបានរឹងមាំ និងគ្រប់គ្រងព្រៃឈើឲ្យបានល្អ។
សូមបញ្ជាក់ថា បើយោងទៅតាមលោក Timo Makela បានឲ្យដឹងថា ២០% នៃផលិតផលព្រៃឈើ ដែលនាំចូលទៅលក់នៅក្នុងទីផ្សារអឺរ៉ុប នៅក្នុងនោះមានផលិតផលព្រៃឈើ ដែលនាំចូលពីបណ្តាប្រទេសអាស៊ីផងដែរ គឺជាផលិតផលខុសច្បាប់ ហើយកិច្ចប្រជុំនៅក្នុងទីក្រុងភ្នំពេញ អស់រយៈពេល២ថ្ងៃនេះ គឺជាផ្នែកមួយសម្រាប់រៀបចំឲ្យមានការហាមប្រាមមិនឲ្យមានការនាំផលិតផលព្រៃឈើ និងឈើដោយខុសច្បាប់ចូលទៅកាន់សហភាពអឺរ៉ុប។
"ពួកយើងមកពីសហភាពអឺរ៉ុប ក៏ដូចជាសហការីរបស់យើងមកពីសហរដ្ឋអាមេរិកដែរ បានព្រមព្រាងគ្នាធ្វើច្បាប់ដើម្បីហាមប្រាមមិនឲ្យមានការនាំផលិតផលព្រៃឈើខុសច្បាប់ចូលទៅក្នុងប្រទេសរបស់យើង។ ហើយការតាក់តែងច្បាប់នេះនឹងធ្វើនៅចុងឆ្នាំនេះ"។
នៅក្នុងអំឡុងកិច្ចប្រជុំនេះ ប្រទេសនីមួយៗបានលើកឡើងអំពីការប្រឈមជាច្រើន នៅក្នុងការកាប់បំផ្លាញព្រៃឈើ និងការធ្វើពាណិជ្ជកម្មព្រៃឈើដោយខុសច្បាប់។
យោងតាមរបាយការណ៍ឆ្នាំ២០០៦របស់ធនាគារពិភពលោកបានឲ្យដឹងថា ការធ្វើពាណិជ្ជកម្មព្រៃឈើខុសច្បាប់នៅក្នុងពិភពលោកធ្វើឲ្យមានការខាតបង់នៅប្រាក់ចំណូលនៅក្នុងរង្វង់១០០០០លានដុល្លារអាមេរិកនៅក្នុង១ឆ្នាំៗ។
លោក Timo Makela មានប្រសាសន៍ថា ច្បាប់ស្តីអំពីបម្រាមការនាំផលិតផលព្រៃឈើខុសច្បាប់ ចូលទៅក្នុងសហភាពអឺរ៉ុប និងចូលជាធរមាននៅឆ្នាំ២០១៣ ហើយចាប់ពីពេលនោះទៅ ប្រទេសណាមួយ ដែលប្រព្រឹត្តល្មើស និងច្បាប់នេះនឹងប្រឈមមុខទៅ និងការប្តឹងផ្តល់តាមផ្លូវតុលាការ។
ប្រទេសកម្ពុជាបានដាក់បម្រាមនាំផលិតផលព្រៃឈើ ចេញទៅក្រៅប្រទេស នៅឆ្នាំ២០០១ ក៏ប៉ុន្តែបទល្មើសព្រៃឈើបាននឹងកំពុងបន្តរីករាលដាលនៅក្នុងប្រទេស។
លោកសួន សុវណ្ណ អនុប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តន៍ច្បាប់នៃរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម មានប្រសាសន៍ថា កម្ពុជានឹងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ តាមគោលការណ៍សម្រេចនៃកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ៕