- ដោយ Reuters
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីជំរុញឲ្យបេសកជនពិសេសអាស៊ានជួបជាមួយភាគីពាក់ព័ន្ធនានា ក្នុងទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែមីនា
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានជំរុញឲ្យលោក ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាបេសកជនពិសេសអាស៊ានប្រចាំមីយ៉ាន់ម៉ា ជួបជាមួយនឹងតំណាងនៃរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា(NUG) និងភាគីពាក់ព័ន្ធផ្សេងៗទៀតដែលប្រឆាំងនឹងរបបយោធាដឹកនាំដោយលោក Min Aung Hlaing នៅក្នុងដំណើរទស្សនកិច្ចគ្រោងទុករបស់លោក ទៅកាន់មីយ៉ាន់ម៉ា នាពេលខាងមុខ។
នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក Saifuddin Abdullah បានបង្ហាញការគាំទ្ររបស់លោកលើតួនាទីរបស់លោក ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសអាស៊ានប្រចាំមីយ៉ាន់ម៉ា ហើយបានស្វាគមន៍សេចក្តីប្រកាសរបស់លោក ប្រាក់ សុខុន ស្តីពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅខែមីនាខាងមុខនេះ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះ ក៏បានលើកទឹកចិត្តឲ្យលោក ប្រាក់ សុខុន និងគណៈប្រតិភូរបស់លោក ជួបជាមួយភាគីពាក់ព័ន្ធជាច្រើនទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕