ទាហានថៃនិងទាហានកម្ពុជាបានប្រយុទ្ធគ្នានៅក្បែរតំបន់ព្រំដែនមានជម្លោះ ដោយធ្វើឲ្យខូចដល់បទឈប់បាញ់គ្នាមិនផ្លូវការ។
ទាហានថៃនិងទាហានកម្ពុជាបានប្រយុទ្ធមួយរយៈនៅព្រឹកថ្ងៃសុក្រ ដោយភាគីទាំងពីរមានស្លាប់និងរបួសទាំងសងខាង។ មិនមានរបាយការណ៍អំពីជនស៊ីវិលរងរបួសទេ ក្រោយពីកងទ័ពទាំងពីរបានបាញ់គ្នា ដោយប្រើកាំភ្លើងធុនធ្ងន់ និងកាំភ្លើងធំនៅតាមព្រំដែនមានជម្លោះ។
លោក Werachon Sukondhapatipak អ្នកនាំពាក្យកងទ័ពថៃនិយាយថា អ្នកភូមិចំនួន៧.៥០០នាក់ត្រូវជម្លៀសខ្លួនចេញពីតំបន់ព្រំដែនក្នុងប្រទេសថៃ ហើយនឹងមិនវិលទៅផ្ទះវិញទេ លុះត្រាសភាពការណ៍ស្ងប់ស្ងាត់វិញ។ លោកនិយាយថា ការប្រយុទ្ធគ្នា ដែលបានរំខានភាពស្ងប់ស្ងាត់រយៈពេល២ខែនេះ បានស្ងប់ទៅវិញនៅ ពេលព្រឹកប្រហែលម៉ោង៩ ហើយមេបញ្ជាការកងទ័ពទាំងសងខាងបានធ្វើការទាក់ទងគ្នា ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាទៀត។
«ខាងកងទ័ពរាជាណាចក្រថៃ យើងមិនបានបន្ថែមកម្លាំង ឬសម្ភារៈទេ។ យើងឲ្យទាហាន ឬអង្គភាពឈរជើងក្នុងតំបន់នេះមានការប្រុងប្រយ័ត្ន ពីព្រោះយើងមិនដឹងថា អាចនឹងមានរឿងអ្វីទេក្នុងពេលអនាគត»។
ភាគីទាំងពីរបន្ទោសគ្នាទៅវិញទៅមកថា ចាប់ផ្តើមបាញ់មុន។
លោក Werachonមានប្រសាសន៍ថា ទាហានកម្ពុជារំលោភកិច្ចព្រមព្រៀង ដែលឲ្យនៅក្រៅតំបន់មានជម្លោះ ហើយបានបាញ់លើទាហានថៃ ដែលធ្វើការព្រមានដោយពាក្យសម្តី។
ភាគីកម្ពុជានិយាយថា ទាហានថៃបានរុលចូលមកក្នុងទឹកដីកម្ពុជា ហើយបាញ់មុន។
លោកឧត្តមសេនីយ៍ជុំ សុជាតិជាអ្នកនាំពាក្យក្រសួងការពារជាតិខ្មែរ។ លោកនិយាយថា ទាហានថៃបានចូលទឹកដីកម្ពុជា ហើយបានស្ទាក់បាញ់មកលើទាហានខ្មែរនៅប្រាសាទមួយ នៅពេលទាហានខ្មែរកំពុងល្បាត។ លោកនិយាយថា ក្នុងពេលជាមួយគ្នានេះដែរ ទាហានថៃបានបាញ់កាំភ្លើងធំចូលប្រទេសកម្ពុជាជម្រៅជាង២០គ.ម. មកលើមូលដ្ឋានរបស់ទាហានខ្មែរ និងភូមិអ្នកស្រុក។
«ការណ៍ពិតនៃការចាប់ផ្តើមផ្ទុះអាវុធនេះគឺទាហានថៃឆ្លងព្រំដែនចូលមកវាយឆ្មក់យើងពីក្រោយខ្នង នៅប្រាសាទតាក្របី។ នៅពេលកងយោធពលខេមរភូមិន្ទយើងកំពុងយាមល្បាតគឺទាហានថៃឆ្លងចូលមកនៅក្រោយទីតាំងទាហានយើង ហើយវាយឆ្មក់យើងពីក្រោយ ដោយថ្មើរជើង ហើយទន្នឹមនឹងនេះ វាក៏បាញ់កាំភ្លើងធំមកលើទីតាំងរបស់យើងចម្ងាយជាង២០គម និងលើប្រជាជនទៀត»។
ការអះអាងអំពីការបាញ់លើភូមិអ្នកស្រុកនេះមិនមានការបញ្ជាក់ពីប្រភពឯករាជ្យទេ។
សភាពតានតឹងបានឡើងដល់កម្រិតខ្ពស់ ក្រោយការប្រយុទ្ធគ្នាកាលពីខែកុម្ភៈ នៅតំបន់មានជម្លោះក្បែរប្រាសាទព្រះវិហាររបស់ខ្មែរចំណាស់៩០០ឆ្នាំ។
កងទ័ពថៃ និងកងទ័ពកម្ពុជាបានបាញ់តគ្នាដោយប្រើកាំភ្លើងធំ និងកាំភ្លើងយន្ត ហើយមានស្លាប់មនុស្សមួយចំនួន និងបង្ខំឲ្យមនុស្សជាច្រើនភៀសខ្លួនចោលផ្ទះសម្បែងនៅតំបន់ព្រំដែន។
ប្រទេសកម្ពុជាចង់មានការគាំទ្រជាអន្តរជាតិដើម្បីបញ្ចប់ជម្លោះនេះ រីឯប្រទេសថៃនិយាយថា ជម្លោះនេះត្រូវដោះស្រាយដោយទ្វេភាគី។
ប្រទេសឥណ្ឌូនេស៊ីបានសម្រួលឲ្យមានកិច្ចព្រមព្រៀងបញ្ជូនអ្នកសង្កេតការណ៍ទៅតំបន់ព្រំដែនដើម្បីស្តារសន្តិភាពឡើងវិញ ប៉ុន្តែដំណើរការនេះបានជាប់គាំង ដោយមិនមានការព្រមព្រៀងថា តើតំបន់ណាដែលអ្នកសង្កេតការណ៍អាចចូលទៅបាន៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ