ភ្នំពេញ៖ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានជួបប្រជុំនៅក្នុងប្រទេសប៊្រេហ្ស៊ីល បានទទួលយក និងទទួលស្គាល់ឯកសារស្តីពីផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា សម្រាប់យកទៅពិភាក្សាគ្នានៅឆ្នាំក្រោយ។ មន្ត្រីជាន់ខ្ពស់កម្ពុជាបានហៅការសម្រេចនេះថា ជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា។ ប៉ុន្តែប្រទេសថៃបានសម្តែងការសប្បាយរីករាយចំពោះការសម្រេចនេះ ខណៈដែលប្រទេសថៃបានប្រឆាំងនឹងផែនការរបស់ប្រទេសកម្ពុជានេះ។
លោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃសុក្រនេះថាគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចលើកយកផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ដែលមានជម្លោះព្រំដែនជាមួយប្រទេស ទៅពិភាក្សានៅឆ្នាំក្រោយ។
ប្រទេសកម្ពុជាបានរៀបចំផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារប្រកបដោយផ្លូវច្បាប់ និងបច្ចេកទេសខ្ពស់ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០០៨។
រដ្ឋាភិបាលថៃបានប្រឆាំងនឹងផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ដោយគំរាមដកខ្លួនចេញពីអង្គការUNESCO បើគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិនេះគាំទ្រផែនការរបស់ប្រទេសកម្ពុជាដើម្បីគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារ ដែលជាប់ព្រំដែនជាមួយប្រទេសថៃ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងតាមទូរស័ព្ទពីប្រទេសប៊្រេហ្ស៊ីល ដែលបានផ្សាយដោយទូរទស្សន៍ឯកជនពីរនៅក្នុងទីក្រុងភ្នំពេញថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានទទួលយកឯកសាររបស់អគ្គលេខាធិការដ្ឋាន UNESCO ដែលនិយាយអំពីផែនការគ្រប់គ្រងប្រាសាទព្រះវិហារនិងសមិទ្ធិផលការងារនៅក្នុងតំបន់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីសុខ អានបានបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានទទួល និងកត់សម្គាល់ថា ឯកសាររបស់ប្រទេសកម្ពុជាបានដាក់ដល់ដៃរបស់មណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។
«គណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចថា នឹងយកឯកសារស្តីពីការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាទៅពិភាក្សានៅឆ្នាំក្រោយ។ អញ្ចឹង ពាក្យអង់គ្លេសសរសេរថា CONSIDER។ CONSIDER មានន័យថា សម្រេចទទួលយក (ផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារ)។ បើគេ (គណៈកម្មាធិការបេតិកភណ្ឌពិភពលោក)មិនទទួលយក(ផែនការនេះ) គេប្រើពាក្យ POSTPONE។ POSTPONE ពាក្យជំនាញមានន័យថា ទាត់ចោលតែម្តង»។
លោក Suwit Khunkitti រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសថៃ បាននិយាយនៅក្នុងប្រព័ន្ធព័ត៌មានអន្តរជាតិថា របៀបវារៈស្តីពីផែនការគ្រប់គ្រងប្រាសាទព្រះវិហារត្រូវបានលើកពេលទៅកិច្ចប្រជុំឆ្នាំក្រោយ ហើយនឹងអនុញ្ញាតឱ្យប្រទេសថៃ និងកម្ពុជា មានពេលវេលាច្រើនទៀតដើម្បីធ្វើការពិភាក្សា និងទំនាក់ទំនងទ្វេភាគី ដើម្បីស្វែងរកកិច្ចព្រមព្រៀងរួម និងទៅវិញទៅមករវាងប្រទេសទាំងពីរ។
ទីតាំងប្រាសាទព្រះវិហារស្ថិតនៅក្នុងព្រំដែនរបស់ប្រទេសកម្ពុជា នៅកំពូលភ្នំដងរែកកម្ពស់៥២៥ម៉ែត្រ និងនៅជាប់ព្រំដែនជាមួយប្រទេសថៃ។ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចនៅក្នុងឆ្នាំ១៩៦២ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។
ប្រព័ន្ធព័ត៌មានអន្តរជាតិបានរាយការណ៍ថា កិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងធ្វើឡើងនៅក្នុងប្រទេស Bahrain នៅឆ្នាំក្រោយ៕