កម្ពុជាកំពុងស្វះស្វែងរកការវិនិយោគ និងភ្ញៀវទេសចរណ៍ពីប្រទេសអ៊ីរ៉ង់សម្រាប់ ជំរុញកំណើនការងារនិងសេដ្ឋកិច្ច។
សមាជិកសភាកម្ពុជា២រូបគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់នៅខែឧសភា ជាកន្លែងដែលអស់លោកទាំង២រូបសង្ឃឹមថា អាចបញ្ចុះបញ្ចូលក្រុមមេដឹកនាំអ៊ីរ៉ង់ ឱ្យពិចារណាការវិនិយោគទុនលើវិស័យកសិកម្ម និងទិញផលិតផលកសិកម្មពីប្រទេសកម្ពុជា។
ប្រទេសកម្ពុជាបានស្វះស្វែងរកទំនាក់ទំនងប្រហាក់ប្រហែលគ្នា នេះនៅក្នុងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាប្រទេស ដូចជាប្រទេសKuwaitនិងប្រទេស Qatar ដែលជាប្រទេសមានកង្វល់អំពីកង្វះម្ហូបអាហារ ប៉ុន្តែដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ខណៈដែលប្រទេសកម្ពុជានៅសល់អង្ករចំនួនជាង២០០០០០០តោន សម្រាប់នាំចេញទៅលក់នៅក្នុងទីផ្សារពិភពលោកនៅក្នុងឆ្នាំនេះ។
លោកទ្រី ឈាងហួត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាបានបញ្ជាក់ថា យើងនឹងលើកទឹកចិត្តដល់អ្នកវិនិយោគទុន អ៊ីរ៉ង់ឱ្យមកបណ្តាក់ទុនលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា និងទាក់ទាញអ្នកជំនួញអ៊ីរ៉ង់ ឱ្យមកទិញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា ជាពិសេសផលិតផលស្រូវ ព្រមទាំងផ្សព្វផ្សាយ ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញអ្នកទេសចរណ៍អ៊ីរ៉ង់ឱ្យមកទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ ដែលមានសក្តានុពលទេសចរណ៍។
លោកទ្រី ឈាងហួតនឹងត្រូវអមដំណើរដោយលោកឈិត គឹមយាត អនុប្រធានគណៈកម្មការឧស្សាហកម្ម ថាមពល និងពាណិជ្ជកម្មនៃព្រឹទ្ធសភា។
លោកឈិត គឹមយាតបានថ្លែងថា យើងនឹងពន្យល់ប្រាប់អ្នកវិនិយោគទុនអ៊ីរ៉ង់ អំពីស្ថេរភាពនយោយនិងសក្តានុពលជាច្រើនទៀតសម្រាប់ការវិនិយោគផ្នែកកសិកម្ម ដើម្បីជំរុញកំណើនការងារ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
"យើងទាក់ទាញអ្នកវិនិយោគឱ្យទិញកសិផលពីយើង ឱ្យមកដាក់ទុនវិនិយោគនៅក្នុងប្រទេសរបស់យើង ពីព្រោះដី និងអាកាសធាតុរបស់យើង សមស្របនឹងកសិកម្មដែលផ្តល់កសិផលល្អណាស់ ហើយយើងខិតខំប្រឹងជំរុញវិស័យទេសចរណ៍"។
សមាជិកសភាកម្ពុជាទាំង២រូបនឹងចូលរួមនៅក្នុងកិច្ចប្រជុំ ASIA PARLIAMENTARY ASSEMBLYនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយនឹងឆ្លៀតយកឱកាសប្រជុំ ដើម្បីផ្សព្វផ្សាយសក្តានុពលនៃវិស័យទេសចរណ៍និងវិស័យកសិកម្ម សម្រាប់ទាក់ទាញអ្នកវិនិយោគនិងអ្នកទេសចរណ៍ក្នុងចំណោមសមាជិកចូលរួម។ លោក កួយ គង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា ការរៀបដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំង២។ប្រទេសកម្ពុជាមានទំនាក់ទំនងការទូតជាធម្មតាជាមួយប្រទេសអ៊ីរ៉ង់៕