របាយការណ៍ដែលធ្វើឡើងដោយអាជ្ញាធរសវនកម្មកម្ពុជាបង្ហាញពីភាពមិនប្រក្រតីជាច្រើន ចាប់តាំងពីថ្នាក់រដ្ឋបាលមូលដ្ឋាន រហូតទៅដល់ក្រសួងមន្ទីររដ្ឋាភិបាល។
បញ្ហារួមមានភាពមិនប្រក្រតីមាននៅក្នុងការគ្រប់គ្រងចំណូលនៃផ្នែកនាំចេញនាំចូល កង្វះប្រសិទ្ធភាពនៅក្នុងការត្រួតពិនិត្យ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសពន្ធគយ កង្វះខាតក្នុងការចុះបញ្ជីដីធ្លីត្រឹមត្រូវនៅតាមខេត្ត និងរាជធានីជាពិសេសការប្រមូលពន្ធដីធ្លី និងអចលនទ្រព្យ។
របាយការណ៍កម្រាស់សាមសិបពីរទំព័រ បានបន្ថែមថា មានការខ្វះខាតនៅក្នុងការចាត់វិធានការ ចំពោះការប្រមូលពន្ធលើសមប្បទានរ៉ែ ហើយនឹងមិនមានការប្រមូលពន្ធពេញលេញទៅលើផលនេសាទសមុទ្រ។ បន្ថែមពីនោះទៀត ចំណូលសម្រាប់គាំទ្ររដ្ឋបាលសាធារណៈ នៅក្នុងខេត្តក្រុង និងរាជធានីមិនមានភាពសមស្របទៅតាមផ្លូវច្បាប់។
នេះគឺជាលើទី១ដែលកម្ពុជា បង្ហាញរបាយការណ៍ជាសាធារណៈ ស្របពេលដែលប្រទេសដ៏ក្រីក្រមួយនេះទទួលរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីអំពើពុករលួយជាច្រើនឆ្នាំមកហើយ។ នេះជារបាយការណ៍ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៧ មកម្លេះ ហើយទើបតែត្រូវបានបញ្ចប់នៅក្នុងពេលនេះ។
លោក អ៊ុច ឈន អគ្គសវនករ នៃអាជ្ញាធរសវនកម្មកម្ពុជា មានប្រសាសន៍នៅក្នុងរបាយការណ៍ខាងលើនៅក្នុងទីក្រុងភ្នំពេញថា មានការគេចវេសពន្ធជាច្រើន។ ក៏ប៉ុន្តែមិនមានតួរលេខអំពីការបាត់បង់ចំណូលពន្ធនោះទេ។
«ការគេចវេសពន្ធ វាមានតាំងពីពន្ធដារ ពន្ធគយ តាំងពីចំណូលមិនមែនសារពើពន្ធផ្សេងៗ។ តើយើងដឹងទេថាបាត់ប៉ុន្មាន? អញ្ចឹងទំហំទឹកលុយនេះគឺយើងមិនអាចដឹងបានទេ។ ទាល់តែធ្វើដូចអង់គ្លេស បានទៅរួច គឺថារកឃើញអ្នកឯងខុសហើយ បោះដុស្យេឲ្យអ្នកឯងមើល។ តើអ្នកឯងវាយតម្លៃខ្លួនឯងថា អ្នកឯងធ្វើឲ្យបាត់លុយប៉ុន្មានដែលមានកំហុសអញ្ចឹង»។
ភ្ងាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) ធ្លាប់បានបង្ហាញរបាយការណ៍ថា កម្ពុជាបានបាត់បង់ចំណូល ដោយសារតែអំពើពុករលួយចន្លោះពីបីរយទៅ៥០០លានដូល្លារកក្នុងមួយឆ្នាំៗ។ ក៏ប៉ុន្តែលោក អ៊ុច ឈន មិនអត្ថាធិប្បាយចំៗថាភាពមិនប្រក្រតីស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឬយ៉ាងណា? ហើយនឹងមិនមានវិធានការណាមួយត្រូវចាត់ការក្រៅពីការដាស់តឿនឲ្យមានការកែលម្អនោះទេ។
លោក ស៊ុន ឆ័យ តំណាងរាស្រ្តគណបក្សសម រង្ស៊ី មណ្ឌលក្រុងភ្នំពេញ មានប្រសាសន៍ថា របាយការណ៍នេះនៅមានការខ្វះខាតជាច្រើន។
«វាមិនអាចមានតែរបាយការណ៍បែបហ្នឹង! វាត្រូវតែមានរបាយណ៍ជាក់លាក់ពីការប្រមូលថវិកាជាតិ និងការចាយវាយតាមក្រសួងនេះ។ ពិនិត្យឲ្យត្រឹមត្រូវថា វាមានភាពមិនប្រក្រតីផ្នែកណា ដោយសារអ្វី ក្រោមការគ្រប់គ្រងរបស់អ្នកណា»។
យ៉ាងណាក៏ដោយ តំណាងគណបក្សជំទាស់ដដែលជឿថា របាយកាណ៍នេះនឹងជួយជំរុញឲ្យលោកនាយករដ្ឋមន្ត្រីខ្មែរចាត់វិធានការមិនប្រក្រតីទាំងនេះ។
ដោយឡែក លោកបណ្ឌិត កង ចន្ទដារ៉ារ័ត្ន នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាអភិវឌ្ឍន៍ មានប្រសាសន៍ថា របាយការណ៍នេះបានបង្ហាញពីភាពវិជ្ជមានសម្រាប់ការត្រួសត្រាយឲ្យមានការកែលម្អ និងមានតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសវាគឺការផ្តល់អំណោយផលសម្រាប់កម្ពុជានៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងសហគមអាស៊ាន៕