ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលការិនី​២.៥០០​នាក់​អាច​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ទោះ​បី​មាន​បម្រាម


ពលការិនី​ជំនួយ​ការ​មេផ្ទះ​ប្រមាណ​២.៥០០​នាក់​ ដែល​ជ្រើស​រើស​មុន​បម្រាម​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ជូន​ចេញ​ទៅ​បម្រើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។
ពលការិនី​ជំនួយ​ការ​មេផ្ទះ​ប្រមាណ​២.៥០០​នាក់​ ដែល​ជ្រើស​រើស​មុន​បម្រាម​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ជូន​ចេញ​ទៅ​បម្រើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​បញ្ជូន​ពលការិនី​ជំនួយការ​មេផ្ទះ​ ដែល​ទទួល​បាន​លិខិត​ឆ្លងដែន ​និង​ទិដ្ឋាកា​ការងារ​ត្រឹមត្រូវ​មុន​បម្រាម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​ទៅ​បម្រើ​ការងារ​នៅ​ម៉ាឡេស៊ី។

លោក ​សេង​ សក្តា ​អគ្គនាយក​នៃ​ក្រសួង​ការងារ​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ចាប់​ពី​ពេល​នេះ​ទៅ​ យើង​អត់​មាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ជ្រើស​រើស​ពលការិនី​ជា​ជំនួយ​ការ​មេផ្ទះ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​បន្ត​ទៀត​ទេ។​ ដោយឡែក ​ពលការិនី​ដែល​បាន​ទទួល​ទិដ្ឋាកា ​និង​បាន​វីសា (Visa) ការងារ​ពី​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​ភ្នំពេញ​រួច​ហើយ។ ​អាហ្នឹង ​យើង​អនុញ្ញាត​ឲ្យ​ពលការិនី​ទាំង​អស់​ហ្នឹង​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ ព្រោះ​ថា​ ពលការិនី​ហ្នឹង​បាន​ ទទួល​ទិដ្ឋាកា ​ការងារ​ពី​ប្រទេស​ម៉ាឡេស៊ី ​និង​មាន​ថៅកែ​រួច​ហើយ។

លោក ​សេង ​សក្តា ​មិន​បាន​លម្អិត​អំពី​ចំនួន​ពលការិនី​ជំនួយ​ការ​មេផ្ទះ ​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​នេះ​ទេ ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​ដល់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទាំង​អស់​ឲ្យ​បញ្ជូន​បញ្ជី​ឈ្មោះ​ពលការិនី​ជំនួយ​ការ​មេផ្ទះ​មក​អគ្គនាយកដ្ឋាន​ការងារ​របស់​លោក។

លោក​ អាន​ ប៊ុនហាក់ ​ប្រធាន​សមាគម​នៃ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ​បាន​ថ្លែង​ថា​ លោក​ស្វាគមន៍​ដល់​ការ​ធ្វើ​សេចក្តី​សម្រេច​នេះ ​ដោយ​បញ្ជាក់​ថា​ ពលការិនី​ជំនួយ​ការ​មេផ្ទះ​ប្រមាណ​២.៥០០​នាក់​ ដែល​ជ្រើស​រើស​មុន​បម្រាម​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ជូន​ចេញ​ទៅ​បម្រើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

«ពលករ​ ដែល​បាន​ជ្រើសរើស​មុន​ថ្ងៃ​ទី​១៥​ មាន​កិច្ចសន្យា ​និង​មាន​ថៅកែ​ហើយ ​អាច​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​។​ ដូច្នេះ ​ទំហំ​នៃ​ការ​ខាត​បង់​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ គឺ​តិច​បំផុត ​និង​សឹង​តែ​គ្មាន​ការ​ខាត​បង់​តែ​ម្តង»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ថ្លែង​នៅ​ក្នុង​សារាចរ​ចុះ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ថា​ រដ្ឋាភិបាល​សូមជូន​ដំណឹង​ដល់​ក្រសួង ​ស្ថាប័ន​ អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ឲ្យ​បាន​ជ្រាប​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ​ ការ​ជ្រើសរើស​បណ្តុះបណ្តាល ​និង​បញ្ជូន​ពលការិនី​ជំនួយ​ការ​មេផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន។

លោក ​ជា ​មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​យន្តការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ​ការ​គោរព​ច្បាប់​ការងារ​ និង​ការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​សមរម្យ ​ដើម្បី​លុប​បំបាត់​ការ​បញ្ជូន​ពលករ​ជា​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ប្រកប​ដោយ​គ្រោះថ្នាក់។

«បើ​សិន​ជា​រដ្ឋាភិបាល​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ការងារ​ឲ្យ​បាន​ល្អ ​កុំ​ថៅកែ​ធ្វើ​បាប​កម្មករ ​កម្មការិនី​ខ្មែរ ​ហើយ​តម្លើង​ប្រាក់​បៀរវត្សរ៍​ដល់​កម្មករ ​កម្មការិនី​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នេះ​ឲ្យ​បាន​សមរម្យ​ ដែល​អាច​រស់​បាន។​ ការ​ធ្វើ​ចំណាក​ស្រុក​នឹង​ធ្លាក់​ចុះ»។

លោក ​អាត់ ​ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ត្រូវ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​សម្រាប់​ជួយ​កាត់​បន្ថយ​ការ​បញ្ជូន​ពលការិនី​ជំនួយ​ការ​មេផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី៕

XS
SM
MD
LG