ភ្នំពេញ៖ក្រុមតំណាងរាស្ត្របានសម្តែងការព្រួយបារម្ភអំពីកង្វះច្បាប់មួយចំនួនសម្រាប់ការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែប្រេង និងឧស្ម័ន នៅពេលដែលប្រទេសនេះគ្រោងនឹងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែប្រេង និងឧស្ម័ន នៅក្នុងឆ្នាំ២០១២។ ក្រុមតំណាងរាស្ត្រទាមទារឱ្យរដ្ឋាភិបាលបង្កើតច្បាប់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីគ្រប់គ្រងធនធានរ៉ែប្រកបដោយតម្លាភាព ការទទួលខុសត្រូវ និងប្រសិទ្ធិភាព ដើម្បីជៀសវាងបណ្តាសាប្រេង។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលកំពុងតាក់តែងសេចក្តីព្រាងច្បាប់មួយចំនួនសម្រាប់គ្រប់គ្រងការធ្វើអាជីវកម្មធនធានរ៉ែនៅកម្ពុជា។
នៅថ្ងៃសុក្រនេះ ក្រុមតំណាងរាស្ត្រនៃប្រទេសកម្ពុជាបានទទូចឱ្យរដ្ឋាភិបាលបង្កើតយន្តការសម្រាប់ គ្រប់គ្រងការធ្វើអាជីវកម្មរ៉ែប្រេងនិងឧស្ម័នឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវមុននឹងចាប់ផ្តើមបូមយករ៉ែប្រេង និងឧស្ម័ននៅក្នុងឆ្នាំ២០១២ខាងមុខនេះ។
ប្រទេសកម្ពុជាគ្រោងនឹងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែប្រេង និងឧស្ម័ននៅក្នុងឆ្នាំ២០១២ខាងមុខនេះ ខណៈ ដែលប្រទេសនេះកំពុងប្រឈមនឹងកង្វះច្បាប់សម្រាប់គ្រប់គ្រងការធ្វើអាជីវកម្មរ៉ែប្រេងនិងឧស្ម័ន ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ដើម្បីជៀសវាងបណ្តាសាប្រេង។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានជម្រាបលោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងកិច្ចប្រជុំជាមួយប្រធានគណៈកម្មការរដ្ឋសភាថា តំណាងរាស្ត្រតែងតែមានការត្អូញត្អែរអំពីកង្វះយន្តការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែប្រេង និងឧស្ម័ន ខណៈដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនបូមយករ៉ែប្រេង និងឧស្ម័ននៅក្នុងឆ្នាំ២០១២នោះ។
«គណបក្សនយោបាយទាំង៥ នៅក្នុងរដ្ឋសភាច្រើនត្អូញត្អែរថា តំណក់ប្រេងទីមួយដែលត្រូវបានបូម យកមកប្រើប្រាស់ដំបូងនៅម៉ោង១២យប់ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ត្រូវមានច្បាប់គ្រប់គ្រាន់ដើម្បីប្រើប្រាស់ឱ្យចំទិស។ បើយើងមិនមានច្បាប់គ្រប់គ្រាន់ និងត្រឹមត្រូវទេ យើងនឹងមានកំហុស ឬទទួលរងនូវបណ្តាសាប្រេង»។
លោកជាម យៀបបានរំឭកថា ដោយសារកង្វះច្បាប់គ្រប់គ្រងការធ្វើអាជីវកម្មធនធានរ៉ែ និងអំពើពុករលួយ ប្រទេសនីហ្សេរីយ៉ា ប្រទេសអ៊ូហ្គាន់ដា ប្រទេសម៉ូហ្សាំមប៊ិក និងប្រទេសសូម៉ាលី នៅតែប្រឈមនឹងភាពក្រីក្រកាន់តែខ្លាំងឡើង ខណៈដែលប្រទេសទាំងនេះបានទទួលប្រាក់ចំណូលពីការធ្វើអាជីវកម្មរ៉ែប្រេង និងឧស្ម័ននោះ។
លោកជាម យៀបបានបន្តថា យើងត្រូវយកគំរូតាមប្រទេសរុស្ស៊ី ប្រទេសចិននិងប្រទេសឥណ្ឌូនេស៊ី ដែលគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែប្រេង និងឧស្ម័នរបស់គេបានទទួលពរជ័យប្រេង ដោយសារប្រទេសទាំងនេះមានច្បាប់បីសំខាន់៖ ទីមួយ ច្បាប់ស្តីពីការគ្រប់គ្រងប្រេង និងឧស្ម័ន ទីពីរ ច្បាប់ស្តីពីការយកពន្ធលើការធ្វើអាជីវកម្មប្រេង និងឧស្ម័ន និងទីបី ច្បាប់ស្តីពីការយកពន្ធលើប្រាក់ចំណេញនៃការធ្វើអាជីវកម្មរ៉ែប្រេង និងឧស្ម័ន។
លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រដ្ឋាភិបាលកំពុងតែដំណើរការ តាក់តែងសេចក្តីព្រាងច្បាប់មួយចំនួនសម្រាប់គ្រប់គ្រងការធ្វើអាជីវកម្មរ៉ែប្រេង និងឧស្ម័ននេះ។ រដ្ឋា ភិបាលត្រូវមានគណនេយ្យភាពក្នុងការធ្វើអាជីវកម្មរ៉ែប្រេង និងឧស្ម័ននេះ ចំពោះរដ្ឋសភា។
ក្រុមហ៊ុនបរទេសចំនួន២៣ត្រូវបានផ្តល់សិទ្ធិឱ្យរុករករ៉ែប្រេង និងឧស្ម័ននៅក្នុងសមុទ្រកម្ពុជា ប៉ុន្តែ មិនមែនក្រុមហ៊ុនទាំងអស់នោះកំពុងប្រតិបត្តិការរុករកធនធានរ៉ែនោះទេ។
លោកសុខ អាន រដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់សមាជិកសភាគណបក្ស ប្រឆាំងថ្មីៗនេះថា ក្រុមប្រេង Total របស់ប្រទេសបារាំងបានចំណាយ២៨លានដុល្លារអាមេរិកឱ្យរដ្ឋា ភិបាលកម្ពុជាដោយនិយាយថា ២០លានដុល្លារអាមេរិកត្រូវបានចំណាយជាប្រាក់រង្វាន់ចុះហត្ថលេខា ៦លានដុល្លារសហរដ្ឋអាមេរិកបានដាក់ចូលទៅក្នុងមូលនិធិសង្គម និង២លានដុល្លារសហរដ្ឋអាមេរិកគឺសម្រាប់ដំណើរការរដ្ឋបាល៕