ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​មិន​ផ្តល់​កម្មសិទ្ធិ​ដី​ដល់​ប្រជាពលរដ្ឋ​បឹងកក់​៥៤​គ្រួសារ


បុរស​ម្នាក់​ឈរ​នៅ​​​សំណល់​ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​រុះរើ​ចោល​នៅ​ក្បែរ ​បឹងកក់​ក្នុង​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១១។ រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្រោម​សម្ពាធ​ពី​ធនាគារ​ពិភពលោក បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​​ទុក​បម្រុង​ដី​ទំហំ​១
បុរស​ម្នាក់​ឈរ​នៅ​​​សំណល់​ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​រុះរើ​ចោល​នៅ​ក្បែរ ​បឹងកក់​ក្នុង​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១១។ រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្រោម​សម្ពាធ​ពី​ធនាគារ​ពិភពលោក បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​​ទុក​បម្រុង​ដី​ទំហំ​១

ក្រុម​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ដល់​ប្រជាពលរដ្ឋ​បឹងកក់​ចំនួន​៥៤​គ្រួសារ​នៅ​លើ​ដី​ទំហំ​ជាង​១២​ហិកតាខណៈ​ដែល​ដំណើរ​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​កំពុង​ត្រូវ​បាន​បន្ត។

លោក ​កែប ​ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ កាល​ពី​សប្តាហ៍​មុន​បាន​សន្យា​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៧៩៤​គ្រួសារ​ដែល​នៅ​សេសសល់​រស់​នៅ​ក្នុង​សហគមន៍​បឹងកក់​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​សម្រេច​ផ្តល់​ដី​១២,៤៤​ហិកតា​ដល់​អ្នក​ភូមិ​បឹងកក់​នៅ​ថ្ងៃ​ទី​១១​ខែ​សីហា។

អ្នក​ស្រី​ ហេង​ មុំ​ អាយុ​ ៤១​ឆ្នាំ​ នៅ​ភូមិ​២២នៃ​សហគមន៍​បឹងកក់​បាន​និយាយ​ថា អ្នក​ស្រី​បាន​ទៅ​សាលា​សង្កាត់​ស្រះចក​ដើម្បី​ដាក់​ពាក្យ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ ប៉ុន្តែ​ក្រុម​មន្ត្រី​មិន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដល់​អ្នក​ស្រី​ទេ​ ដោយ​បញ្ជាក់​ថា​ ផ្ទះ​របស់​អ្នក​ស្រី​ស្ថិត​នៅ​ក្រៅ​តំបន់​ដី​១២,៤៤​ហិចតា។​ អ្នក​ស្រី​បញ្ជាក់​ថា៖

«ពេល​ដែល​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​ទៅ​សួរ​សង្កាត់ សង្កាត់​ថា​ឲ្យ​ពួក​ខ្ញុំ​ មក​សួរ​ខាង​សុរិយោដី។ ពួក​សុរិយោ​ដីបាន​លើក​ប្លង់​ដី​ ផែន​ទី​ ចេញ​មក​ប្រាប់​ពួក​យើង​ខ្ញុំ​ថា​ ពួក​បង​ដែល​នៅ​ជួរ​មាត់​ទឹក ត្រូវ​បាន​គេ​កាត់​ចេញ​ពី​ដី១២,៤៤​ហិកតា​ ដែល​សម្តេច​ប្រទាន​កម្មសិទ្ធ​ឲ្យ។​ នៅ​ពេល​នោះ​ អារម្មណ៍​របស់​ពួក​ខ្ញុំ​ គឺ​ហាក់​ដូច​ជា​បាត់បង់​អ្វីៗ​ទាំង​អស់​ និង​មាន​អារម្មណ៍​តក់​ស្លុត​មែន​ទែន។​ ខ្ញុំ​យល់​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​ មិន​ថា​ ចំពោះ​ខ្ញុំ​ទេ​គឺ​ប្រជាពលរដ្ឋ​មិន​ទទួល​បាន​ភាព​យុត្តិធម៌»។

អ្នក​ស្រី​ ហេង​ មុំ ​បាន​បន្ថែម​ថា​ ទង្វើ​នេះ​អាច​ជា​ការ​រំលោភ​ទៅ​លើ​អនុក្រឹត្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។​ លោក​បន្ត​ថា៖

«ខ្ញុំ​យល់​ឃើញ​ថា​ អនុក្រឹត្យ​របស់​សម្តេច​មិន​បាន​កាត់​អ្នក​ណា​ម្នាក់​ចេញ​ពី​តំបន់​បឹងកក់​នោះ​ទេ​ ក៏ប៉ុន្តែ​ មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​តូច​ដែល​ចង់​កេងប្រវ័ញ្ច​ ហើយ​ឈ្លានពាន​ត្របាក់​យក​ដី​ប្រជាពលរដ្ឋ។​ ខ្ញុំ​ថា​នេះ​ជា​ភាពអយុត្តិធម៌​ចំពោះ​ខ្ញុំ។ ​ខ្ញុំ​ត្រូវ​តែ​ទាមទារ​ដាច់​ខាត​រក​យុត្តិធម៌​ចំពោះ​ខ្លួន​ខ្ញុំ។​ ពួក​ខ្ញុំ​ទាំង​អស់​គ្នា​ត្រូវ​តែ​ទាមទារ​យក​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ទាល់​តែ​បាន»។

អ្នកស្រី​ ទេព ​វណ្ណី ​តំណាង​សហគមន៍​បឹងកក់​ បាន​បញ្ជាក់​ថា​ មក​ដល់​ល្ងាចថ្ងៃ​នេះ​ មាន​គ្រួសារ​ចំនួន​៥៤​ ត្រូវ​បាន​បដិសេធ​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី។ អ្នក​ដែល​គេ​បដិសេធ​រួម​មាន​ភូមិ​២២​មាន​២៩​គ្រួសារ​ ភូមិ​៦​ មាន​១៥​គ្រួសារ​ និង​ភូមិ​២៤​មាន​១០​គ្រួសារ។​ សហគមន៍​បឹងកក់​មាន​ភូមិ​ចំនួន​ប្រាំពីរ​ និង​មាន​៧៩៤​គ្រួសារ។

អ្នកស្រី​ វង្ស​ សុខហេង​ រស់នៅ​ភូមិ​៦​នៃ​សហគមន៍​បឹងកក់​បាន​ថ្លែង​ថា​ ការ​មិន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​របស់​អាជ្ញាធរ​នេះ​មិន​សមរម្យ​ទេ​ ហើយ​ថែម​ទាំង​រំលោភ​លើ​អនុក្រឹត្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។អ្នកស្រី​ ទេព ​វណ្ណី ​តំណាង​សហគមន៍​បឹងកក់​បាន​បញ្ជាក់​ថា​ សហគមន៍​បឹងកក់​នឹង​តស៊ូ​មិន​ឲ្យ​មាន​គ្រួសារ​ណា​មួយ​ ត្រូវ​កាត់​ចេញ​ពី​ដី​១២,៤៤​ហិចតា​ ដែលលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖

«មន្ត្រី​ដែល​ពាក់ព័ន្ធ​ថ្នាក់​ក្រោម​ទាំង​អស់​នេះ​ សូម​កុំ​ឲ្យ​មាន​បញ្ហា​ទៅ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែល​សម្តេច​ខំ​មាន​ឆន្ទៈ​ និង​ទឹក​ចិត្ត​ជួយ​ប្រជាពលរដ្ឋ​ហើយ​ សូម​យើង​ទាំង​អស់​គ្នា​សហការ​គ្នា​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិត​ប្រាកដ​ កុំ​ឲ្យ​ផ្ទុយ​នឹង​ឆន្ទៈ​ និង​អនុក្រឹត្យ​របស់​សម្តេច»។

លោក​ស្រី​ អ៊ិន​ សាភ័ណ្ឌ​ ចៅ​សង្កាត់​រង​ស្រះចក​ បាន​ថ្លែង​ថា​ អាជ្ញាធរ​កំពុង​ធ្វើ​ការងារ​រក​ដំណោះស្រាយ​សម្រាប់​គ្រួសារ​ទាំង​នេះ​ដែល​មិន​ត្រូវ​បាន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី៕

XS
SM
MD
LG