ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តាំង​ពិព័រណ៍​សិល្បៈ​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​លក់​ដូរ​និង​ការ​ប្រើ​ប្រាស់​ឱសថ​ក្លែងក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា


មជ្ឈមណ្ឌល Meta House នៅ​ទីក្រុង​​ភ្នំពេញ​​នៃ​ប្រទេស​កម្ពុជា​។
មជ្ឈមណ្ឌល Meta House នៅ​ទីក្រុង​​ភ្នំពេញ​​នៃ​ប្រទេស​កម្ពុជា​។

នៅ​ថ្ងៃ​សុក្រ​នេះ​ចាប់​តាំង​ពី​ម៉ោង​៦​ល្ងាច​ទៅ​ នៅ​មជ្ឈមណ្ឌល Meta​ House នឹងមាន​ការ​តាំង​ពិព័រណ៍​គំនូរ​របស់​វិចិត្រករ​ខ្មែរ​ រូប​ថត​របស់​អ្នក​ឯកទេស​ខាង​ថត​រូប​ និង​អ្នក​រចនា​ក្រាហ្វិក​ ព្រម​ទាំង​ជាង​ចម្លាក់​ខ្មែរ​ជា​ច្រើន​រួម​គ្នា​ ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លក់​ដូរ​និង​ ការ​ប្រើ​ប្រាស់​ឱសថ​ក្លែង​ក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រូប​ផ្ទាំង​គំនូរ​និមួយៗ​សុទ្ធ​តែ​បញ្ជាក់​អំពី​គ្រោះ​ថ្នាក់​ ដែល​បណ្តាល​មកពីការ​ប្រើ​ប្រាស់​ឱសថ​ក្លែង​ក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ គំរោង​ពិព័រណ៍​នេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ USP​ PQM​ USAID និង​អង្គការសប្បុរសធម៌​នៅ​ប្រទេស​អង់គ្លេស​ដែល​មាន​ឈ្មោះ​ថា Cathy Wills,​ The​ Cecil​ and ​Hilda​ Lewis​ Charitable​ Trust។ ​ លោក​ ពេជ្រ​ សុភាព​ វិចិត្រករ​ខាង​ចម្លាក់​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ ការ​តាំង​ពិព័រណ៍​នេះ​ ក៏​ដើម្បី​ជា​ការ​សម្ពោធ​កន្លែង​ថ្មី​របស់ Meta House ដែល​ជា​មជ្ឈមណ្ឌល​មួយ​សំរាប់​ដាក់​បញ្ចូល​កម្មវិធី​ជា​ច្រើន​ មាន​ជា​អាទិ​សាល​ដ៏​ធំ​សំរាប់​ការ​តាំង​ពិព័រណ៍​សិល្បៈ​ សាលា​ភាសា​អាល្លីម៉ង់​ សាលា​ភាពយន្ត Meta ការ​បញ្ចាំង​ភាពយន្ត​ឯកសារ​ និង​មាន​ភោជនីយដ្ឋាន​ អាតកាហ្វេ (Art Café) ផង​ដែរ។

“សិល្បករ​ដែល​ចូល​រួម​មាន​ទាំង​អស់​ជាង​១០នាក់​ មាន​ខ្ញុំ​ជា​អ្នក​ចម្លាក់​ និង​អ្នក​ផ្សេងៗ​ទៀត​ជា​អ្នក​គូរ​រូប។​ កិច្ចការ​ជា​ច្រើន​ពោរ​ពេញ​ទៅ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ មាន​កម្រិត​ខ្ពស់​ ព្រោះ​សិល្បករ​ក្រោយ​ពីបាន​ទទួល​ប្រធាន​បទ​អំពី​ការ​ប្រើ​ប្រាស់​ឱសថ​ក្លែង​ ក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​មក​ ម្នាក់ៗ​ខំ​ប្រឹង​ប្រែង​បញ្ចេញ​ស្នាដៃ​រៀង​ខ្លួន ​ដើម្បី​បង្ហាញ​អំពី​ការចាប់​អារម្មណ៍​ និង​ការ​ខ្វល់ខ្វាយ​អំពី​បញ្ហា​នេះ” ។

ក្រុម​សិល្បករ​បាន​រួម​គ្នា​ធ្វើការ​ផ្សព្វ​ផ្សាយ​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ការ​លក់​ដូរនិង​ការ​ប្រើ​ប្រាស់​ឱសថ​ក្លែងក្លាយ​ និង​បង្កើន​ការ​យល់​ដឹង​ទូលំ​ទូលាយ​តាម​រយៈ​ស្នាដៃ​សិល្បៈ​ដែល​បង្កប់​នូវអត្ថន័យ​អប់រំ​របស់​ពួក​គេ។

“ចំពោះ​ខ្ញុំ​និង​សិល្បករ​ដទៃ​ទៀត​បាន​ដឹង​ថា​នៅ​ស្រុក​ខ្មែរ​យើង​នេះ មាន​បញ្ហា​ថ្នាំ​ក្លែង​ក្លាយ​ច្រើន​ ហើយ​ដឹង​ថា​មាន​ប៉ះ​ពាល់​ដល់​សុខភាព​ពលរដ្ឋ។​ បញ្ហា​នេះ​ជា​ការ​ខ្វល់​ខ្វាយ​របស់​យើង​ទាំង​អស់​គ្នា​ ហើយ​ក៏​មាន​ទាក់​ទង​ដល់​កិច្ចការ​របស់​សិល្បករ​ផង​ដែរ​ ព្រោះ​សិល្បៈ​អាច​ជា​សារ​មួយ​ ប្រាប់​សង្គម​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​គ្រោះ​ថ្នាក់” ។

អង្គការ​សុខភាព​ពិភព​លោក​ក៏​កំពុង​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ទៅ​លើ​ការ​ប៉ះពាល់ដល់​សុខភាព​មនុស្ស​ ដោយ​សារ​ឱសថ​ក្លែងក្លាយ​ផងដែរ​ និង​ដាស់​តឿន​ក្រុម​អ្នក​ប្រើ​ប្រាស់​ឱសថ​ឲ្យ​ប្រយ័ត្ន​ប្រយែង​ពេល​ទិញថ្នាំ​យក​ទៅ​ប្រើ​ ព្រោះ​មាន​ថ្នាំ​ជា​ច្រើន​ដែល​មិន​ស្រប​ច្បាប់។

ពិព័រណ៍​នេះ​ នឹង​មាន​ចូល​រួម​ដោយ​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​ពី​សហរដ្ឋ​អាមេរិក​ លោក Mark Hammond ដែល​ជា​ប្រធាន​និង​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​គំរោង​តាំង​ពិព័រណ៍ PHARMACIDE។​ លោក Mark Hammond នឹង​បញ្ចាំងភាពយន្ត​ឯកសារ​និង​រូបភាព​ខ្លីៗ​របស់​លោក​ ដែល​ទាក់​ទង​នឹង​គម្រោង​ពិព័រណ៍​នេះ​ផង​ដែរ៕

XS
SM
MD
LG