ភ្នំពេញ៖ នៅពេលដែលសាលាក្ដីខ្មែរក្រហមបានកំពុងរៀបចំការកាត់ទោសសំណុំរឿង០០២នោះ មានដើមបណ្ដឹងរដ្ឋប្បវេណីមួយចំនួនបានស្លាប់ និងដកខ្លួនចេញពីការចូលរួមដំណើរការក្ដីដ៏មានសារៈសំខាន់នេះ។
យ៉ាងហោចណាស់មានអតីតជនរងគ្រោះដោយរបបខ្មែរក្រហមចំនួន២២នាក់ ដែលបានដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ បានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះជិត១០នាក់ផ្សេងទៀត និងបានបោះបង់ចោលការតស៊ូ មុននឹងសវនាការនៃសំណុំរឿងដ៏មានសារៈសំខាន់នេះចាប់ផ្ដើម។ សវនាការនេះគេរំពឹងថា អាចនឹងប្រព្រឹត្តទៅក្នុងអំឡុងត្រីមាសទីមួយដើមឆ្នាំ២០១១។
តួលេខនេះត្រូវអះអាងដោយអង្គការចំនួនពីរដែលបានសម្របសម្រួល និងផ្ដល់មេធាវីការពារដល់ម្ចាស់ដើមបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី សរុបចំនួនជាង២០០០បណ្ដឹង។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក បានបញ្ជាក់ថា មានជនរងគ្រោះដោយរបបខ្មែក្រហមចំនួន១៨នាក់ក្នុងចំណោមអ្នកសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ១៨២៧នាក់ដែលឆ្លងកាត់អង្គការរបស់លោក បានស្លាប់ចាប់តាំងពីឆ្នាំកន្លងទៅ។
លោកឡាត់ គីបន្ថែមថា មានជនរងគ្រោះមួយចំនួនទៀតបានបោះបង់ចោលការតស៊ូ ដើម្បីក្លាយខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ដោយសារភាពចាស់ជរា និងដោយសាររង់ចាំដំណើរកាត់ទោសក្នុងសំណុំរឿង០០២ស៊ីពេលវេលាយូរពេក។
“ទីមួយ គាត់បានលើកឡើងអំពីបញ្ហាការមិនយកចិត្តទុកដាក់ចំពោះរូបគាត់ ធ្វើឲ្យគាត់អត់មានសង្ឃឹមក្នុងការស្វែងរកយុត្តិធម៌ហ្នឹងតទៅទៀតទេ។ គាត់អត់ដែលបានជួបសាលាក្ដី ហើយសាលាក្ដី អត់ដែលបានចុះទៅជួបគាត់។ អត់ដែលបានទទួលព័ត៌មានអ្វីត្រឡប់មកវិញអំពីការវិវត្តន៍សាលាក្ដីទេ។ គាត់ជិនណាយចំពោះការស្វែងរកយុត្តិធម៌ ហើយគាត់មិនឃើញដំណើរការសាលាក្ដីនឹងវាចេញលទ្ធផលយ៉ាងម៉េច ក្រោយមកគាត់បានងាកទៅកាន់សិល្បិ៍ ហើយគាត់មានការជឿទៅលើព្រះពុទ្ធសាសនា ហើយរម្ងាប់ការស្វែងរកយុត្តិធម៌ហ្នឹងឲ្យមានលក្ខណៈស្ងប់ចិត្តស្ងប់អារម្មណ៍ទៅវិញ"។
សូមបញ្ជាក់ថា ការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី គឺជាឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ ដោយសារការឈឺចាប់ដែលពួកខ្លួនទទួលរងនៅក្នុងសម័យខ្មែរក្រហម និងដោយសារចង់តទល់ដោយផ្ទាល់ជាមួយអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហមនៅក្នុងសវនាការ។
រហូតមកទល់ពេលនេះ មានជនរងគ្រោះចំនួនជាង៤០០០នាក់ បានដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទជាអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួន៤នាក់ និងបូករួមទាំងឌុច អតីតប្រធានគុកទួលស្លែងផងដែរ។ ឌុចទើបនឹងត្រូវផ្ដន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូង ឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ ហើយដែលនឹងអាចត្រូវកាត់ទោសក្នុងសំណុំរឿងលេខ០០២ទៀត។ រហូតមកទល់ពេលនេះ សាលាក្ដីខ្មែរក្រហមមិនទាន់បានទទួលស្គាល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួនប៉ុន្មានពិតប្រាកដនៅឡើយទេ។
យោងតាមក្រុមអង្គការសង្គមស៊ីវិល ដែលជួយសម្រួលដល់ការដាក់ពាក្យបណ្ដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា អ្នកដែលសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីមានអាយុចន្លោះពីជាង៥០ឆ្នាំដល់ ៨០ឆ្នាំ។
លោកស្រី ស៊ាល ស្ឌូហ្សេនស្គីជាមេធាវីរបស់កម្មវិធីពិសេសសម្រាប់សេវាកម្មជនស៊ីវិលរបស់ភ្នាក់ងារអភិវឌ្ឈន៍អាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងជនរងគ្រោះចំនួន ៥៣២នាក់ក្នុងការដាក់ពាក្យបណ្ដឹង សុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីសំណុំរឿង០០២។ លោកស្រីមានប្រសាសន៍ថា មានម្ចាស់ដើមបណ្ដឹងចំនួនតិចតួចប៉ុណ្ណោះដែលបានស្លាប់បាត់បង់ជីវិត។
“ខ្ញុំអាចប្រាប់លោកយ៉ាងជាក់លាក់ថា ក្នុងចំណោមដើមបណ្ដឹងចំនួន ៥៣២នាក់ មាន៤នាក់បានស្លាប់កាលពីឆ្នាំមុន បន្ទាប់ពីពួកគេបានដាក់ពាក្យបណ្ដឹងរួច។ ២នាក់ទៀតដែលមិនចង់បន្ដការដំណើរការក្ដី បានដកពាក្យបណ្ដឹងរបស់ខ្លួន និង២នាក់ទៀត ដែលបានប្ដូរទីកន្លែងរស់នៅ បានបាត់ដំណឹងសូន្យ មិនដឹងថា ពួកគេកំពុងរស់នៅទីណាទេ"។
ទោះជាយ៉ាងនេះក្ដី ពុំមានការបញ្ជាក់អំពីមូលហេតុដែលអតីតជនរងគ្រោះដោយរបបខ្មែរក្រហម បានស្លាប់នៅក្នុងពេលដែលពួកគេកំពុងដាក់ពាក្យបណ្ដឹង ដើម្បីចូលរួមចំណែកនៅក្នុងដំណើរការកាត់ក្ដីពួកអតីតមេដឹកនាំខ្មែរក្រហមនោះទេ។ ក៏ប៉ុន្ដែមន្ដ្រីអង្គការសង្គមស៊ីវិលបានលើកឡើងថា ភាពចាស់ជរានិងកង្វះសេវាកម្មធានាសុខភាពអាចជាមូលហេតុនៃមរណភាពទាំងនេះ។
លោកស្រីស៊ាល ស្ឌូហ្សេនស្គី មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាដែលជាជនរងគ្រោះ ត្រូវការការគាំទ្រដើម្បីបន្ដបណ្ដឹងរបស់ពួកគេ។
“ជាទូទៅយើងអាចនិយាយបានថា ដើមបណ្ដឹងរដ្ឋប្បវេណីរបស់យើងជាច្រើន ត្រូវការជំនួយផ្នែកសុខាភិបាល និងផ្នែកចិត្តសាស្ដ្រ ហើយពួកគេមានជីវភាពក្រីក្រខ្លាំងណាស់។ ហើយនេះគឺជាទិដ្ឋភាពទូទៅនៅក្នុងប្រទេសកម្ពុជា។ មានប្រជាពលរដ្ឋកម្ពុជាជាច្រើនមិនអាចទទួលបានជំនួយសុខាភិបាល និងផ្នែកចិត្តសាស្ដ្រទេ"។
លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម មិនអធិប្បាយច្រើនទៅលើបញ្ហានេះទេ ដោយលោកមានប្រសាសន៍ថា លោកមិនបានតាមដានឲ្យបានដិតដល់។
នៅពេលដែលចោទសួរថា ប្រជាពលរដ្ឋមួយចំនួនបានបោះបង់ចោលបណ្ដឹងរបស់ពួកគេដោយសារតែពួកគេយល់ថា នីតិវិធីរបស់សាលាក្ដីយូរពេកទំរាំដល់ពេលកាត់ទោស ហើយមួយវិញទៀត ពួកគេបានងាកទៅរកជំនឿព្រះពុទ្ធសាសនាវិញ ដើម្បីរម្ងាប់នូវការតស៊ូរបស់ខ្លួន។ លោកឡាស អលសិនមានប្រសាសន៍ថា កត្តានេះអាស្រ័យទៅនឹងបុគ្គលម្នាក់ៗជាអ្នកសម្រេចចិត្ត។
“ខ្ញុំគិតថា វាអាស្រ័យទៅតាមការសម្រេចចិត្តរបស់បុគ្គលម្នាក់ ដើម្បីក្លាយខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ឬក៏អត់នោះ"។
ចំពោះការលើកឡើងអំពីកង្វះការធានាផ្នែកសុខភាពដល់ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ឬថា តើអាចមានលទ្ធភាពគាំទ្រណាមួយដល់អតីតជនរងគ្រោះឲ្យដូចជនជាប់ចោទដែលទទួលបានការយកចិត្តទុកដាក់នោះទេ លោកឡាស អលសិនបានលើកឡើងថា គេនៅមិនទាន់ដឹងនៅឡើយ ហើយជាគោលការណ៍សំណងនឹងត្រូវជាបន្ទុករបស់ពិរុទ្ធជន។
មានប្រជាពលរដ្ឋកម្ពុជាជិត២លាននាក់បានស្លាប់ និងត្រូវបានសម្លាប់ចោលក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។ ហើយប្រជាពលរដ្ឋខ្មែរបានរង់ចាំយុត្តិធម៌សម្រាប់អំពើឃោរឃៅនេះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ការកាត់ទោសជនជាប់ចោទទាំង៥នាក់ មាន នួន ជា អៀង សារី ខៀវ សំផន អៀង ធីរិទ្ធ និងឌុចនៅក្នុងសំណុំរឿង០០២ នឹងក្លាយទៅជាទំព័រប្រវត្តិសាស្រ្ដមួយសម្រាប់យុត្តិធម៌នៅពេលអនាគត៕