ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យលាភី​រង្វាន់​ណូបែល​រក​ឃើញ​មេរោគ​ HIV​ទៅ​ទស្សន​កិច្ច​កម្ពុជា


គ្រូពេទ្យកំពុងពិនិត្យអ្នក​ជំងឺ​ផ្ទុក​មេរោគអេស៍។
គ្រូពេទ្យកំពុងពិនិត្យអ្នក​ជំងឺ​ផ្ទុក​មេរោគអេស៍។

លោកស្រី​សាស្ត្រា​ចារ្យ Francoise​ Barre-Sinoussiជ័យ​លាភី​រង្វាន់​ណូ​បែល​ខាង​សរីរវិទ្យា​ឬ វេជ្ជ​សាស្ត្រ​ឆ្នាំ២០០៨ និងជាសហ​អ្នករកឃើញមេរោគ HIV នៃ​ជំងឺ​អេដស៍ កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​ទីក្រុង​ភ្នំពេញ ពី​ថ្ងៃទី៧ខែ​មេសាដល់ថ្ងៃទី៩ខែមេសាឆ្នាំ២០១០​ដើម្បី​ ចែករំលែកលទ្ធផល​នៃការស្រាវ​ជ្រាវ​ចុងក្រោយ​បង្អស់​របស់ លោកស្រី អំពីការការពារ​ដោយ​ធម្ម​ជាតិ​ប្រឆាំងជំងឺអេដស៍​ដែលរក​ ឃើញ​នៅ​ក្នុងមនុស្សដែល​មានមេរោគអេដស៍ ​ដល់និស្សិតនិងវេជ្ជបណ្ឌិតនៅ​សាកល​វិទ្យា​ល័យ​កម្ពុជា​នៅ ទី​ក្រុងភ្នំពេញ។

លោកវេជ្ជបណ្ឌិតមាន ឈីវុន នាយក​មជ្ឈ​មណ្ឌល​ជាតិប្រយុទ្ធនឹងជំងឺអេដស៍បានប្រាប់​ វីអូអេ​ថា​ លោក​ស្រី​សាស្ត្រា​ចារ្យ​Francoise​ Barre Sinoussi​ កំពុង​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​លើក​ស្ទួយ​ សកម្ម​ភាព​ស្រាវ​ជ្រាវ​ខ្លាំង​ រវាង​ការ​ស្រាវ​ជ្រាវ​មេរោគHIV/AIDSនិងការ​ធ្វើ​អន្ត រាគមន៍​នៃសុខភាពសាធារណៈ​នៅ​ប្រទេស​ដែល​មាន​ធន​ធាន​ កំណត់ ជាពិសេស​តាម​រយៈ​បណ្តាញ​វិជ្ជា​ស្ថាន​ ​Pasteur ឬ ​Institut​ Pasteur ​International​ Network និង​ការ​សម្រប​សម្រួល​កម្ម​វិធី​ស្រាវ​ជ្រាវ​នៅ​ក្នុង​ ប្រទេស​កម្ពុជា។

«លោកស្រី​សាស្ត្រាចារ្យ Francoise​ Barre-Sinoussi ​បានខឹតខំ​រកថវិកា​ជួយដល់​ប្រទេស​កម្ពុជា​យើង​ ​ជា​ពិសេសកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍​លើវិស័យ​ស្រាវ​ ជ្រាវ​គាត់ជ្រាបច្បាស់ណាស់ពីបញ្ហានៃការរាលដាលជំងឺ អេដស៍នៅក្នុង​ព្រះរា​ជាណា​ចក្រកម្ពុជា ហើយ​លោក​ស្រី​បានយល់ច្បាស់ថា​ តើរដ្ឋាភិបាល​បាន​ធ្វើអ្វីខ្លះ?​ តើ​សង្គមស៊ីវិល​បានចូលរួមចំណែក​ប៉ុណ្ណា​ ហើយនិងថា តើការ​វិវឌ្ឍនៃការរាលដាល​ជំងឺអេដស៍បានវិវឌ្ឍដូច ម្តេចខ្លះ។ លោកស្រីក៏​បានពិសោធន៍​យ៉ាង​ច្រើន​ពី​ប្រទេស​កម្ពុជាផង​ ដែរ»។

លោកវេជ្ជ​បណ្ឌិតមាន ឈីវុន​មាន​ប្រសាសន៍ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​នៅក្នុង​ចំណោម​ប្រទេសខ្លះ​ ​ដែលមានការធ្លាក់ចុះ​នូវអត្រាប្រេ​វ៉ាឡង់នៃមេរោគ​អេដស៍​ ក្នុង​ចំណោម​ប្រជាជនទូទៅ ​បានធ្លាក់ចុះពី២%នៅឆ្នាំ១៩៩៨មក១,២%នៅឆ្នាំ ២០០៣មក​ ០,៩%នៅឆ្នាំ​២០០៦និងមក០,៧​%​នៅឆ្នាំ២០១០។ លោក​ឈីវុនមាន​ប្រសាសន៍​ថា ​ តាមរយៈ Asian​ Epidemic ​Model​ (AEM)​ បាន​ប៉ាន់ស្មានថា នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៧ មាន​អ្នកផ្ទុក​មេរោគ​អេដស៍ចំនួន​៦១.៤០០នាក់​ដែលនៅក្នុង នោះមាន​៣២.២០០នាក់ជាស្ត្រីនិង២៩.២០០នាក់​ជា​បុរស ហើយនៅក្នុងឆ្នាំ២០១០អ្នកផ្ទុកមេរោគអេដស៍នឹងមានចំនួន​ ​៥២.២០០​នាក់។

លោកទា ​ផលា អគ្គលេខាធិការរងខាងអាជ្ញាធរ​អេដស៍​កម្ពុជានិយាយ ប្រាប់​វីអូអេថា នៅក្នុងរយៈ១០​ឆ្នាំនេះកិច្ច​ការពារជំងឺ​អេដស៍បានទទួល ជោគជ័យ ​ពីព្រោះ​អាជ្ញា​ធរប៉ូលិស​បានជួយដល់កិច្ចការនេះ។ ​លោកបានមានប្រសាសន៍​បន្ថែម​ថា ​ក្រុមជនរក​ស៊ីផ្លូវភេទខ្លាចអាជ្ញាធរ​ប៉ូលិស​ដែលតម្រូវ ឲ្យប្រើស្រោម​អនាម័យ​តាមបទបញ្ជា​របស់រដ្ឋាភិបាល។

លោកទា ផលាបាន​បញ្ជាក់ថា ​នៅ​ប្រទេស​កម្ពុជាការរាលដាល​មេរោគ​អេ​ដ​ស៍ដំបូង​មាន​ នៅ​ក្នុង​ក្រុមប្រឈមមុខខ្ពស់ ហើយនិង​តាមរយៈការជួញដូរ​ផ្លូវភេទ។

បច្ចុប្បន្ន​នេះ​គេឃើញមានការកើនឡើងនូវអត្រាប្រេវ៉ាឡង់ មេរោគអេដស៍នៅ​លើក្រុមអ្នកប្រើប្រាស់​គ្រឿងញៀន និងនៅលើក្រុម​បុរសរួមភេទជាមួយបុរស។

«ពីឆ្នាំ​១៩៩៩មកទល់ពេលនេះ អ្នករកស៊ីបម្រើ​ផ្លូវភេទបានកើនឡើងបី​ដង..​.ពីចំនួន ១​ម៉ឺននាក់ទៅជាង៣ម៉ឺន​...ឬជិត៤ម៉ឺន​នាក់»។

លោកទា ផលាមាន​ប្រសាសន៍ថា​ ស្រី្ត​រក​ស៊ីផ្លូវ​ភេទ​ចំនួន២០%ប្រើគ្រឿងញៀន​ ហើយ​អាជ្ញា​ធរលំបាក​ខ្លាំងក្នុងការអប់រំអ្នកទាំងនោះ​ កុំឲ្យប្រើគ្រឿងញៀន។

លោកនិយាយថា ​យុវជន​អាយុ​ពី​១៨ទៅ​២៤ឆ្នាំចំនួន១០%រួមរក្សផ្លូវ​ ភេទនៅ​ក្រៅ​ផ្ទះរបស់ខ្លួន។ ស្ត្រី​នៅ​ក្នុងចំណោម​ស្ត្រីបម្រើនៅ​តាម​ក្លឹបខារាអូខេ ​ចំនួន១៤%​មានសង្សារជាកូនសិស្ស។

លោកស្រីសាស្ត្រាចារ្យ Francoise Barre-Sinoussi បានផ្តល់សុន្ទរ​កថា​សំខាន់​និងការសន្ទនា​នៅ​សាកល​វិទ្យា ល័យ​កម្ពុជានៅថ្ងៃ​ពុធនេះផ្តល់ការ​សន្ទនាជា​មួយ​ក្រុម សិស្ស​វិទ្យា​ល័យនៅ​សាលាអន្តរ​ជាតិភ្នំពេញនៅថ្ងៃ​ ព្រហស្បតិ៍ទី៨ខែ​មេសានិងផ្តល់ការ​សន្ទនា​សាធារណៈ​ជាមួយ ក្រុម​អ្នក​ស្រាវជ្រាវ​នៅសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ សុខភាព​នៅទីក្រុង​ភ្នំពេញនៅ​ថ្ងៃសុក្រ​ទី​៩ខែ​មេសា ឆ្នាំ​២០១០ នៅ​ក្នុងការសហប្រតិបត្តិការ​ជា​មួយ​វិជ្ជា​ស្ថាន Pasteur ​កម្ពុជា។ ក្រុម​ស្រាវជ្រាវរបស់​លោក​ស្រី​ដែល​មានអ្នកវិទ្យា​ សាស្ត្រប្រមាណ​២០​នាក់ បច្ចុប្បន្ន​នេះកំពុងធ្វើការស្រាវជ្រាវថា ​តើមេរោគ​ HIV ឆ្លង​ពី​ម្តាយទៅកូនដូច​ម្តេចខ្លះ?

XS
SM
MD
LG