ភ្នំពេញ៖ ប្រទេសកម្ពុជាគ្រោងនឹងចំណាយច្រើនជាងចំណូលក្នុងគម្រោងថវិកាជាតិឆ្នាំ២០១១ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលសំណើគម្រោងចំណាយថវិកាជាតិឆ្នាំ២០១១ រហូតដល់៣០០០លានដុល្លារអាមេរិក គឺកើនឡើងពីចំនួន២០០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៩។ សមាជិកសភាបានថ្លែងថា ចំណាយ និងចំណូលសម្រាប់គម្រោងថវិកាជាតិឆ្នាំ២០១១ គួរតែមានសមតុល្យ។
លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅថ្ងៃច័ន្ទនេះថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងនឹងចំណាយប្រមាណ៣០០០លានដុល្លារអាមេរិកនៅក្នុងគម្រោងថវិកាជាតិឆ្នាំ២០១១ខាងមុខនេះ ដែលច្រើនជាងចំណូលដល់ទៅជាង៧០០លានដុល្លារអាមេរិក។
នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភា និងព្រឹទ្ធសភាអំពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០១១ លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា «យើងប្រមូលសំណើគម្រោងចំណាយឆ្នាំ២០១១ ពីក្រសួងនានារបស់រដ្ឋាភិបាល មានទឹកប្រាក់ជាង២៨៥៧លានដុល្លារអាមេរិក ហើយយើងនឹងធ្វើការពិចារណាតួលេខនៃសំណើគម្រោងចំណាយទាំងនេះ ដើម្បីជជែកគ្នានៅក្នុងខែសីហា មុននឹងធ្វើគម្រោងចំណាយសម្រាប់ថវិកាជាតិឆ្នាំ២០១១។
«យើងត្រូវរកប្រាក់ចំណូល៩.០០០.០០០.០០០.០០០ (៩លានលាន) រៀលនៅក្នុងឆ្នាំ ២០១១។ ចំណាយនឹងត្រូវកើនឡើងដល់១២.០០០.០០០.០០០.០០០ (១២លានលាន) រៀលនៅក្នុងឆ្នាំ២០១១ គឺកើនឡើងពី៨.០០០.០០០.០០០.០០០ (៨លានលាន) រៀលនៅក្នុងឆ្នាំ២០១០»។
លោកគាត ឈន់បានបញ្ជាក់ថា «យើងមិនអាចទាន់និយាយបានថា តើក្រសួងណាទទួលបានថវិកាប៉ុន្មាននោះទេ។ យើងកំពុងមើលកិច្ចដំណើរការ និងលក្ខខណ្ឌវិនិច្ឆ័យជាច្រើនទៀត»។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានថ្លែងថា ចំណាយនិងចំណូលសម្រាប់សំណើគម្រោងចំណាយនៅក្នុងគម្រោងថវិកាជាតិឆ្នាំ២០១១ មិនសមតុល្យទេ។
«តុល្យភាពរវាងចំណាយនិងចំណូលស្មើគ្នាដូចជញ្ចីងពាណិជ្ជកម្ម។ បើរដ្ឋាភិបាលចាយខ្លាំងដូចលោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍មិញនេះ១២.០០០.០០០.០០០.០០០រៀលក្នុងការចាយវាយ ប៉ុន្តែគោលការណ៍របស់យើងរកប្រាក់ចំណូលបានតែ៩.០០០.០០០.០០០.០០០រៀលទេ។ អញ្ចឹងនៅសល់៣.០០០.០០០.០០០.០០០រៀលទៀត ដែលត្រូវប្រមូលផ្តុំការខិតខំបន្ថែមទៀត»។
លោកជាម យៀប បានបញ្ជាក់ថា រដ្ឋសភាគួរតែស្តាប់និងសិក្សាវិភាគ ដើម្បីជួយដល់រដ្ឋាភិបាលធ្វើឱ្យថវិកាជាតិមានសមតុល្យរវាងចំណូល និងចំណាយ។
ថវិកាជាតិឆ្នាំ២០១០មានចំនួនជាង២.០០០លានដុល្លារអាមេរិក រីឯថវិកាជាតិឆ្នាំ២០០៩ចំនួន១.៨០០លានដុល្លារអាមេរិក។
ថវិកាជាតិឆ្នាំ២០១០ត្រូវបានបង្កើនចំណាយដល់១៧៥លានដុល្លារអាមេរិកសម្រាប់វិស័យការពារជាតិ គឺកើនពី១៦០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៩។ ការបង្កើនចំណាយយោធានេះសំដៅពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការការពារបូរណភាពទឹកដីទប់ទល់ការឈ្លានពានរបស់ប្រទេសថៃ៕