តទៅនេះអ្នកស្រី នុច សារីតា សូមជូនសេចក្តីប្រែសម្រួលសេចក្តីរាយការណ៍សុខភាពរបស់នាង Caty Weaver នៃ VOA Special English ស្តីអំពីការសិក្សាថ្មីមួយដែលពិនិត្យមើលទំនាក់ទំនងរវាងការប្រើព័ត៌មាន និងសុខភាពផ្លូវចិត្តរបស់មនុស្ស ក៏ប៉ុន្តែការសិក្សានោះមិនបានឆ្លើយតបសំនួរធំមួយទេ។
ការសិក្សាថ្មីមួយផ្តល់នូវយោបល់ថា ក្រុមក្មេងជំទង់ដែលមើលទូរទស្សន៍កាន់តែច្រើន ក្រុមក្មេងទាំងនោះទំនងជាកើតមានការធ្លាក់ទឹកចិត្តកាន់តែច្រើនឡើងទាំងខ្លួននៅក្មេង។ ក៏ប៉ុន្តែព្រំដែននៃការដែលទូរទស្សន៍អាចទទួលការស្តីបន្ទោស ឬមិនទទួលការស្តីបន្ទោសគឺជាបញ្ហាមួយដែលការសិក្សាបន្សល់ទុកដោយឥតចម្លើយ។
ក្រុមអ្នកស្រាវជ្រាវបានប្រើការស្ទង់មើលមានរយៈពេលយូរមួយអំពីសុខភាពមនុស្សពេញវ័យ ដើម្បីស្វែងរកដោយខ្ជាប់ខ្ជួននូវទំនាក់ទំនងរវាងការប្រើព័ត៌មាននិងការធ្លាក់ទឹកចិត្ត (ឬការក្រៀមក្រំចិត្ត)។ ក្រុមអ្នកស្រាវជ្រាវបានសំអាងនូវសេចក្តីសម្រេចរបស់ខ្លួនទៅលើមនុស្សពេញវ័យច្រើនជាង៤០០០នាក់ដែលគ្មានការធ្លាក់ទឹកចិត្តនៅឡើយទេ នៅពេលការស្ទង់មើល បានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៥។
នៅក្នុងចំណែកនៃការស្ទង់នោះ ក្រុមយុវវ័យត្រូវបានសាកសួរថា តើក្នុងមួយថ្ងៃពួកគេមើលទូរទស្សន៍និងមើលវីដេអូប៉ុន្មានម៉ោង។ ក្រុមយុវវ័យទាំងនោះក៏ត្រូវបានសួរផងដែរ ថា តើពួកគេបានលេងល្បែងផ្សេងៗក្នុងកំព្យូទ័រនិងបានស្តាប់វិទ្យុញឹកញាប់ប៉ុណ្ណាដែរ។
ចម្លើយគឺ ការប្រើព័ត៌មានទាំងអស់មានរយៈពេលមធ្យម៥ម៉ោងកន្លះក្នុងមួយថ្ងៃ ហើយច្រើនជាងពីរម៉ោងនៃពេលដែលបានចំណាយនោះគឺមើលទូរទស្សន៍។
ប្រាំពីរឆ្នាំក្រោយមក គឺនៅឆ្នាំ២០០២ ច្រើនជាង៧ភាគរយនៃក្រុមយុវវ័យនោះ ឃើញមានសញ្ញានៃការធ្លាក់ទឹកចិត្ត។ អាយុមធ្យមរបស់ពួកគេនៅពេលនោះគឺ២១ឆ្នាំ។
លោក Brian Primack នៅសាកលវិទ្យាល័យពេទ្យUniversity of Pittsburgh ជាអ្នកនិពន្ធនាំមុខនៃការសិក្សាថ្មី។ លោកថ្លែងថា នៅរាល់ម៉ោងបន្ថែមនៃការមើលទូរទស្សន៍គឺមានឱកាសកើន៨ភាគរយនៃការកើតសញ្ញានៃការធ្លាក់ទឹកចិត្ត។
ក្រុមអ្នកស្រាវនិយាយថា គេមិនបានរកឃើញទំនាក់ទំនងណាមួយជាមួយនឹងការប្រើព័ត៌មានផ្សេងៗទៀត មានដូចជាភាពយន្តវីដេអូ Games ឬវិទ្យុជាដើមនោះទេ។ ក៏ប៉ុន្តែ ការសិក្សាបានរកឃើញថា បុរសក្មេងៗទំនងជាកើតការធ្លាក់ទឹកចិត្តច្រើនជាងស្ត្រីក្មេងៗនៅក្នុងការផ្តល់ឲ្យប្រើព័ត៌មានស្មើពេលគ្នា។
លោកវេជ្ជបណ្ឌិត Primack មានប្រសាសន៍ថា ការសិក្សាមិនបានពិនិត្យពិច្ច័យថា ការមើលTV បណ្តាលឲ្យមានការធ្លាក់ទឹកចិត្តទេ។ ក៏ប៉ុន្តែលទ្ធភាពមួយដែលលោកនិយាយគឺថាវាគួរតែយកពេលវេលាទៅប្រើលើសកម្មភាពទាំងឡាយ ដែលអាចជួយការពារការធ្លាក់ទឹកចិត្ត ដូចជាការហាត់កីឡានិងការចូលរួមក្នុងសង្គម។ លោកថ្លែងថា វាក៏អាចជ្រៀតជ្រែកដល់ការទទួលទានដំណេកផងដែរ។
ការសិក្សានោះបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី ចិត្តវេជ្ជវិជ្ជា មានឈ្មោះថា The Archives of General Psychiatry។
កាលពីខែធ្នូ ទិនានុប្បវត្តិឈ្មោះ The Journal Social Indicators Research បានបោះពុម្ពផ្សាយការសិក្សាមួយស្តីពីសកម្មភាពទាំងឡាយដែលជួយនាំទៅរកជីវិតសប្បាយរីករាយ។ ក្រុមអ្នកជំនាញការខាងសង្គមវិទ្យា មកពីសាកលវិទ្យាល័យ University of Maryland បានរកឃើញថា មនុស្សដែលរៀបរាប់អំពីខ្លួនគេថា សប្បាយរីករាយនោះបានចំណាយពេលមើលទូរទស្សន៍តិចជាងមនុស្សដែលមិនសប្បាយរីករាយ។ ការសិក្សាបានរកឃើញថា មនុស្សដែលសប្បាយរីករាយក្នុងចិត្តទំនងជាមនុស្សសកម្មនៅក្នុងសង្គម ចូលចិត្តអាន ចូលចិត្តចូលរួមក្នុងពិធីសាសនា និងការបោះឆ្នោត៕