សមាជិកសភាអាស៊ានបានអនុម័តសេចក្តីសម្រេចចិត្តដ៏សំខាន់មួយនៅថ្ងៃអង្គារនេះ សំដៅទប់ស្កាត់រាល់អំពើរំលោភសិទ្ធិផ្សេងៗលើពលករចំណាកស្រុកនៅក្នុងតំបន់ដែលសមាជិកសភាកម្ពុជាបាននិយាយថាពលករកម្ពុជានឹងទទួលបានផលប្រយោជន៍ពីសេចក្តីសម្រេចចិត្តនេះ។
សេចក្តីសម្រេចចិត្តនេះសំដៅបង្កើនការការពារនិងការលើកកម្ពស់សិទ្ធិរបស់ពលករចំណាកស្រុកឬហៅថាទេសន្តរប្រវេសន៍រួមមានការលើកកម្ពស់ការការពារការងារ ប្រាក់ឈ្នួល លក្ខខណ្ឌការងារ និងលក្ខខណ្ឌរស់នៅសមរម្យ និងត្រឹមត្រូវរបស់ពលករទេសន្តរប្រវេសន៍។
សេចក្តីសម្រេចចិត្តនេះបានកើតមានឡើង បន្ទាប់ពីសមាជិកសភាអាស៊ានមានកង្វល់អំពីការធ្វើទុក្ខទោស ការរំលោភ ការរើសអើង ព្រមទាំងការរំលោភសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍។
លោកស្រីហូ ណូន ប្រធានគណៈកម្មការការងារនៃរដ្ឋសភា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំសភាអាស៊ានរយៈពេលពីរថ្ងៃថាពលករទេសន្តរប្រវេសន៍កម្ពុជាក្នុងប្រទេស ម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង ទទួលបានការគោរពសិទ្ធិមនុស្ស ប្រាក់ខែ លក្ខខណ្ឌការងារ និងលក្ខខណ្ឌរស់នៅសមរម្យ។
«យើងសុំឱ្យគេជួយការពារសិទ្ធិ និងកុំឱ្យធ្វើទោសទណ្ឌ។ បើពលករខ្មែរទៅខុសច្បាប់ យើងសុំគេឱ្យជួបជា មួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសនោះ ដើម្បីយកត្រឡប់មកវិញ កុំឱ្យយកទៅដាក់ក្នុងពន្ធនាគារ កុំយក ទៅធ្វើបាប។ យើងសុំឱ្យមានប្រាក់ខែសមរម្យដែលអាចរស់នៅបានពលកម្មការងារសុំឱ្យគោរពសិទ្ធិមនុស្ស កុំឱ្យធ្វើពលកម្មធ្ងន់ធ្ងរនិងគ្រោះថ្នាក់។ នេះជាចំណុចធំដែលយើងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ទាំងស្របច្បាប់ និងមិនស្របច្បាប់»។
លោក ទេព ងន អនុប្រធានព្រឹទ្ធសភា បានថ្លែងថាសេចក្តីសម្រេចចិត្តនេះក្លាយជាស្ពានក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែនខុសច្បាប់ដែលតែងតែកើតមានតាមរយៈមេខ្យល់ ឬ ក្រុម ជួញដូរខុសច្បាប់ ខណៈដែលមានរបាយការណ៍បង្ហាញពីហានិភ័យ និងគ្រោះថ្នាក់ចំពោះពលករចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេសពុំត្រឹមត្រូវតាមច្បាប់។
តួលេខបានបង្ហាញថាប្រទេសកម្ពុជាបានបញ្ជូនពលករស្របច្បាប់ប្រមាណ៥.៧៧៦នាក់ រួមមាន ស្រី៣.៥៤៣ នាក់ និងប្រុស២.២៣៣នាក់ទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១០។
ពលករទេសន្តរប្រវេសន៍កម្ពុជាតែងតែទទួលរងនូវការរំលោភផ្លូវភេទ ការវាយធ្វើបាបរូបរាងកាយ ការបង្ខិតបង្ខំឱ្យធ្វើការច្រើនម៉ោង និងការបរិភោគមិនគ្រប់គ្រាន់។
អ្នកស្រី ស្រី សុផល មកពីខេត្តស្វាយរៀង បានថ្លែងប្រាប់សន្និសីទកាសែតកាលពីថ្ងៃច័ន្ទថា កូនស្រីរបស់ អ្នកស្រីបានជួបប្រទះនូវរឿងហេតុទាំងនេះក្នុងប្រទេសម៉ាឡេស៊ី។
«កូនខ្ញុំយំស្រែកហៅទូរស័ព្ទមកនាងខ្ញុំផ្ទាល់ថាម៉ែអើយ គេវាយធ្វើបាបខ្ញុំ រកទម្លាក់ពីលើផ្ទះវីឡា។ ខ្ញុំធ្វើការមិនហើយមួយយប់មួយថ្ងៃ ហើយបានដេកតែមួយម៉ោងទេ។ បើខ្ញុំធ្វើការមិនហើយ គេអត់ឱ្យបាយបរិភោគទេ។ ប្តីប្រពន្ធម្ចាស់ផ្ទះបានវាយកូនខ្ញុំហើយគេទង្គិចក្បាលខ្ញុំហើមអស់ហើយ។ ប្រហែលជាកូននាងខ្ញុំទាស់ ហើយ មើលទៅ ពីព្រោះនាងទៅធ្វើការហ្នឹងទើបតែឆ្លងទន្លេបានប្រាំខែ»។
អ្នកស្រី បានបន្ថែមថា កូនស្រីរបស់អ្នកស្រីអាយុ២៨ឆ្នាំ ត្រូវបានបុរសជាម្ចាស់ផ្ទះដែលនាងបានបម្រើការនោះ បានរំលោភនាងពីរដងកាលពីថ្ងៃទី៣០ ខែមិនា។
«ឪពុកថៅកែម្ចាស់ផ្ទះបានចាប់រំលោភកូនរបស់ខ្ញុំ ចំនួនពីរដងកាលពីថ្ងៃទី៣០ ខែមិនានេះ»។
លោក វ៉ាន់ សាក់រ៉ានី អគ្គនាយកក្រុមហ៊ុន Champa Manpower Group ដែលជាភ្នាក់ងារជ្រើសរើសពលករបានជួលស្រីនេះ បានថ្លែងថាលោកកំពុងតែធ្វើការស៊ើបអង្កេតករណីនេះ៕