ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​កម្ពុជា​ប្រាំបី​នាក់​ត្រូវ​បាន​សង្រ្គោះ​​ពី​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​នៅ​ឥណ្ឌា


ភ្នំពេញ៖ ពលករ​ខ្មែរ​ចំនួន​ប្រាំបី​នាក់ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ការ​ជួញដូរ​កម្លាំង​ពលកម្មខុសច្បាប់ ហើយ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​ប្រទេស​ឥណ្ឌា​មក​ដល់​ទី​ក្រុងភ្នំពេញ​វិញកាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ ក្រោម​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​ឥណ្ឌា និង​រដ្ឋាភិបាល​កម្ពុជាក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ឆ្លងដែន។

ប្រជា​ពលរដ្ឋ​ទាំងនេះ មក​ពី​ឃុំ​អូសាឡៅ ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ ពួក​គេ​ត្រូវ​បាន​មេ​ខ្យល់​នៅ​តំបន់​ដែល​ពួក​គេ​រស់​នៅ​និយាយ​បញ្ចុះ​បញ្ចូល ឲ្យ​ពួកគេ​ទៅ​ធ្វើ​ជា​កម្មករ​នេសាទនៅ​ប្រទេស​ថៃ ដោយ​សន្យា​ថា ពួកគេ​នឹង​ទទួល​បាន​ប្រាក់ខែ​ចំនួន​៩.០០០បាត ក្នុង​មួយខែ ឬ​ស្មើ​នឹងជាង​១០០ ដុល្លា​រ អាមេរិក ដែល​ជា​ចំនួន​លុយដែល​ពួកគេ​ពិបាក​នឹង​រក​បាន​ក្នុង​មួយ​ខែៗ​នៅ​ប្រទេសកម្ពុជា។ ក៏​ប៉ុន្ដែ ​ទីបំផុតពួកគេ​ត្រូវ​បាន​ទូក​នេសាទ​ថៃ​ដែល​ពួកគេ​បម្រើ​ការងារ​ដោយ​ខុស​ច្បាប់ ​និង​ដោយ​ពុំ​បាន​បើក​ប្រាក់​ខែ​នោះ បាន​នាំ​ពួកគេ​រហូត​ទៅ​ដល់សមុទ្រ​ឥណ្ឌា​ដែល​នៅ​ទីនោះ ពួកគេ​បាន​លោត​ទឹកដើម្បី​ស្វែងរក​ការ​ជួយ​សង្រ្គោះ។

លោក ​ណុប ចិត្រ អាយុ​៣៥​ឆ្នាំ មាន​មាឌ​ស្គម​ស្ដើង​គឺ​ជា​អតីត​កម្មករ​នេសាទ​ម្នាក់​នៅ​ក្នុង​ចំណោម​កម្មករ​ ខែ្មរ​ទាំង​ប្រាំបី​នាក់​នេះ។ លោក​ពោល​ដោយ​ក្ដី​ត្រេកអរ​ នៅ​ពេល​ដែល​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ឯ​ព្រលាន​យន្ដហោះ​អន្ដរជាតិក្រុងភ្នំពេញ​ថា ពួកខ្លួន​បាន​ចាញ់​បោកមេខ្យល់ ​ដែល​មេខ្យល់​នោះ​បាន​សន្យា​ថា ​ការងារ​របស់​ពួកគេ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ ហើយអាច​ឡើង​គោក​វិញ​ជា​រៀង​រាល់​ថ្ងៃ។ លោក​បាន​ថ្លែង​ដូច្នេះ​ថា៖

«គេ​ថា ថ្លៃមួយ​ខែ​៩០០០ ​វា​ស្មើ​នឹង៩០ ​ម៉ឺន​រៀល។ ទៅ​តាម​ទូក​វិល​ល្ងាច។ គេ​ថា​មើល ខ្ញុំ​ទៅ​តែ​ប៉ុន្មាន​ឆ្នាំ​ ខ្ញុំ​អាច​ទិញ​ឡាន​បាន។ ចាញ់​បោក​គេ។ គេ​ថា​ទៅ​រក​ក្ដាម​ខ្យង ដល់​ពេល​ទៅ​ដល់​ពេល​មួយ​ខែ​មិន​ឃើញ​រក ចេះ​តែ​ទៅ​រហូត​ដល់​ប្រទេស​ឥណ្ឌា។ គេ​អត់ព្រមចូល​ច្រាំង​ទេ ហើយ​ពួកខ្ញុំ​ចេះ​តែ​អង្វរ​ថា ចូល​ច្រាំង​សិន​ទៅ​ដល់​ពេល​ចូល​ច្រាំង​ ពួក​ខ្ញុំ​ហក់​ចុះ​ទឹក»។

ប្រជា​ពលករ​ខ្មែរ​ទាំង​ប្រាំបី​នាក់​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាឡៃ ទៅ​ធ្វើជា​កម្មករ​នេសាទ​នៅ​ប្រទេស​ថៃ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩។ នៅ​ក្នុង​ទូក​នេសាទ​នោះ មាន​កម្មករ​សរុប​ជាង​៣០​នាក់ ដែល​ក្នុង​នោះ​មាន​តែ​កម្មករ​ខ្មែរ​ប្រាំបី​នាក់​គត់។ បន្ទាប់​ពី​បាន​លោត​ចុះ​ទឹក​ទៅ​ស្វែង​រក​ការ​ជួយ​សង្រ្គោះ​ កម្មករនេសាទ​ខុសច្បាប់​ខ្មែរ​ទាំងនេះ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ឥណ្ឌា ហើយ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៦​ខែ​ក្នុង​ពន្ធនាគារ និង​បន្ទាប់​មក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុងផ្ទះ​ក្រោម​ការ​ត្រួត​ពិនិត្យ​អសរយៈ​ពេល​៣​ខែទៀត។

លោក ​គឹម សុវណ្ណា អនុ​ប្រធាន​នាយកដ្ឋាន​ច្បាប់ ​និង​កុងស៊ុល​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​បាន​ទៅ​ទទួល​កម្មករ​នេសាទខ្មែរ​ទាំង​ប្រាំបី​នាក់ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ថា កម្មករ​ទាំង​នេះ​ ត្រូវ​បាន​នាំមក​កាន់​មាតុប្រទេស បន្ទាប់​ពី​ពួក​គាត់​ បាន​ជូន​ដំណឹង​ទៅ​ដល់​គ្រួសាររបស់​ពួក​គាត់​ជាមុន។ លោក​បន្ត​ថា៖

«​ជា​សំណាងល្អដែល​ជនរង​គ្រោះយើងទាំងប្រាំបីនាក់មានលេខ​ ទូរសព្ទ័​ទាក់ទង​មកអ្នក​ផ្ទះ។ អ្នក​ផ្ទះក៏​បានទំនាក់​ទំនងតាម​ប្រពន្ធ័​ផ្សព្វ​ផ្សាយដូចជា​អង្គការ។ ពេល​ហ្នឹងយើង​ផ្ដល់​ដំណឹងទៅស្ថានទូត​ យើងទាក់ទងទៅអជ្ញាធរឥណ្ឌាដោយ​ផ្ទាល់ដើម្បីដោះស្រាយបញ្ហា​ហ្នឹង»។

លោក ​វរសេនីឯក​សាយ វ៉េងឈាង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​ អនិតិជន​នៃ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា ក្រុម​សមត្ថកិច្ច​កំពុង​តាម​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​នៃ​ការ​ជួញ​ដូរ​ប្រជាជន​នៃ​ខេត្ត​បន្ទាយ​មានជ័យ​ទាំង​ប្រាំបី​នាក់នេះ។

«យើងអាចក្ដាប់​បានព័ត៌មាន​មួយ​ចំនួន​ហើយ​ ​ហើយ​យើង​នឹង​សួរគាត់​បន្ថែម​ដើម្បីឈាន​ទៅស្រាវ​ជ្រាវតែម្ដង»។

យោងតាមច្បាប់​ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវ​ភេទ​របស់​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​ដាក់​ឲ្យអនុវត្ត កាល​ពី​ឆ្នាំ​២០០៨​ បាន​ចែង​ថា​ ជន​ល្មើស​ពី​បទ​ការ​ជួញដូរ​ខុសច្បាប់​នេះនឹង​ត្រូវ​ផ្ដន្ទាទោស​ពី​៧​ទៅ​១៥​ ឆ្នាំ។

លោក​ប្រ៊ុយណូ ម៉ាល់ទីនី (Bruno Maltini) អ្នក​សម្រប​សម្រួល​កម្មវិធី​របស់​អង្គការ​អន្ដរជាតិ​ ដើម្បី​ទេសន្ដរប្រវេសហៅកាត់​ថា IOM ប្រចាំ​ទីក្រុង​ភ្នំពេញ ដែល​បាន​ជួយ​ដឹក​ជញ្ជូន​កម្មករ​ខុស​ច្បាប់​ខែ្មរ​ទាំងនេះពី​ឥណ្ឌា​វិញ មានប្រសាសន៍​ថា ពួកគេ​នឹង​ត្រូវ​ធ្វើ​សមារណកម្ម​ចូល​ក្នុង​សង្គម​របស់​ពួកគេ​វិញ​តាមរយៈ​ គម្រោង​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​អាមេរិក​ ក៏ប៉ុន្ដែ​ដោយ​ឆ្លង​តាម​ការ​សិក្សាដោយ​ផ្ទាល់​របស់​ក្រសួង​សង្គមកិច្ច ​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​ជាក់​ស្ដែង​របស់​ពួកគេ។ លោក​ប្រ៊ុយណូ មាន​ប្រសាសន៍​ថា គម្រោង​ជំនួយ​ទាំងនោះ​ មាន​ជាអាទិ៍​ការផ្ដល់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ ការ​ទិញ​ទូក​សម្រាប់​នេសាទ​របស់​ពួកគេ​ជាដើម។

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​ជួញ​ដូរ​មនុស្សសម្រាប់ពេស្យាកម្ម​ផង​ និង​សម្រាប់​បម្រើ​ការងារ​ពលកម្ម​ក្នុង​ទីផ្សារ​ងងឹត​ផង។ កាល​ពី​ឆ្នាំ​កន្លង​ទៅ របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហាញ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្សនៅកម្ពុជា​ មាន​ភាព​ល្អ​ប្រសើរ។ ទោះ​ជា​យ៉ាងណា​ ភាព​ក្រីក្រ​នៅ​តែ​រុញ​ទម្លាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ទីជនបទ​ឲ្យ​ចូលក្នុង​រណ្ដៅ​នៃ​បណ្ដាញ​ជួញ​ដូរ​មនុស្ស​ និង​កម្លាំង​ពលកម្ម​នៅឡើយ។

លោក​វរសេនីឯក​សាយ វ៉េងឈាង​មានប្រសាសន៍​ថា បន្ថែម​លើ​ជីវភាព​ក្រីក្រ កង្វះ​ការ​អប់រំ​ ក៏​បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ងាយ​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​នេះ​ដែរ។ លោកសាយ វ៉េងឈាង បញ្ជាក់​ថា ​ការ​ជួញ​ដូរ​មនុស្ស​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​មួយចំនួនដូចជា ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េ​ខាងត្បូង និង​ឥណ្ឌា ហើយក្រុម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កំពុង​ស្រាវ​ជ្រាវ​បញ្ហា​នេះ​ជាបន្ដបន្ទាប់៕

XS
SM
MD
LG