សមាជិកម្នាក់នៃបុគ្គលិករបស់វីអូអេសំឡេងសហរដ្ឋអាមេរិក ទទួលពានរង្វាន់ព័ត៌មាន David Burke Distinguished Journalism Awards ដ៏ល្បីល្បាញ ដែលត្រូវបានប្រគល់ក្នុងពិធីមួយរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១០ កន្លងមកនេះ។
ពានរង្វាន់David Burke Distinguished Journalism Awards ត្រូវបានដាក់ឈ្មោះតាមឈ្មោះលោកអតីតនាយកគណៈអភិបាលប្រព័ន្ធផ្សព្វផ្សាយតាមអាកាស ដែលជាទីភ្នាក់ងារសហព័ន្ធឯករាជ្យមួយដែលគ្រប់គ្រងការផ្សព្វផ្សាយតាមអាកាសអន្តរជាតិដែលទទួលការឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ រង្វាន់នេះទទួលស្គាល់អ្នកយកព័ត៌មានដែលមានសេចក្តីក្លាហាន ប្រកបដោយអធិបតេយ្យភាពក្នុងការយកព័ត៌មាន។ សុខ ពៅខេមរា ដែលជាអ្នកយកព័ត៌មានម្នាក់ធ្វើការនៅក្នុងវីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា ជាអ្នកបានទទួលរង្វាន់ដ៏កិត្តិយសនេះ។
លោកស្រីប្ល៊ែងគ្វីតា វ៉ស្ស ខូលុម (Blanquita Walsh Collum) សមាជិកគណៈអភិបាលប្រព័ន្ធផ្សព្វផ្សាយតាមអាកាស មានប្រសាសន៍នៅឯពិធីប្រគល់រង្វាន់នោះថា លោកសុខ ពៅខេមរាសមនឹងទទួលរង្វាន់ David Burke Distinguished Journalism Awards ដ៏ល្បីនេះដោយសារភាពក្លាហាន និងកិច្ចខិតខំប្រឹងប្រែងរបស់លោក។ លោកស្រីថ្លែងថា៖
“គាត់បានធ្វើសេចក្តីរាយការណ៍ស្តីអំពីអតីតមេដឹកនាំខ្មែរក្រហម ដែលអាចនឹងប្រឈមនឹងការចាប់ខ្លួន ប្រសិនបើសាលាក្តីខ្មែរក្រហមពង្រីកការចោទប្រកាន់របបនោះ។ គាត់បានធ្វើដំណើរទៅតំបន់ព្រៃក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាទីដែលមេដឹកនាំខ្មែរក្រហមជាច្រើនរស់នៅ ហើយគាត់បានជួបសម្ភាសជាមួយអតីតមេដឹកនាំប្រាំនាក់ដែលមិនដែលមានអ្នកណាបានចូលជួបសម្ភាសពីមុនមក។ គាត់បានសួរមន្ត្រីខ្មែរក្រហម អំពីតួនាទីរបស់ពួកគេក្នុងអំពើប្រល័យពូជសាសន៍។ លោកពៅ បានត្រូវមន្ត្រីមូលដ្ឋានដែលស្គាល់សំឡេងគាត់តាមការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក ជូនទៅជួបអតីតមេដឹកនាំខ្មែរក្រហមទាំងនោះ”។
លោកសុខ ពៅខេមរាបានចូលជួបសម្ភាសផ្ទាល់ជាមួយអតីតមេដឹកនាំខ្មែរក្រហមចំនួន៥ ដែលរួមមានអ្នកស្រីអ៊ឹម ចែម អតីតគណៈស្រុកព្រះនេត្រព្រះ និងលោកមាស មុត អតីតប្រធានកងពលកងទ័ពខ្មែរក្រហម។
ចេ ហ៊ែនឌ័រសាន់ (Jay Henderson) ប្រធាននាយកដ្ឋានអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃវីអូអេសំឡេងសហរដ្ឋអាមេរិក មានប្រសាសន៍ថា នាយកដ្ឋានអាស៊ីបូព៌ា និងបាស៊ីហ្វិនៃវីអូអេបានឧទេ្ទសនាមលោកសុខ ពៅខេមរាឲ្យទទួលរង្វាន់នេះ ព្រោះថ្នាក់ដឹកនាំនៃនាយកដ្ឋានមើលឃើញថា លោកសុខ ពៅខេមរាបានប្រថុយគ្រោះថ្នាក់ផ្ទាល់ខ្លួនដើម្បីយកព័ត៌មានជាច្រើន។ លោកចេ ហ៊ែនឌ័រសាន់បន្តទៀតថា ការចូលទៅសម្ភាសផ្ទាល់ និងជជីកសួរអតីតមេដឹកនាំខ្មែរក្រហមឲ្យនិយាយចេញមក គឺជាការលំបាកមួយដែលគួរត្រូវបានទទួលស្គាល់។ លោកថ្លែងថា៖
“គាត់ចូលទៅហើយចេញមកវិញបានការសម្ភាសមួយយ៉ាងល្អ។ គាត់ទាក់ទងពួកគេ។ ពួកគេជឿជាក់លើគាត់ ពីព្រោះ ពួកគេមានជំនឿលើវីអូអេសម្លេងសហរដ្ឋអាមេរិកដែលជាប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្ត។ ខ្ញុំគិតថា ពួកគេក៏មានការគោរពដល់សុខ ពៅដែរ។ គាត់ធ្វើការដ៏ត្រឹមត្រូវជាមួយពួកគេ។ គាត់មិនរិះគន់ពួកគេដោយអយុត្តិធម៌ទេ។ គាត់គ្រាន់តែសួរពួកគេ និងសរសេរសេចក្តីរាយការណ៍តាមអ្វីដែលគេនិយាយ។ នេះគឺជាឧទាហរណ៍ដ៏ល្អសម្រាប់អាជីពព័ត៌មាន ដែលពូកែលេចធ្លោ”។
លោកសុខ ពៅខេមរាបានឲ្យដឹងថា លោករីករាយការដែលកិច្ចខំប្រឹងប្រែងរបស់លោកត្រូវបានទទួលស្គាល់ ប៉ុន្តែរង្វាន់នេះគឺមិនមែនសម្រាប់តែលោកម្នាក់ប៉ុណ្ណោះទេ តែជាកិត្តិយសសម្រាប់ក្រុមផ្សាយរបស់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាទាំងមូល។ លោកសុខ ពៅខេមរាថ្លែងថា រង្វាន់នេះសំខាន់ណាស់ ប៉ុន្តែកិច្ចខិតខំប្រឹងរបស់លោកមិនមែនដើម្បីរង្វាន់នេះទេ តែមានទិសដៅបម្រើអ្នកស្តាប់ ជួយជំរុញដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកសុខ ពៅខេមរាបន្តថា៖
“យើងធ្វើកិច្ចការងារហ្នឹងមិនមែនថា រង្វាន់ហ្នឹងគឺជាគោលដៅរបស់យើងនោះទេ។ អ្វីដែលខ្ញុំខំប្រឹងធ្វើការហ្នឹងគឺថា ដើម្បីការផ្លាស់ប្តូរនៅក្នុងសង្គម ផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបម្រើប្រជាពលរដ្ឋ។ ផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានសំខាន់ៗសម្រាប់ឲ្យប្រជាពលរដ្ឋយកទៅគិតពិចារណានៅក្នុងជីវភាពរស់នៅតែប៉ុណ្ណឹង” ។
អ្នកទទួលបានរង្វាន់ David Burke Distinguished Journalism Awards រួមមានបុគ្គលិកវីអូអេ ពីររូបគឺ លោកសុខ ពៅខេមរា នៃវីអូអេផ្នែកខេមរភាសា និងលោក រ៉ាហ៍ម៉ាន ប៊ុណៃរី (Rahman Bunairee) នៃវិទ្យុ Deewa ផ្សាយទៅប្រទេសប៉ាគីស្ថាន រួមទាំង Jin-Seo Lee នៃវិទ្យុអាស៊ីសេរីផ្នែកភាសាកូរ៉េ Laura Juan Huang នៃវិទ្យុអាស៊ីសេរីផ្នែកភាសាចិន Mohamed Mokhtari និង Betty Ayoub នៃទូរទស្សន៍ Alburra និងElena Rodriguez នៃវិទ្យុ Marti ផ្សាយទៅប្រទេសគូបា។
មុននឹងចូលមកធ្វើការនៅវីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសានារដ្ឋធានីវ៉ាស៊ីនតោន នៅឆ្នាំ២០០៦ លោកសុខ ពៅខេមរាមានបទពិសោធន៍ជាច្រើនធ្វើការជាអ្នកយកព័ត៌មាន។ ពីឆ្នាំ១៩៩៥ ដល់១៩៩៧ លោកសុខ ពៅខេមរាធ្វើការនៅកាសែតភាសាអង់គ្លេស Cambodia Today។ ពីឆ្នាំ១៩៩៧ ដល់២០០៦ ធ្វើជាអ្នកយកព័ត៌មានឲ្យវីអូអេផ្នែកខេមរភាសានៅភ្នំពេញ។ ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០៦ ធ្វើជាអ្នកយកព័ត៌មានឲ្យកាសែតជប៉ុន Youmiuri Shimbun ដែលក្នុងពេលជាមួយគ្នានោះ ធ្វើជាអ្នកយកព័ត៌មានឲ្យ Associated Press ទូរទស្សន៍ Channel News Asia UPI និងវីអូអេសំឡេងសហរដ្ឋអាមេរិក ផ្នែកភាសាអង់គ្លេស៕