ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ម៉ុង ​ឫទ្ធី​បដិសេធ​ការ​ចោទ​ប្រកាន់​អំពី​ការ​បូម​ខ្សាច់​ ក្នុង​សំណួរ​ចម្លើយ​ជា​មួយ​វីអូអេ


ទិដ្ឋភាពខ្សាច់មាត់ឆ្នេរសមុទ្រ។
ទិដ្ឋភាពខ្សាច់មាត់ឆ្នេរសមុទ្រ។

តទៅ​នេះ​ជា​បទ​សម្ភាសន៍​រវាង​លោក​វីអូអេ​ជា​មួយ​លោកម៉ុង ​ឫទ្ធី ដែល​បដិសេធការចោទប្រកាន់អំពីការបូមខ្សាច់​។

លោកសុខ ខេមរា៖​ ការ​ដែល​ជីក​ខ្សាច់​អញ្ចឹង​ទៅធ្វើ​ឱ្យ​ប៉ះ​ពាល់​បរិដ្ឋាន។​ នេះ​ជា​ការ​ដែល​ធ្វើ​មុខ​ជំនួញ​ធម្មតា​ឬ​ក៏​ជា​ការ​មួយ​ដែល​រដ្ឋា​ភិបាល​ផ្តល់​អាជ្ញា​បណ្ណ​គ្នា​ទៅ​វិញ​ទៅ ​មក​ធ្វើ​ជំនួញ​ហ្នឹង​ឬ​ក៏​យ៉ាង​ម៉េច​បាទ?

លោកម៉ុង ​ឫទ្ធី​៖​ដំបូង​ខ្ញុំ​សូម​អរគុណ ​ហើយ​ខ្ញុំ​សុំ​ប្រាប់​ថា​ ខ្មែរ​ត្រូវ​តែ​មាន​សិទ្ធិ​ដឹក​នាំ​ប្រទេស​ ខ្លួន​ដោយ​ខ្លួន​ឯង។​ ចាត់​ចែង​វាសនា​ប្រទេស​ដោយ​ខ្លួន​ឯង​ទី​១។​ ទី២​ទៀត ​ការ​ដែល​ខ្ញុំ​ធ្វើ​កំពង់​ផែ ​ហើយ​ខ្ញុំ​បូម​ខ្សាច់​ស្តារ​ប្រឡាយ​ឆ្លូង​នេះ​តាំង​ពី​២០០៣​មក​រហូត​ដល់​ថ្ងៃហ្នឹង​ តែ​អត់​ដែល​បាន​នាំ​ចេញ​ទេ​ ​មក​ពី​ខ្សាច់​ហ្នឹង​អត់​ជាប់ ​ត្រួតពិនិត្យ? ​ហើយដល់​ពេល​ផ្សាយ​ថា​ ខ្ញុំ​ហ្នឹង​នាំ​ចេញ​រាប់​លាន​តោន​អញ្ចឹង​ទៅ​ អាហ្នឹង​មាន​ភ្នែក​អត់​ប្រស្រី​ ចុះ​កិច្ច​សន្យា​មែន​ តែ​វា​អត់ ​គេ​អត់​យក​ដោយ​សារ​គុណ​ភាព​វា​អត់​ជាប់​ គុណ​ភាព​វា​អត់​ជាប់។

លោកសុខ ខេមរា៖ អញ្ចឹង​ប្រទេស​សិង្ហ​បូរី​ហ្នឹង​មិន​មាន​ការ​ទិញ​ខ្សាច់​ពី​(កម្ពុជា)​យើង​ទេ​ ដោយ​របាយ​ការណ៍​ហ្នឹង​ចេញ​មិន​ត្រឹម​ត្រូវ​ទេ ​មិន​មាន​ការ​ស៊ើប​អង្កេត​ទេ?

លោក ម៉ុង ​ឫទ្ធី​៖ អត់​យើង​ទេ ​ខ្ញុំ​អត់​ដឹង​ទេ។​ ខ្ញុំ​និយាយ​តែ​ខ្លួន​ខ្ញុំ​ មិន​បាន​ដឹក​ខ្សាច់​ទៅ​ឱ្យ​សិង្ហ​បូរី​ទេ​ ដោយ​សារ​ខ្សាច់​ហ្នឹង​គេ​អត់​យក​ ដោយ​សារ​គុណ​ភាព​វា​អត់​ជាប់ ​ត្រួតពិនិត្យ​ របស់​គេហ្នឹង។​ កុំ​អី​ក៏​គេ​យក​ដែរ។​ ខ្សាច់​អត់​គុណ​ភាព​នោះ ​បាទ?

លោកសុខ ខេមរា៖ ខ្សាច់​ដែល​លោក​ឧកញ៉ា​ថា​ អត់​មាន​គុណ​ភាព​ហ្នឹង​នៅ​ត្រង់​កន្លែង​ណា​ ប៉ូម​នៅ​ត្រង់​ណា​បាទ?

លោក ម៉ុង ​ឫទ្ធី​៖ ​ខ្ញុំ​មាន​សិទ្ធិ​បូម​តែ​ស្តារ​ប្រឡាយ​ឱ្យ​កប៉ាល់​ចូល​ផែ​តែ​ប៉ុណ្ណឹង។​ លើស​ពី​ហ្នឹង​ ខ្ញុំ​ អត់​មាន​បូម​ផង។​ ក្នុង​សមុទ្រ​អត់​មាន​គឺ​ខ្ញុំ​បូម​តែ​ឱ្យ​កប៉ាល់​ចូល​ផែ។​ អា​ប្រឡាយ​ ហៅ​ថា​ ព្រែក​ឆ្កែ​ព្រូស​ហ្នឹង។​ប៉ុន្តែ​បូម​ហ្នឹង​តាំង​ពី​ឆ្នាំ​២០០៣​ មិន​មែន​ទើប​ឥឡូវ​ទេ។​ តែ​គ្រាន់​តែ​ស្តារ​ធ្វើ​ម៉េច​ឱ្យ​កប៉ាល់​ចេញ​ចូល​បាន។​ តែ​ស្តារ​តែ​១​ម៉ែត​កន្លះ​ទេ​ ហើយ​គេ​ថា​ ខ្ញុំ​នាំ​ខ្សាច់​ចេញ​ហ្នឹង ​អា​នេះ​គេ​ចេះ​តែ​ថា​ អញ្ចឹង​ទៅ។

លោកសុខ ខេមរា៖ មាន​ការ​ចោទ​ប្រកាន់​ថា​ អាជ្ញា​បណ្ណ​ប៉ូម​ខ្សាច់​ហ្នឹង​ត្រូវ​បិទ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​លោក​ឧកញ៉ា ​និង​លោក​ឧកញ៉ា​ លី ​យ៉ុងផាត់​នៅ​តែ​មាន​អាជ្ញា​បណ្ណ​ហ្នឹង ​ដោយ​ សារ​តែ​មូល​ហេតុ​អី​បាទ?

ម៉ុង ​ឫទ្ធី​៖ មូល​ហេតុ​ខ្ញុំ​គឺ​រដ្ឋា​ភិបាល​ឱ្យ​ខ្ញុំ​សាង​សង់​ផែ​សមុទ្រ​ ដល់​ទឹក​រាក់​រដ្ឋា​ភិបាល​បាន​ឱ្យ​បូម​ចេញ​ ដល់​បូម​ខ្សាច់​ហ្នឹង​ឱ្យ​កប៉ាល់​ចូល​ខ្ញុំ​សុំ​នាំ​ខ្សាច់​ហ្នឹង​ទៅ​លក់ ​ហើយ​បង់​ពន្ធ​ជូន​រដ្ឋ។​ ប៉ុន្តែ​តាំង​ពី​រដ្ឋ​អនុញ្ញាត​មក​ វា​អត់​បាន​នាំ​ចេញ​ទេ។​ អាហ្នឹង​ឱ្យ​ច្បាស់​អញ្ចេះ។​ ហើយ​ខ្ញុំ​សូម​ជម្រាប​ថា ​រដ្ឋា​ភិបាល​កម្ពុជា​មាន​គយ ​មាន​កាំ​កុង​ត្រូល​ មាន​អី​ទាំង​អស់​ ហើយ​បើ​នាំ​ចេញ​មិន​អាច​គេច​ភ្នែក​សមត្ថ​កិច្ច​ បាន​ទេ។​ ត្រូវ​តែ​បង់​ពន្ធ​ជូន​រដ្ឋ​ទើប​នាំ​ចេញ​បាន។​ រឿង​គេ​ ខ្ញុំ​អត់​ដឹង​ទេ​ តែ​រឿង​ខ្ញុំ ខ្ញុំ​អត់​បាន​នាំ​ចេញ​ទេ។

លោកសុខ ខេមរា៖ លោក​ឧកញ៉ា​គិត​យ៉ាង​ម៉េច​ជា​មួយ​អង្គការ​ Global ​Witness?

ម៉ុង ​ឫទ្ធី​៖ ​មិន​បាច់​អង្គការ​ Global​ Witness​ ទេ ​អា​VOA​ ក៏​ដោយ ​អាស៊ីសេរី​ក៏​ដោយ។​ ថ្ងៃ​មុន​ផ្សាយ​ថា​ ខ្ញុំ​ឈូស​ស្រែ​ប្រជា​ជន​នៅ​ដុំ​ក្រឡ​នោះ គឺវា​អត់​ពិត​ទាល់​តែ​សោះ។ ​ខ្ញុំ​មិន​ទាំង​មាត់​ផង​មាត់​អី ​បើ​ខ្ញុំ​អត់​មាន​(ស្ថានីយ៍)វិទ្យុ។ ​មាន​ស្រែ​ឯ​ណា​នៅ​ដុំ​ក្រឡ? ​ខ្ញុំឈូស​រៀបចំ​ផ្ទះ​សម្បែង​ឱ្យ​ប្រជា​ជន​នៅ​ មិន​មក​ជួយ​ផ្សាយ​ ​ទៅ​ជា​ផ្សាយ​ថា ​ខ្ញុំ​ទៅ​ឈូស​ស្រែ​ប្រជា​ជន​ទៅ​វិញ​ទៅ។​ បាទ​ខ្ញុំ​ហ្នឹង​សើ​រើ​របាយ​ការណ៍​ហ្នឹង​ឡើង​វិញ។ ​មិន​ដឹង​ថា ​ខាង​ខ្ញុំ​មិន​សូវ​មាន​(ធ្វើ)​ ធ្វើ​ខ្លួន​ឯង​ទៅ​កុំ​អាង​មាន​វិទ្យុ​ចេះ​តែ​ផ្សាយ​នោះ។​ មើល​អ្នក​ណា​ជួយ​ជាតិ​ខ្លួន​ឯង? ​ក្រែង​កើត​មក​ខ្មែរ​ដែរ​ហ្អី?​ បើ​ខ្មែរ​ដែរ​មើលៗ?​ វា​ពិត​ដែរ​អត់? ​ខ្ញុំ​ឈូស​យក​ស្រែ​ប្រជា​ជន​ដែរ​ឬ​អត់?​ គ្មាន​អ្នក​ណា​ទៅ​រៀបចំ​ប្រជា​ជន​ដូច​ខ្ញុំ​ទេ។ ​ខ្ញុំ​សង់​ផ្ទះ​រាប់​រយ​ខ្នង​មិន​ជួយ​ផ្សាយ​ផង​ ហើយ​អា​ការ​រៀប​ចំ​ដី​ហ្នឹង​គឺ​ខ្ញុំ​រៀប​ចំ​ឱ្យ​ប្រជាជន​ម្នាក់​៥០​ម៉ែត្រ​៤​ជ្រុង ​គ្មាន​ទៅ​ឈូស​ស្រែ​អី​ណាទេ។​ ស្រុក​ហ្នឹង​អា​ណា​គេ​ធ្វើ​ស្រែ?​ អត់​មាន​ផង​ហ្នឹង។

លោកសុខ ខេមរា ខ្ញុំ​មិន​ដឹង​ថា​ លោក​ឧកញ៉ា​និយាយនេះគឺជា VOA​ឬយ៉ាងណាទេ?

លោក ម៉ុង ​ឫទ្ធី​៖ ថា​ មិន​គួរ​ណា​ផ្សាយ​មិន​ពិត​ទេ។​ ផ្សាយ​រឿង​អី​ដែល​ពិត​ទៅ​ ហើយ​កន្លែង​ណា​ដែល​ខ្មែរ​ ជួយ​ខ្មែរ​ ផ្សាយ​ផង។ កុំ​ផ្សាយ​តែ​បរទេស​ជួយ​ខ្មែរ​នោះ។​ វា​អត់​ត្រឹម​ត្រូវ​ទេ។

លោកសុខ ខេមរា៖ អរគុណ​ច្រើន​លោក​ឧកញ៉ា។ ខ្ញុំ​នឹង​ស្រាវ​ជ្រាវ​មើល​ឡើង​វិញ។

លោក ម៉ុង ​ឫទ្ធី​៖ បាទ! ​ខ្ញុំ​អរគុណ​ដែរ។ ប៉ុន្តែ​តាម​សង្កេត​មើល​ទៅ​ រឿង​ខ្សាច់​ហ្នឹង​វា​ឆ្កួត​ណាស់។

លោកសុខ ខេមរា៖ ប៉ុន្តែ​អត់​មាន​ការ​ប្តឹង​ផ្តល់ ​Global​ Witness ​ដែល​ចេញ​របាយ​ការណ៍​ទេ?

លោក ម៉ុង ​ឫទ្ធី​៖ អ្ហែ! ប្តឹង​ជា​មួយ​កាសែត​ ទៅ​ប្តឹង​ជាមួយ ​VOA​ ដែល​ឈ្នះទេ? ​មើល​ខ្ញុំ​សួរ​វិញ?

លោកសុខ ខេមរា៖ រឿង ​Global Witness ចេញរបាយការណ៍រឿងហ្នឹងមិនមែន (VOA)ទេ!

លោកម៉ុង ​ឫទ្ធី​៖ ​Global ​Witness​ ក៏​ដោយ ​ អ្នក​ណា​ក៏​ដោយ​ ក៏​ខ្ញុំ​អត់​ប្តឹង​គេ​ដែរ។ ​សិទ្ធិ​គេ​ផ្សាយ​ ហើយ​សិទ្ធិ​ខ្ញុំ​អត់​ត​មាត់។

លោកសុខ ខេមរា៖ លោក​ឧកញ៉ា​ អញ្ចឹង មាន ន័យ​ថា ​ខ្សាច់ ហ្នឹង​មិន​មាន​នៅ​ខាង​កន្លែង​ប៉ែក​ណា​ផ្សេង​ទៀត​ទេ​ដែល​បូម​ហ្នឹង​គឺ​ថា​ មាន​តែ​កន្លែង​កំពុង​ផែ​(ឧកញ៉ាម៉ុងកែវផុស ​ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង)​ហ្នឹង​មួយ​ទេ។​ ខ្ញុំ​ចង់​បញ្ជាក់​ថា​ កន្លែង​ផ្សេង​ទៀត​អត់​មាន​ទេ​ឬ?

លោក ម៉ុង ​ឫទ្ធី​៖ ​ខ្ញុំ​អត់​មាន​បូម​ខ្សាច់​ក្រៅ​ពី​ហ្នឹង​ទេ​ ហើយ​គេ​ថា​ខ្ញុំ។ ​ចេះ​តែ​ថា​ទៅ។​ ការណ៍​ពិត​ខ្ញុំ​ស្តារ​តែ​ប្រឡាយ​ឱ្យ​កប៉ាល់​ចេញ​ចូលសម្រួល​ផ្លូវ​ទឹក​ ធ្វើ​ម៉េច​កុំ​ឱ្យ​កឿង​កប៉ាល់​ តែនៅ​ព្រែក​ឆ្កែ​ព្រូស​ហ្នឹង​ រដ្ឋ​អនុញ្ញាត​តែ​ប៉ុណ្ណឹង។ តែ​ដល់​ពេល​ពី​មុខ​ហ្នឹង​ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា​ កុំ​ឱ្យ​ច្រឡំ​ គ្មាន​ខ្សាច់​ទេ​ គឺ​មាន​តែ​ភក់​ទេ​ក្នុង​សមុទ្រ​ហ្នឹង​នោះ។​ ខ្ញុំ​សិក្សា​អស់​ហើយ​ គេ​អត់​ទិញ​ទេ។ សិង្ហបូរី​អត់​ទិញ​ទេ។​ និយាយ​អាមុខ​ផែ​ខ្ញុំ​ទៅ​រហូត​ទៅ​១០​គីឡូ​ហ្នឹង​ សិង្ហបូរី​មិន​ទិញ​ទេ។​ មក​ពី​អាហ្នឹង​ភក់។​ កុំ​នាំ​គ្នា​ឈ្លោះ​គ្នា​អត់​ប្រយោជន៍​នោះ​ និយាយ​ឱ្យ​ច្បាស់​អញ្ចេះ​ទៅ។

លោកសុខ ខេមរា៖ លោក​ឧកញ៉ា​សូម​អរគុណ​ច្រើន​ដែល​បាន​ចំណាយ​ពេល​សម្ភាស។

លោកម៉ុង ​ឫទ្ធី​៖ បាទ​អរគុណ ​អាយុ​១០០!

លោកសុខ ខេមរា៖ បាទ​សូម​អរគុណ ​សូម​ជម្រាប​លា!

XS
SM
MD
LG