ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រុក​អម​លាំង​ខេត្ត​កំពង់​ស្ពឺ​​ចង់​ឱ្យមាន​ព្រំ​ប្រទល់​ដី​ពិត​បា្រកដ​ជា​មួយ​ក្រុម​ហ៊ុន​ភ្នំពេញ​ SUGAR


Гравець команди-переможця "Baltimore Ravens" цілує її власника.
Гравець команди-переможця "Baltimore Ravens" цілує її власника.

អ្នក​ស្រុក​អម​លាំង​ខេត្ត​កំពង់​ស្ពឺ​ទទូច​ចង់​ឱ្យមាន​ព្រំ​ប្រទល់​សម្គាល់​ដី​ពិត​បា្រកដ​រវាង​ក្រុម​ ហ៊ុន​​ភ្នំពេញ​ SUGAR​ របស់​លោក​ឧកញ៉ា ​លី ​យ៉ុង​ផាត់​ និង​ប្រជា​ពល​រដ្ឋ​ ដើម្បី​ចៀស​វាង​ទំនាស់​ក្រុម​ហ៊ុន ​និង​ប្រជា​ពល​រដ្ឋ។​

អ្នក​ស្រុក​អម​លាំង​ខេត្ត​កំពង់​ស្ពឺ​ទទូច​ចង់​ឱ្យមាន​ព្រំ​ប្រទល់​សម្គាល់​ដី​ពិត​បា្រកដ​រវាង​ក្រុមហ៊ុន​ភ្នំពេញ​ SUGAR​ របស់​លោក​ឧកញ៉ា ​លី ​យ៉ុង​ផាត់​ និង​ប្រជា​ពល​រដ្ឋ​ ដើម្បី​ចៀស​វាង​ទំនាស់​ក្រុម​ហ៊ុន ​និង​ប្រជា​ពល​រដ្ឋ។

លោក ​ហេង​ រស្មី ​ដែល​បាន​ចុះ​ទៅ​ដល់​ឃុំ​អម​លាំង​ ខេត្ត​កំពង់​ស្ពឺ ​ធ្វើ​សេចក្តី​រាយ​ការណ៍​ ពី​ខេត្ត​កំពង់​ស្ពឺ​ដូច​ត​ទៅ៖

ស្រ្តី​ម្នាក់​ដែល​កំពុង​អង្គុយ​បំបៅ​ដោះ​កូន​ នៅ​ខាង​ក្រោម​ផ្ទះ​នៃ​ភូមិ​អូរ​អង្គំ​ ឃុំ​អម​លាំង​ ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ ​បាន​ផ្តាច់​ដោះ​ចេញ​ពី​មាត់​កូន​មួយ​រំពេច​ ដែល​ធ្វើ​ឲ្យ​ទារក​អាយុ​ប្រមាណ​៤​ខែ​បាន​ស្រែក​យំ ​ដោយ​សារ​តែ​មិន​បាន​បៅ​ឲ្យ​បាន​ឆ្អែត។

ស្រ្តី​រូប​នេះ​ មាន​ឈ្មោះ​ថា​ ផុន​ រឹម​ អាយុ​៣៧​ឆ្នាំ​ បាន​ផ្តល់​បទ​សម្ភាសន៍ ​ដោយ​ផ្ទាល់​ជា​មួយ​ និង​ VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា ​ចាប់​តាំង​ពី​មាន​រឿង​ទំនាស់​ដី​ធ្លី​ រវាង​ក្រុម​ហ៊ុន​ភ្នំពេញ​SUGAR​ របស់​លោក​ឧកញ៉ា​ លី ​យ៉ុងផាត់​ សមា​ជិក​ព្រឹទ្ធ​សភា​ដ៏​មាន​ឥទ្ធិ​ពល​មួយ​រូប​ខាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មក។​ ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ពិបាក​ចិត្ត​ ដេក​មិន​បាន​គ្រប់​គ្រាន់​ ការ​ធ្វើ​អាជីវ​កម្ម​លក់​ដូរ​ក៏​មិន​បាន​ជាប់​លាប់​ដែរ​ ដោយ​សារ​តែ​ខ្វល់​ខ្វាយ​រឿង​វិវាទ​ដី​ធ្លី​ដ៏​បំពារ​បំពាន​មួយ​នេះ។

"ពិបាក​នោះ​ វា​ច្រើន​ណាស់ ​មិន​ពិបាក​តិច​ទេ។ ​ទៅ​រក​ស៊ី​ក៏​អត់​បាន។​ ផ្លូវ​យើង​រក​ស៊ី​រាល់​ថ្ងៃ​ មាន​ស្រែ​ណា​គ្រប់​គ្រាន់​ បើ​រក​កាប់​បង្គោល​របង​អញ្ចឹង​ទៅ​ ដឹក​អូស​ឡ​អញ្ចឹងទៅ។​ ដល់​ពេល​យើង​ទៅ ​វា​អត់​មាន​ដី​បរទេះ​ បរគោ​អញ្ចឹង​ណា៎។ អញ្ចឹង​ទៅ​វា​ពិបាក​ច្រើន​ប្រភេទ​ណាស់"។

ក្រុម​ហ៊ុន​ភ្នំពេញ​SUGAR​ របស់​លោក​ឧកញ៉ា​ លី ​យ៉ុងផាត់ ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពីរដ្ឋា​ភិបាល​ជាង​៨០០០​ហិកតា​ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ដំា​ដើម​អំពៅ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។

ក៏​ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ឃុំ​អម​លាំង​បាន​ធ្វើ​ការ​ ចោទ​ប្រកាន់​ថា ​បាន​ប៉ះ​ពាល់​ដល់​ដី​កម្ម​សិទ្ធិ​របស់​ពួក​គេ​ជាង​៣០០០​ហិកតា​ ដែល​ជា​កម្ម​សិទ្ធិ​របស់​ប្រជា​ជន​ចំនួន​៨​ភូមិជាង​៨០០​គ្រួសារ​ ទាំង​ដី​ស្រែ​ និង​ដីចម្ការ។

ការ​ប៉ះ​ពាល់​នេះ​បាន​ធ្វើ​ឡើង ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ភ្នំពេញ​SUGAR​ បាន​ចាប់​ផ្តើម​ឈូស​ ឆាយ​ដី ​ដើម្បី​កំណត់​ព្រំ​ដី​របស់​ខ្លួន។

ចាប់​តាំង​ពី​មាន​ការ​ឈូស​ឆាយ​កំណត់​ព្រំ​ដី​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ទាំង​ប្រជា​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន​ភ្នំពេញ​ SUGAR​ ​ពុំ​ទាន់​មាន​ព្រំ​ប្រទល់​ដី​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ហើយ​រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក​នេះ ​ គណៈ​កម្ម​ការ​ចម្រុះ​វាស់​វែង​ព្រំ​ដី​របស់​ខេត្ត​កំពង់​ស្ពឺ​ បាន​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង។

កំពុង​តែង​អង្គុយ​នៅ​លើ​គោ​យន្ត​ផលិត​តាម​បែប​ជន​បទ​មួយ។​ អ្នក​ស្រី​ ​អែម​ នៅ​ អាយុ​៤២​ឆ្នាំ​ ជា​មួយ​និង​អ្នក​ភូមិ​១០​នាក់​ផ្សេង​ទៀត​ កំពុង​តែ​ធ្វើ​ដំណើរ​យឺតៗ​ នៅ​លើ​កំណាត់​ផ្លូវ​ក្រាល់​គ្រួស​ក្រហម​លេខ​៥២​ ដែល​យូរៗ​ម្តង​មាន​ដី​ហុយ​ទ្រលោម​ ដោយ​សារ​តែ​រថយន្ត​បរ​កាត់។

អ្នក​ស្រី​អែម​ នៅ ​បាន​ដោះ​មួក​ចេញ​ពី​លើ​ក្បាល​ រួច​យក​ក្រមា​មក​ជូត​មុខ ​នៅ​ក្រោម​ម្លប់​ដើម​ ឈើ​មួយ​ អ្នក​ស្រី​បាន​និយាយ​ទាំង​ទឹក​មុខ​ស្រពោន​ថា​ ពួក​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មើល​ គណៈ​កម្ម​ការ​ចម្រុះ​វាស់​វែង​ព្រំ​ដី។

អ្នក​ស្រី​បាន​និយាយ​ទៀត​ថា​ ពួក​យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​មាន​ព្រំ​ដី​ច្បាស់​លាស់ ​ដើម្បី​ជៀស​វាង​ទំនាស់​រវាង​ក្រុម​ហ៊ុន ​និង​ប្រជា​ពល​រដ្ឋ។

"ខ្ញុំ​ចង់​បាន​ឲ្យ​ក្រុម​ហ៊ុន ​និង​បញ្ចប់​ទំនាស់​ឲ្យ​យើង​ខ្ញុំ​បាន​ដី​ស្រែ​ ដី​ចម្ការ​ ជូន​ប្រជា​ពល​រដ្ឋ​វិញ។​ ចង់​បាន​តែ​បុណ្ណឹង​ទេ។​ ចង់​ឲ្យ​ចែក​ព្រំ​ឲ្យ​ដាច់។​ ក្រុម​ហ៊ុន​ផ្សេង​ប្រជា​ពល​រដ្ឋ​ផ្សេង។​ក្រុម​ហ៊ុន​គេ​មិន​ឲ្យ។ ​គេ​ទុក​តែ​ដី​ស្រែ​ឲ្យ​យើង។ ​ហូម​ម៉េចកើត?​ ធ្វើ​ស្រែ​បាន​តែ​ស្រូវ។​ បន្លែ​ បង្កា​ ដាំ​នៅ​លើ​ណា​ទៅ​ ដាំ​នៅ​លើ​ក្បាល​ដី​បន្តិច​បន្តូច​ហ្នឹង"។

លោក​បូ ប៊ិន​ ប្រធាន​ភូមិ​អូរ​អង្គំ​ ដែល​កំពុង​ស្រង់​ស្ថិតិ​ប្រជា​ពល​រដ្ឋ​នៅ​ខាង​ក្រោម​ផ្ទះ​របស់ ​លោក​ ដែល​ព័ទ្ធ​ជុំវិញ​ជិត​ទៅ​ដោយ​អ្នក​ភូមិ​នោះ​ លោក​បូ ​ប៊ិន​បាន​បញ្ជាក់​ថា​ ទាំង​ប្រជា​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន​ភ្នំពេញ​SUGAR​ ពុំ​ទាន់​មាន​ព្រំ​ដី​ពិត​ប្រាកដ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ឥឡូវ​នេះ ​លោក​ទើប​តែ​ស្រង់​ស្ថិតិ​ប្រជា​ពល​រដ្ឋ​ និង​ទំហំ​ដី​ កាន់​កាប់​របស់​ពួក​គេ ​បាន​តែ​១០៤​គ្រួសារ​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ចំណោម​ប្រជា​ជន​សរុប​ចំនួន​១៤៩​គ្រួសារ​ នៅ​ក្នុង​ភូមិ​របស់​លោក។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ គណៈ​កម្ម​ការ​ចម្រុះ​វាស់​វែង​ព្រំ​ដី​របស់​ខេត្ត​កំពង់​ស្ពឺ ​កំពុង​ ធ្វើ​កិច្ច​ការ​ទាំង​នេះ​ហើយ។

"ដី​ទំនាស់​ពិត​ប្រាកដ​ គឺ​អត់​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ កំពុង​តែ​ចុះ​បញ្ជី​ដី​ធ្លី។ ​ទាល់​តែ​ចុះ​ ហើយ​យក​ទៅ​បូក​សរុប​។ តើ​វា​ដី​ពាក់​ព័ន្ធ ​និង​ប្រជា​ពល​រដ្ឋ​ប៉ុន្មាន​ពាន់​ហិកតា។​ តែ​ដោយ​ឡែក​ភូមិ​ខ្ញុំ​បាទ​ ខ្លះ​ក៏​មាន​នៅ​ក្នុង​ប្លុក​ហ្នឹង​ ខ្លះ​ក៏​អត់​មាន​ក្នុង​ប្លុក​ហ្នឹង​ទេ។​ អ្នក​ដែល​អត់​មាន​នៅ​ក្នុង​ប្លុក​ហ្នឹង​ វា​អត់​មាន​ពាក់​ព័ន្ធ​ទេ​ តែ​អ្នក​ដែល​ពាក់​ព័ន្ធ​គឺ​នៅ​ក្នុង​ប្លុក​របស់​ក្រុម​ហ៊ុន"។

លោក​ស្រី ​ឈាង​ គឹម​ស៊ុន​ តំណាង​ក្រុម​ហ៊ុន​ភ្នំពេញ​ SUGAR​ បាន​និយាយ​ថា ​ខាង​ក្រុម​ហ៊ុន​ របស់​លោក​ស្រី​ចង់​ឲ្យ​បញ្ចប់​ទំនាស់​នេះ​ឲ្យ​បាន​ឆាប់​រវាង​ប្រជា​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន។លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា ​យើង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​កំណត់​ព្រំ​ដីទាំង​នេះ។

«យើង​បាន​ចែក​ដី​គាត់​គឺ​យើង​ចេញ​ចុង​សន្លឹក​ឲ្យ​គាត់​ ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ ដី​ទំហំ​ប៉ុនណាៗ​ តាម​ការ​វាស់​វែង»។

ចំណែក​លោក​រដ្ឋា​ វី​ មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​ADHOC ​ប្រចំា​ខេត្ត​កំ ពង់​ស្ពឺ ​ដែល​បាន​តាម​ដាន​ឃ្លាំ​មើល​ទំនាស់​នេះ ​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​គួរ​តែ​ពន្លឿន​កិច្ច​ការ​នេះ​ឲ្យ​បាន​ឆាប់​ដើម្បី​បញ្ចប់​វិវាទ​រវាង​ភាគី​ទាំង​ពីរ។

"ដោយ​សារ​ បើ​សិន​ជា​ឲ្យ​ពួក​គាត់​នៅ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ វា​អាច​នឹង​មាន​បញ្ហា​វិវាទ​ ផ្សេងៗ​កើត​ឡើង​ នៅ​ពេល​ដែល​ពួក​គាត់​ចូល​ទៅ​ធ្វើ​ស្រែ​ នៅ​ក្នុង​តំបន់​ហ្នឹង​ឯង"។

បន្ទាប់​ពី​មាន​ទំនាស់​ដី​ធ្លី​រវាង​ក្រុម​ហ៊ុន​ភ្នំពេញ​ SUGAR​ និង​ប្រជា​ពល​រដ្ឋ ​នៅ​ឃុំ​អម​លាំង​ តុលា ការ​ខេត្ត​កំពង់​ស្ពឺ​បាន​ចាប់​ប្រជា​ពល​រដ្ឋ​ចំនួន​២​រូប ​គឺ​លោក​យូ ​ថូ ​និង​លោក​ឃឹម​ វុទ្ធី​ ទៅ​ដាក់​ឃុំ ​ក៏​ប៉ុន្តែ​ក្រោយ​មក​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។

ពី​ឃុំ​អម​លាំង​ ខេត្ត​កំពង់​ស្ពឺ ​ខ្ញុំ​ ហេង​ រស្មី ​VOA​ សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG