ក្រុមហ៊ុនឯកជនកម្ពុជា និងម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគដែលមានតម្លៃទឹកប្រាក់១០០០លានដុល្លារអាមេរិកនៅចំពេលដែលលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានមកទស្សនកិច្ចនៅកម្ពុជា។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានយល់ព្រមជាគោលការណ៍ឱ្យក្រុមហ៊ុនធនាគារ CIMB Group របស់ប្រទេសម៉ាឡេស៊ីបើកទីស្នាក់ការបម្រើសេវាកម្មធនាគារនៅកម្ពុជា។
ការយល់ព្រមនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលជួបពិភាក្សាការងាររវាងលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Tun Razak ដើម្បីអនុញ្ញាតឱ្យក្រុម ហ៊ុនធនាគារ CIMB Group បង្កើតនិងប្រតិបត្តិការទំនុកបម្រុងប្រាក់ផ្ទាល់ខ្លួន១០០ភាគរយ ដើម្បីផ្តល់ទៅឱ្យសេវាកម្មធនាគារ និងធនាគារផលិតកម្មដល់ប្រជាពលរដ្ឋ ខ្មែរប្រមាណ១៤លាននាក់។
លោកអៀង សុផលឡែត អ្នកនាំពាក្យផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែង ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីក្រោយពីជំនួបរវាង លោកនាយករដ្ឋមន្ត្រីទាំង២រូបថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានយល់ព្រមជា គោលការណ៍ឱ្យក្រុមហ៊ុន CIMB Group បើកសេវាកម្មធនាគារនៅកម្ពុជា។
"ការស្នើសុំចំពោះសម្តេចតេជោផ្ទាល់ ក្រុមហ៊ុន CIMB Groupសុំអាជ្ញាប័ណ្ណ ដើម្បីធនាគារមួយទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះសំណើនេះ សម្តេចបានឯកភាពជាគោលការណ៍ និងលើកទឹកចិត្ត និងគាំទ្រឱ្យធនាគារនេះបើកនៅក្នុងព្រះរាជាណាចក្រកម្ពុជា"។
ការយល់ព្រមនេះបានតម្រូវឱ្យក្រុមហ៊ុននេះបង្កើតប្រតិបត្តិការក្នុងរយៈពេល៦ខែ ហើយ ក្រុមហ៊ុន CIMB Group បាននិយាយថា ខ្លួនគ្រោងនឹងបង្កើតទីស្នាក់ការនៅក្នុងទីក្រុងភ្នំពេញ ក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន។
លោក Datuk Sri Nazir Razak ប្រធានប្រតិបត្តិធនាគារ CIMB Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងសប្បាយរីករាយចំពោះទស្សនវិស័យវែងឆ្ងាយសម្រាប់ សេដ្ឋកិច្ចកម្ពុជា។ យើងជឿជាក់ថា យើងអាចរួមវិភាគទានដល់ការអភិវឌ្ឍន៍ទីផ្សារធនាគារក្នុងស្រុក ខណៈដែលមានសម្រួលលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងទីផ្សារកម្ពុជា និងអាស៊ាន។លោក បានបន្តថា ទង្វើនេះនឹងផ្សារភ្ជាប់តួនាទីរបស់ខ្លួនបន្ថែមទៀតជាអ្នកមានសិទ្ធិផ្នែកធនាគារនាំមុខគេនៅក្នុងតំបន់។ នៅពេលឥឡូវនេះ ក្រុមហ៊ុននេះបានបើកប្រតិបត្តិការនៅក្នុង ប្រទេសចំនួន៨ ក្នុងចំណោមប្រទេសអាស៊ាន១០ ហើយក្រៅពីមានការិយាល័យនៅប្រទេសអាស៊ាន ក្រុមហ៊ុន CIMB Group មានការិយាល័យនៅហុងកុង Bahrain, Londonនិង NewYork ព្រមទាំងភាគហ៊ុន១៩,៩៩ភាគរយនៅក្នុងធនាគារ Yingkou នៅប្រទេសចិន។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najibឱ្យជួយជំរុញអ្នកវិនិយោគម៉ាឡេស៊ីមកពិនិត្យលើការវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ជាពិសេសដំណាំស្រូវ។
"លោកបានលើកទឹកចិត្តដល់អ្នកវិនិយោគទុនម៉ាឡេស៊ី មកវិនិយោគនៅកម្ពុជា"។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najibបានសន្យាថា លោកនឹងខិតខំប្រឹងប្រែងជំរុញអ្នក វិនិយោគទុនម៉ាឡេស៊ីច្រើនថែមទៀត ឱ្យមកវិនិយោគនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកNajib បានដឹកនាំអ្នកវិនិយោគទុនម៉ាឡេស៊ី ជាច្រើន មកបានរួមដំណើរជាមួយលោក ដើម្បីស្វះស្វែងរកឱកាសធ្វើវិនិយោគ។
លោក ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ក្រុមហ៊ុនឯកជន ម៉ាឡេស៊ី និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងចំនួន៦សម្រាប់ការវិនិយោគទឹកប្រាក់១.០០០លានដុល្លារអាមេរិក ដែលផ្តោតទៅលើដំណាំកាហ្វេ អាហារ សម្រាប់ជនជាតិអ៊ិស្លាម ការចិញ្ចឹមមាន់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការបង្កើត សាកលវិទ្យាល័យ២ និងការបង្កើតកុងស៊ុលពាណិជ្ជកម្ម។
លោក អៀង សុផលឡែត បានអះអាងថា ការចុះហត្ថលេខានេះមិនមានវត្តមានជាសាក្សី របស់លោកនាយករដ្ឋមន្ត្រីទាំង២រូបទេ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងសហរដ្ឋអាមេរិក៕