រដ្ឋជាសមាជិកអាស៊ានបានប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ាននៅក្នុងឆ្នាំ២០១២នេះ ប្រយោជន៍ដើម្បីពង្រឹងការគោរពសិទ្ធិមនុស្សនៅក្នុងតំបន់ ពិសេសគឺចង់ឲ្យពលរដ្ឋអាស៊ានទាំងអស់មានសិទ្ធិដូចៗគ្នា នេះបើតាមការអះអាងរបស់មន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានរបស់គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ានបានឲ្យដឹងថា សេចក្តីព្រាងសេចក្តីថ្លែងការណ៍នោះត្រូវបានអនុម័តរួចហើយនឹងចាប់ផ្តើមពិភាក្សាគ្នាឲ្យចេញជារូបរាងមួយវគ្គម្តងៗនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន នៅខែក្រោយនៅលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បន្ទាប់មកក៏នឹងមានការប្រជុំ៧ដងទៀតដើម្បីធ្វើឲ្យសម្រេចនូវគោលបំណងនេះ។
គណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន កាលពីថ្ងៃទី០៨ និងទី០៩ ខែមករានេះ បានបើកកិច្ចប្រជុំលើកទី១១របស់ខ្លួននៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីពិនិត្យមើលការរីកចម្រើននានាចំពោះការអនុវត្តវិស័យសិទ្ធិមនុស្សនៅក្នុងតំបន់នេះ ហើយវាក៏ជាកិច្ចប្រជុំលើកទីមួយផងដែររបស់ គណៈកម្មការនេះស្តីអំពីសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាន។
លោកទេសរដ្ឋមន្ត្រីឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនបានបញ្ជាក់អំពីកាលបរិច្ឆេទពិតប្រាកដនៃការប្រកាសសេចក្តី ថ្លែងការណ៍នោះទេដោយលោកបានថ្លែងថា៖
«សេចក្តីថ្លែងការណ៍នោះវាជាបញ្ហាមួយសំខាន់តម្រូវឲ្យរដ្ឋាភិបាលប្រទេសមួយៗទទួលស្គាល់ ហើយប្រតិបត្តិតាម។ អាស៊ានប្រកាន់យកគោលការណ៍consensus (ការមូលមតិគ្នា) ការយល់ស្របជាទូទៅ មួយជំទាស់ក៏មិនបានដូច្នេះគោលការណ៍នេះវាលំបាក»។
កាលពីចុងសប្តាហ៍មុន ក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សមួយចំនួនក្នុងប្រទេសកម្ពុជា បានសម្តែងនូវក្តីបារម្ភរបស់ខ្លួនចំពោះ សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ាននេះ ក្រែងថា មិនមានខ្លឹមសារស្របទៅតាមស្តង់ដារអន្តរជាតិ និងមិនមានលក្ខណៈល្អប្រសើរជាងសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សជាសកលរបស់អង្គការសហប្រជាជាតិ។
លោកទេសរដ្ឋមន្ត្រីឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជាបានហៅកង្វល់យ៉ាងដូច្នោះថា ជារឿងមិនសមរម្យ និងខុសឆ្គង។
«រដ្ឋជាសមាជិកអាស៊ានបានអនុម័ត បានចុះហត្ថលេខាជារដ្ឋហត្ថលេខីនៃសេចក្តី ថ្លែងការណ៍សកល ដូច្នេះហើយការថ្លែងការណ៍សិទ្ធិមនុស្សអាស៊ានរបស់យើង គឺជាការបង្ហាញនូវឆន្ទៈ និងការអនុវត្តនូវមាគ៌ាសិទ្ធិមនុស្សជាសកល យ៉ាងជាក់ស្តែង។ ដូចនេះយើងអត់មានតិចជាងមុនឬលើសមុនទេគឺយើង ធ្វើឲ្យជាក់ស្តែងជាងមុន ប្រាកដនិយមជាងមុន។ វាមិនមែនជាការយកសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាន ទៅប្រៀបធៀបជាមួយថ្លែងការណ៍របស់អឺរ៉ុប អាហ្រ្វិក ឬអង្គការសហប្រជាជាតិឯណាគឺជាការធ្វើឲ្យជាក់ស្តែង ដូច្នេះពាក្យថាស្តង់ដារវាអត់មានកន្លែងយកមកនិយាយក្នុងចំណុចហ្នឹងទេ»។
លោកបានថ្លែងថា សេចក្តីថ្លែងការណ៍សិទ្ធិមនុស្សសកលរបស់អង្គការ សហប្រជាជាតិមានតម្លៃសម្រាប់ពិភពលោកទាំងមូល ដូច្នេះសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាននឹងមានតម្លៃជាក់ស្តែងសម្រាប់រដ្ឋជាសមាជិកអាស៊ាន។
លោកឱម យិនទៀងបានឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាន មុននឹងប្រកាសក៏នឹងមានការធ្វើសិក្ខាសាលាពីរដងផងដែរ ដើម្បីពិគ្រោះនិងទទួលយកនូវមតិនានាពីសង្គមស៊ីវិលនិងស្ថាប័នពាក់ព័ន្ធនានា៕