ប្រទេសកម្ពុជាអះអាងថាបេសកកម្មអ្នកសង្កេតការណ៍អាស៊ាននៅតំបន់ជម្លោះមិនទាក់ទិនគ្នានឹងបញ្ហាវិវាទព្រំដែនទេ នៅក្រោយពេលដែលប្រទេសថៃបាន អះអាងថាចំណុចមិនទាន់ព្រមព្រៀងគ្នាគឺទាក់ទិននឹងទំហំនៃការត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍និងទីកន្លែងណាដែលអ្នកសង្កេតការណ៍ត្រូវដាក់ពង្រាយ។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានអះអាងឲ្យដឹងថា៖ ការដាក់អ្នកសង្កេតការណ៍តាមគោលការណ៍ដែលបានព្រមព្រៀងគ្នាក្នុងក្របខណ្ឌអាស៊ានជាបញ្ហាផ្សេងមួយពីបញ្ហារកដំណោះស្រាយរឿងវិវាទព្រំដែនរវាងកម្ពុជានិងថៃ។
«អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមិនមែនគាត់មករឿងរកដំណោះស្រាយរឿងព្រំដែនទេគាត់មកតែរឿងផ្នែកខាងសង្កេតការណ៍រឿងឈប់បាញ់គ្នាជាអចិន្ត្រៃយ៍»។
ក្រោយពីលើកពេលប្រជុំម្តងដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៤ និងថ្ងៃទី២៥ខែមិនា ភាគីថៃនិងកម្ពុជាបានព្រមព្រៀងជាថ្មីថានឹងជួបប្រជុំគណៈកម្មាធិការព្រំដែនទាំងពីររបស់ខ្លួន តាមសំណើនិងការរៀបចំរបស់ឥណ្ឌូនេស៊ី ជាប្រធានប្តូរវេនរបស់អាស៊ានឆ្នាំនេះនៅថ្ងៃទី៧និងថ្ងៃទី៨ខែមេសាក្នុងទីក្រុងបូហ្គ័រប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នាអំពីការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ានជាង៣០នាក់មកកាន់ប្រទេសទាំងពីរ ម្ខាងពាក់កណ្តាល ដើម្បីធានាកិច្ចឈប់បាញ់គ្នាជាស្ថាពរតាមអ្វីដែលក្រុមប្រឹក្សាសន្តិសុខអសបនិងអាស៊ាន ប្រាថ្នាចង់បាន។
ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសថៃ ថានី ថោងភក្ឌីបានប្រាប់ VOA ខ្មែរ កាលពីសប្តាហ៍ថ្មីៗថាចំណុចចុងក្រោយមួយដែលតម្រូវឲ្យមានការជជែកគ្នារវាងប្រទេសទាំងពីរគឺទំហំនៃការត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍និងទីកន្លែងណាដែលអ្នកសង្កេតការណ៍ត្រូវដាក់ពង្រាយ។
ថ្លែងប្រាប់ VOA ខ្មែរកាលពីថ្ងៃអង្គារលោក វ៉ា គឹមហុង បានបញ្ជាក់ថាតាមសំណើ របស់ឥណ្ឌូនេស៊ីដែលត្រូវការព័ត៌មានស្តីពីទីតាំងរបស់អ្នកសង្កេតការណ៍នោះ កម្ពុជាបានស្នើដល់ឥណ្ឌូនេស៊ី នូវទីតាំងចំនួន១៥នៅឯតំបន់ជម្លោះប្រដាប់អាវុធ ក្បែរប្រាសាទព្រះវិហារ សម្រាប់ដាក់អ្នកសង្កេតការណ៍។
«យើងអត់មានលាក់ទេ យើងចង់ឲ្យគេមិនត្រួតពិនិត្យទាំងអស់ កន្លែងណាក៏បាន ដែរ តែថៃទេ ម៉េចក៏មិនឆ្លើយទៅ។ លោកថាទេកម្ពុជាឈ្លានលោក លោកឆ្លើយ មកថាចង់បន្ថែមត្រង់នេះទៀត ខ្វះត្រង់នេះទៀតចង់ដាក់ត្រង់នោះ មានអ្វីចម្លែកកម្ពុជាសុំដាក់១៥ចំណុចហើយកម្ពុជាឲ្យលទ្ធភាពទៀត បើថាឥណ្ឌូនេស៊ី ចង់បន្ថែមទៀតយើងស្វាគមន៍ទៅទៀត អស់ប៉ុណ្ណឹង យើងអត់មានអី ព្រោះយើងជាមនុស្សត្រង់ មនុស្សអត់មានកំហុសយើងតែងតែបើកទ្វារចំហជាដរាប វាអត់ មានអីលាក់លៀមទេបាទ»។
លោក វ៉ា គឹមហុងរិះគន់ភាគីថៃថាមិនបានឆ្លើយតបពីរឿងបែបបទការងារទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅឡើយទេ។ តែ លោកម៉ៃខល ធែនីអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ីបញ្ជាក់ជាថ្មីកាលពីថ្ងៃអង្គារថាភាគីទាំងពីរកម្ពុជា និងថៃ មានការជឿនលឿនទៅមុខ ទាក់ទងនឹងបែបបទការងារ។ កាលពីសប្តាហ៍ថ្មីៗលោក ម៉ៃខលបានបញ្ជាក់ថាមានតែមួយចំណុចប៉ុណ្ណោះដែលភាគីទាំងពីរនៅមិនទាន់ព្រមព្រៀងគ្នា។ តែលោក សង្ឃឹមថាភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងគ្នាពេលគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅថ្ងៃទី៧ថ្ងៃទី៨ ខែមេសា។
ទោះជាយ៉ាងណាក៏ដោយក្រុមមន្ត្រីកម្ពុជាសម្តែងការភ្ញាក់ផ្អើលខ្លះៗនៅពេល បានទទួលព័ត៌មានតាមបណ្តាញសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃដែលបានដកស្រង់សំដីអគ្គមេបញ្ជាការយោធាថៃ ប្រយុទ្ធ ចាន់អូចា មកបញ្ជាក់កាលពីថ្ងៃអង្គារថា យោធាថៃនៃគណៈកម្មាធិការព្រំដែន GBC នឹងមិនទៅប្រជុំនៅប្រទេសទីបីទេ ដោយបញ្ជាក់ ថាថៃចង់ប្រជុំទ្វេភាគីជាមួយកម្ពុជាដែលបរទេសមិនគួរលូកដៃចូលក្នុងកិច្ចការនៃប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសដែលត្រូវចូលរួមប្រជុំជាមួយសមភាគីថៃរបស់លោក ប្រាវីឌ វង្សាវណ្ណ បានអះអាងកាលពីល្ងាចថ្ងៃអង្គារថា លោកពុំទាន់បានទទួលព័ត៌មានផ្លូវការទេ ហើយដំណឹងដែលថៃមិនចូលរួមក្នុងកិច្ចប្រជុំ GBC នោះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការ តែលោកថ្លែងថាជារឿងលឿនពេកក្នុងការធ្វើអត្ថាធិប្បាយ។
«ឥឡូវដំណឹងហ្នឹងដំណឹងវាទើបតែ (កើតឡើង) អម្បាញ់មិញនេះសោះ ដូច្នេះត្រូវតែឲ្យវាជាក់លាក់បន្តិចសិន មុនធ្វើអត្ថាធិប្បាយអ្វីច្រើន»។
លោកទៀ បាញ់ អះអាងថាកម្ពុជានឹងនៅតែត្រៀមទៅកាន់កិច្ចប្រជុំក្រោមការរៀបចំរបស់ឥណ្ឌូនេស៊ីដដែល។
ទាំងលោក វ៉ា គឹមហុងនិង លោក កុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងកាលពីថ្ងៃអង្គារថាកម្ពុជាកំពុងរង់ចាំមើលការជូនដំណឹងជាផ្លូវការពីឥណ្ឌូនេស៊ី ដែលបានជូនដំណឹងថាភាគីទាំងអស់នឹងចូលរួមប្រជុំនៅថ្ងៃទី៧ទី៨ខែមេសា ទោះជាមានដំណឹងតាមរយៈកាសែតបាងកក ប៉ុស្តិ៍ដែលផ្សាយថាក្រុមយោធាថៃមិនចូលរួមកិច្ចប្រជុំក្តី។
«ខាងព័ត៌មានពីភាគីឥណ្ឌូនេស៊ីយើងអត់ទាន់បានទទួលទេ តែក្នុងបាងកកប៉ុស្តិ៍ ល្ងាចនេះខ្ញុំគ្រាន់តែឃើញថា ប្រយុទ្ធ ចាន់អ៊ូចា និងប្រាវីឌ វង្សាវណ្ណ ហ្នឹងគេបញ្ជាក់ថា គេអត់ទៅចូលរួមទេក្នុងកិច្ចប្រជុំ GBC (គណៈកម្មការ ព្រំដែនទូទៅ ហ្នឹង)»។
លោក កុយ គួង បានបន្ថែមថា លោកមិនទាន់មានព័ត៌មានពីខាងគណៈកម្មការព្រំដែនការបរទេសរបស់ថៃ JBC និងមានជំហរយ៉ាងណាទេ។ ក្រុមមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលថៃពុំអាចទាក់ទងបានទេកាលពីថ្ងៃអង្គារ។ តែលោកម៉ៃខល ធែនេ អ្នកនាំពាក្យក្រសួងការបរទេស ឥណ្ឌូនេស៊ីបាន អះអាងថា លោក ពុំទាន់បានទទួលព័ត៌មានជាផ្លូវការណាមួយពី ភាគីថៃដែរអំពីការមិនចូលរួមប្រជុំនោះ ដូច្នេះលោកពុំអាចផ្តល់អត្ថាធិប្បាយអ្វីបានទេ។
«តាមអ្វីដែលខ្ញុំដឹងវិញគឺថាមកទល់ពេលនេះ មិនមានទំនាក់ទំនងពីរដ្ឋាភិបាលពាក់ព័ន្ធអំពីរឿងនេះទេ»។
ទោះជាយ៉ាងណាក៏ដោយ គេបានដឹងថារដ្ឋាភិបាលរបស់លោក អាប់ភីស៊ីត វីចាជីវ៉ា ទទួលរងនូវការស្តីបន្ទោសពីសមាជិកសភាថៃយ៉ាងធ្ងន់ធ្ងរអំពីអសមត្ថភាពក្នុងការដោះស្រាយបញ្ហាព្រំដែនបញ្ហាប្រាសាទព្រះវិហារជាមួយកម្ពុជា ហើយនិងបំផុសគំនិតជាតិនិយមជ្រុល ក្រៅពីបង្កឲ្យមានអរិភាពរវាងថៃនិងកម្ពុជា។ តែនៅក្នុងសម្រង់ព័ត៌មានលើគេហទំព័ររបស់រដ្ឋាភិបាលថៃ លោក នាយករដ្ឋមន្ត្រី អាប់ភីស៊ីត បានទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាលមុន។
កងទ័ពនៃប្រទេសកម្ពុជានិងថៃធ្លាប់វាយប្រយុទ្ធ៤ថ្ងៃជាប់គ្នាកាលពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែកុម្ភៈនៅក្បែរតំបន់ប្រាសាទ ព្រះវិហារ ដោយសារការចោទប្រកាន់គ្នាទៅវិញទៅមកអំពីរឿងរំលោភបំពានបូរណភាពទឹកដី។ កងទ័ពទាំងពីរប្រទេស កំពុងបន្តភាពតានតឹងនៅឡើយ ដែលតម្រូវឲ្យមានវត្តមានក្រុមអ្នកសង្កេតការណ៍ ដើម្បីជាការធានាដល់សន្តិភាពហើយបើកផ្លូវឲ្យថៃនិងកម្ពុជាបន្តចរចាដោះស្រាយរឿងវិវាទព្រំដែន៕