ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រៀបចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​​ទីមួយ


រោងភាពយន្ត​​លុច្ស​​នៅ​លើ​​ផ្លូវ​​ព្រះ​នរោត្តម​។
រោងភាពយន្ត​​លុច្ស​​នៅ​លើ​​ផ្លូវ​​ព្រះ​នរោត្តម​។

ភ្នំពេញ៖ ប្រទេស​កម្ពុជា​បាន​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើកទី១​របស់​ខ្លួននៅ​ថ្ងៃ​ពុធ​នេះ​។ គឺ​ជា​មហោស្រព​ដែល​នាំ​មក​នូវ​ខ្សែ​ភាពយន្ត​ខ្មែរ​និង​បរទេស​សរុប​ចំនួន​១២០​រឿង ​សម្រាប់​ទស្សនិកជន​ខ្មែរ។ មហោស្រព​នេះ មាន​គោល​បំណង​លើក​កម្ពស់​សមត្ថភាព​ផលិតករ​ភាពយន្ត​ក្នុង​ស្រុក ​និង​ពង្រឹង​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​មាន​ការ​រីកចម្រើន​ទៅ​តាម​ការ​វិវត្ត​ន៍​របស់​ពិភពលោក​ផង​ដែរ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ​បាន​ចាប់​បើក​ហើយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ សម្រាប់​រយៈ​ពេល​៥ថ្ងៃ ដោយ​មាន​ប្រទេស​ចំនួន​២៨​មកពី​ជុំវិញ​ពិភពលោក​ចូលរួម។ ប្រទេស​ទាំង​នោះ រួម​មាន សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ បារាំង ចិន កូរ៉េ ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​អូស្ត្រាលី​ជាដើម។

ខ្សែ​ភាពយន្ត​សរុប​ចំនួន​១២០​រឿង​ដែល​ភាគច្រើន​ប្រជាជន​កម្ពុជា​មិនដែល​បាន​មើល​ពី​មុន​មក​នោះ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជានៅក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​ប្រជា​ពលរដ្ឋ​កម្ពុជា​អាច​ចូលរួម​ទស្សនា​ដោយ​សេរី សម្រាប់​ការ​ចាក់​បញ្ចាំង​នៅ​តាម​ទី​វាល និងទិញ​សំបុត្រ​តម្លៃ​ត្រឹមតែ​១ដុល្លារ​សម្រាប់​ការ​ទស្សនា​ក្នុង​រោង​ភាពយន្ត​។

ការ​ចាក់​បញ្ចាំង​នឹង​ត្រូវ​ធ្វើឡើង​ចាប់​ពី​ម៉ោង​១០​ព្រឹក​រហូតដ​ល់​១០​យប់​ពី​ថ្ងៃ​ទី​២១​រហូត​ដល់​ថ្ងៃទី​២៣ ខែ​តុលា​នេះ​ នៅក្នុង​រោង​ភាពយន្តចំនួន​៦​កន្លែង​នៅក្នុង​ទីក្រុង​ភ្នំពេញ រួម​មាន រោងមហោស្រព​ចេនឡានៅ​ជិត​ផ្សា​ដើមគរ រោងភាពយន្ត​លុច្ស​នៅលើ​ផ្លូវ​ព្រះ​នរោត្តម មជ្ឈមណ្ឌល​វប្បធម៌​បារាំង មជ្ឈមណ្ឌល​បុប្ផា​ណា ផ្សារ​ហ្គោឌិន​សូរិយា​ និង​នៅ​កោះ​ពេជ្រ។

លោក ឃឹម សារិទ្ធ រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើកមហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​នេះថា​ ការ​ប្រារព្ធ​មហោស្រព​នេះ​ឡើង ​គឺ​ដើម្បី​លើក​កម្ពស់​វិស័យ​ភាព​យន្ត​ខ្មែរ​ផង​ និង​ដើម្បី​បង្កើន​សមត្ថភាព​របស់​ផលិតករ​ភាពយន្ត​ក្នុង​ស្រុក​ផង។

«ផ្តើម​ចេញ​ពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​១​នេះ ផលិត​ករ​កម្ពុជា​យើង​ពិត​ជា​អាច​ស្វែង​រក​ឃើញ​នូវ​ទស្សនវិស័យ​សម្រាប់​អាជីព​ជា​អ្នក​ផលិត​ភាពយន្ត​ និង​អាច​មាន​សមត្ថភាព​គិតគូរ​ពី​បញ្ហា​ប្រឈម ​និង​ផល​ប៉ះពាល់​នៃ​ឧស្សាហកម្ម​ភាពយន្ត​ ដើម្បី​ឈាន​ទៅ​សម្រេច​ជោគ​ជ័យ​នា​ពេល​អនាគត​របស់​ខ្លួន»។

ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ទាំង​ ១២០ ​រឿង​នោះ មាន​ភាពយន្ត​ខ្នាត​ធំ​ចំនួន​ ៣០ រឿង ភាពយន្ត​ខ្នាត​ខ្លី​ចំនួន​ ៦០ រឿង និង​ភាព​យន្ត​ឯកសារ​ចំនួន ​៣០ ​រឿង។ ប្រភេទ​រឿង​ទាំង​នេះ រួមមាន​រាប់​ចាប់​ពី​រឿង​បែប​កំប្លែង ស្នេហា បែប​រន្ធត់​ បែប​តុក្កតា​និង​គំនូរ​ជីវចល​សម្រាប់​កុមារ រហូតដល់​រឿង​ដែល​ទទួល​បាន​ពានរង្វាន់​លំដាប់​អន្តរជាតិ​ទៀត​ផង។

ដោយឡែក​ ក្នុង​ចំណោម​រឿង​ទាំង​នេះ​ ​មាន​ខ្សែ​ភាពយន្ត​ខ្មែរ​ផលិត​ក្នុង​ស្រុក​ចំនួន​១០​រឿង​ដូច​ជា​រឿង​ «Lost Loves» ឬ "ក្តី​ស្រលាញ់​ដែល​បាត់​បង់​ទៅ” និង​រឿង «បាត់​ខ្លួន​» ដែល​ជា​ប្រភេទ​រឿង​បែប​ធ្វើ​ឲ្យ​ភ័យ​រន្ធត់​និង​ព្រឺព្រួច​ជាដើម ហើយ​ក៏​មាន​ខ្សែ​ភាពយន្ត​ឯកសារ​ខ្មែរ​ចំនួន​១៥​រឿង​ផង​ដែរ ។

អ្នក​រៀបចំ​មហោស្រព​ភាពយន្ត​នេះ​បាន​លើកឡើង​ថា ​មហោស្រព​នេះ​ក៏​មាន​គោលដៅ​បណ្ដុះ​គំនិត​ប្រជា​ជន​ខ្មែរ​ឲ្យ​ស្រឡាញ់​និង​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ទស្សនា​ភាពយន្ត​ខ្មែរ​ឡើងវិញ​ផង​ដែរ។

វិស័យ​ភាពយន្ត​ខ្មែរ​បាន​រីក​ចម្រើន​ដល់​កម្រិត​កំពូល​របស់​ខ្លួន​នៅ​ក្នុង​អំឡុង​ទសវត្សរ៍១៩៦០ ជា​ពេល​ដែល​ប្រជាជន​ខ្មែរ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ភាពយន្ត​របស់​ខ្លួន​ផ្ទាល់​តាម​រយៈ​ការ​ទៅ​ទស្សនា​ភាពយន្ត​ទាំង​នោះ​នៅ​តាម​រោងកុន​នានា​នៅ​ក្នុង​ប្រទេស។

ប៉ុន្តែ​ ប្រជា​ប្រិយភាព​នៃ​ភាពយន្ត​ខ្មែរបាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ចាប់​តាំង​ពីក្រោយ​សង្គ្រាម​ដែល​ញាំញី​ប្រទេស​កម្ពុជា​អស់​រយៈ​ពេលប្រហែល​ជិត​៣ទសវត្សរ៍​ ចាប់​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០។

វិស័យ​ភាពយន្ត​ខ្មែរ​បាន​ចាប់​ផ្តើម​រើប​ឡើង​វិញ​បាន​មួយ​រយៈ​ពេល​ដែរ​ នៅ​ដើម​ទសវត្សរ៍​១៩៩០​ប៉ុន្តែ រហូត​មកដល់បច្ចុប្បន្ន​នេះ រោងភាពយន្តជា​ច្រើន​បាន​បិទ​ទ្វារ​ឬ​ប្រែក្លាយ​ទៅជា​សណ្ឋាគារ ​ឬ​ទី​កន្លែង​កំសាន្ត​ផ្សេងៗ​ទៅវិញ ដោយ​សារ​ស្នាដៃ​និពន្ធ​ ដឹកនាំ និង​ផលិត​របស់​ផលិតករ​ភាព​យន្ត​បច្ចុប្បន្នជា​ទូទៅ​ត្រូវ​បាន​រិះគន់​ថា ហាក់​ពុំ​ទាន់​អាច​ទាក់​ទាញ​ទឹកចិត្ត​ទស្សនិកជន​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ។

លោក Cedric Eloy នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (CFC) ដែល​ជា​អ្នក​រៀបចំ​មហោស្រព​ភាពយន្ត​នេះ​ដែរ​ មាន​ប្រសាសន៍​ថា ដោយ​មើល​ឃើញ​ថា ​ប្រជា​ជន​ខ្មែរភាគច្រើន​មិន​សូវ​ចាប់​អារម្មណ៍​ទៅលើ​វិស័យ​ភាពយន្ត​នេះ​ហើយ ទើបមហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ឬ​ហៅកាត់​ថា CIFF នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ទាក់​ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចាប់​ផ្តើម​នាំគ្នា​ទៅរោងភាពយន្តឡើង​វិញ។

«មហោស្រព​ភាពយន្ត​អន្តរជាតិ​នេះ​ក៏​ចង់​បង្ហាញ​ផង​ដែរ​អំពី​ការ​ផលិត​ភាពយន្ត ហើយ​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ទទួល​បាន​ការ​ជ្រើសរើស​នៅ​ក្នុង​មហោស្រព​ភាពយន្ត ​ហើយ​ក៏​ជា​ការ​ផ្សព្វ​ផ្សាយ​ពី​ប្រទេស​កម្ពុជា​ឲ្យ​ប្រទេស​ជិត​ខាង​គាត់​បាន​ស្គាល់។»

លោក Cedric Eloy មាន​ប្រសាសន៍​បន្ថែម​ថា មហោស្រព​ភាពយន្ត​នេះ​ក៏​នឹង​នាំ​ប្រជាជន​កម្ពុជា​ឲ្យ​ទៅ​ឃើញ​ពិភពលោក​មួយ​ថ្មី​ដែល​ពួកគេ​មិន​ដែល​បាន​ឃើញ​ពី​មុន​មក។

លោក សៅ សុភ័ក្ត្រ អ្នក​ផលិត​ភាពយន្ត​ឯកសារ​ វ័យក្មេង​មួយ​រូប​ដែល​រឿង​របស់​លោក​មាន​ចំណង​ជើង​ថា «ផ្លូវ​ជីវិត​ដែល​ស្រអាប់» ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​នេះ​ដែរ​។ លោក សុភ័ក្ត្រ​មាន​ប្រសាសន៍​ដោយ​សង្ឃឹម​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​មើល​ឃើញ​ស្ថានភាព​ជាក់​ស្តែង​ដែល​បាន​កើតឡើងនៅ​ក្នុង​សង្គម​តាម​រយៈ​ការ​ចូលរួម​ទស្សនា​ខ្សែភាព​យន្ត​ក្នុង​មហោស្រព​នេះ។

«ការ​ធ្វើ​ភាពយន្ត​នេះ ខ្ញុំ​យល់​ថា ជា​ការ​បង្ហាញ​តថភាព​មួយ​ដែល​មាន​ពិត​នៅក្នុង​សង្គម​របស់​យើង សម្រាប់​ទៅដល់​ទស្សនិកជន​គ្រប់​រូប​ដើម្បី​ឲ្យ​គាត់​បាន​ឃើញ​ បាន​ដឹង​ ហើយ​បាន​ត្រិះរិះ​ពិចារណា។»

សូម​បញ្ជាក់​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​នេះ ពុំ​មែន​រៀបចំ​ឡើង​សម្រាប់​ការ​ប្រកួត​ប្រជែង​ស្នាដៃ​ ដើម្បី​ដណ្ដើម​ជ័យ​លាភី​ភាពយន្ត​នោះ​ទេ គឺ​គ្រាន់តែ​សម្រាប់​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​ផលិតករ​ភាពយន្ត​ក្នុង​ស្រុក​និង​បរទេស​ និង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចូលរួម​សប្បាយ​រីករាយ​ក្នុង​ការ​ទស្សនា​ខ្សែ​ភាពយន្ត​តែ​ប៉ុណ្ណោះ។

XS
SM
MD
LG