កាលពីដើមខែសីហាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចកាត់ដីចំនួនជាង១២ហិកតាចេញពីគម្រោងអភិវឌ្ឃន៍នៅតំបន់បឹងកក់ ដើម្បីប្រគល់ឲ្យប្រជាពលរដ្ឋអភិវឌ្ឃសាងសង់លំនៅដ្ឋានដោយខ្លួនឯង បន្ទាប់ពីធនាគារពិភពលោកបង្កកជំនួយដល់កម្ពុជាដោយសារតែរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់។
បន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សាលាក្រុងភ្នំពេញបានប្រញាប់ប្រញាល់ធ្វើពិធីទទួលស្វាគមន៍ប្រជាពលរដ្ឋនៅតំបន់បឹងកក់។ លោកកែប ជុតិមាអភិបាលក្រុងភ្នំពេញនៅពេលនោះបានប្រកាសថា អាជ្ញាធរក្រុងជាអ្នកទទួលបន្ទុកធ្វើប្លង់កាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋហើយរដ្ឋជាអ្នកទទួលបន្ទុកបង់ពន្ឋប្រថាប់ត្រាជូន។
ការសម្រេចរបស់រដ្ឋាភិបាលក្នុងការកាត់ដីចំនួន១២,៤៤ហិកតានោះ គឺសម្រាប់ប្រជាពលរដ្ឋចំនួនជិត៨០០គ្រួសារដែលនៅសេសសល់ពីការបណ្តេញចេញយ៉ាងបំពានពីអាជ្ញាធរក្រុង។ ក៏ប៉ុន្តែក្នុងចំណោមប្រជាពលរដ្ឋទាំងនោះមានចំនួន៦៤គ្រួសារទៀតនៅក្នុងភូមិ១ ភូមិ៦ ភូមិ២២និង ភូមិ២៤បានអះអាងថា អាជ្ញាធរបានកាត់ចេញ មិនបានធ្វើប្លង់កម្មសិទ្ឋដល់ពួកគេទេ។
លោក កែប ជុតិមាអភិបាលរាជធានីភ្នំពេញមិនបានធ្វើអត្ថាធិប្បាយទេនៅថ្ងៃពុធនេះ នៅពេលដែលសម្ភាសលោកតាមទូរស័ព្ទ។ ចំណែកឯលោកកើត ឆែ នាយករងរដ្ឋបាលសាលាក្រុងភ្នំពេញបាននិយាយថា លោកកំពុងជាប់រវល់ប្រជុំនៅឯក្រៅប្រទេស។
អ្នកស្រី លី ចាន់ណារី អាយុ៣៦ឆ្នាំតំណាងប្រជាពលរដ្ឋនៅភូមិ១បាននិយាយថា មានប្រជាពលរដ្ឋចំនួន១៨គ្រួសារដែលមានដីទំហំ២,៥ហិកតា ដែលសាលាក្រុងភ្នំពេញបានកាត់ចេញ និងមិនបានធ្វើប្លង់ឲ្យពួកគេ។ អ្នកស្រីបានបញ្ជាក់ថា ក្រុមគាត់បានដាក់សំណើសុំចេញលិខិតកាន់កាប់ដីធ្លីតាំងពីថ្ងៃទី២៣ ខែសីហា ក៏ប៉ុន្តែសាលាក្រុងភ្នំពេញមិនបានឆ្លើយតបទេ។
«នាងខ្ញុំសប្បាយរីករាយណាស់នៅពេលដែលបានទៅទទួលអនុក្រិត្យហ្នឹង ឮថាសម្តេចផ្តល់ប្រទានកម្មសិទ្ធ១២,៤៤ហិកតាហ្នឹង។ ដល់មកដល់ដំណាក់កាលនេះ ពួកនាងខ្ញុំនៅតែមិនទាន់បានទទួលប្លង់កាន់កាប់កម្មសិទ្ឋិទៀត។ ដូច្នេះពួកនាងខ្ញុំនៅតែពិបាកដដែលហ្នឹង»។
លោក ហេង សុវណ្ណប្រជាពលរដ្ឋនៅភូមិ៦បាននិយាយថា ភូមិរបស់លោកអាជ្ញាធរបានមកចុះវាស់វែង និងបានចេញប័ណ្ណសម្រាប់មកទទួលប្លង់កាន់កាប់ដីធ្លីហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរមិនបានចេញប្លង់កាន់កាប់ដីធ្លីដល់ពួគេទេ។
«ចង់សំណូមពរដល់ស្ថាប័នរដ្ឋាភិបាលទាំងអស់ឲ្យជួយមើលចំណាត់ការរបស់សាលាក្រុងផងព្រោះប្រជាជនមិនសុខចិត្តទេ។ សម្តេចបានសម្បទានឲ្យប្រជាជនឲ្យ៧៩៤គ្រួសារដីទំហំ៩,៥គឺត្រូវតែបាន។ ក៏ប៉ុន្តែចំណាត់ការរបស់សាលាក្រុងមិនមានភាពប្រក្រតី»។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលតាមឃ្លាំមើលបញ្ហាទំនាស់ដីធ្លីមិនបានធ្វើការសិក្សាឲ្យបានស៊ីជម្រៅទៅលើការបែងចែកដីរបស់សាលាក្រុងក្រោយពីរដ្ឋាភិបាលបានកាត់ដីចេញពីគម្រោងអភិវឌ្ឃន៍ទេ ក៏ប៉ុន្តែបានអះអាងថា ខ្លួនបានតាមឃ្លាំមើលពីខាងក្រៅតែប៉ុណ្ណោះ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ឋិលំនៅដ្ឋានបាននិយាយថាក្រុមលោកគ្រាន់តែតាមឃ្លាំមើលតែប៉ុណ្ណោះ។ ក៏ប៉ុន្តែក្រុមលោកនឹងបើកទូលាយក្នុងការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋប្រសិនបើមានបញ្ហា។
«យើងសង្គមស៊ីវិលមានការលំបាកដែរ ដែលយើងចូលទៅក្នុងរឿងហ្នឹងវាអាចមានការចោទប្រកាន់ពីអាជ្ញាធរ។ អញ្ចឹងយើងមានការលំបាកដែរនៅក្នុងរឿងហ្នឹង។ ដូច្នេះខ្ញុំគិតថា ការពង្រឹងសមត្ថភាពខ្លូនឯងដើម្បីធ្វើការស៊ើបអង្កេតក្នុងរឿងហ្នឹង»។
លោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្កការលីកាដូបានមានប្រសាសន៍ថា លោកបានទទួលដំណឹងថា មានប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរកាត់ដីចេញមិនផ្តល់ប្លង់កម្មសិទ្ឋិដីធ្លីឲ្យទេ។លោកបានបញ្ជាក់ថា អង្កការលីការដូនឹងធ្វើការស៊ើបអង្កេតឡើងវិញជុំវិញការចោទប្រកាន់នេះ។
«សំណូមពរធ្វើយ៉ាងណាសូមឲ្យអាជ្ញាធរធ្វើការប្រកបដោយតម្លាភាពហើយសុំឲ្យប្រជាពលរដ្ឋដែលរស់នៅទទួលស្គាល់ដោយអាជ្ញាធរហើយគាត់រស់នៅតំបន់បឹងកក់ហ្នឹងគាត់ទទួលបាននៅដីធ្លីនេះដូចៗគ្នា»។
លោកចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ឋិមនុស្សអាដហុកបាននិយាយថា សមាគមរបស់លោកទើបតែទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋនៅតំបន់បឹងកក់ប្រមាណប្រាំគ្រួសារតែប៉ុណ្ណោះដែលបានអះអាងថា ពួកគេត្រូវបានអាជ្ញាធរមិនចេញប្លង់កម្មសិទ្ឋិដីធ្លីឲ្យ។ លោកមានប្រសាន៏ទៀតថា ការផ្តល់ដីសម្បទានសង្គមកិច្ចជាការលំបាកមួយប្រសិនបើរដ្ឋាភិបាលមិនបានតាមដាន ហើយមន្ត្រីអនុវត្តន៍ច្បាប់មិនសម្តែងការស្មោះត្រង់នឹងអាចធ្វើឲ្យស្ថានភាពនេះកាន់តែលំបាក៕