ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្ត​ព្រៃ​វែង​ឃ្លាំ​មើល​សុខភាព​អ្នក​ភូមិ​ ដោយ​ខ្លាច​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី


ក្រុម​អាជ្ញាធរ​ខេត្ត​ព្រៃវែង​កំពុង​ឃ្លាំ​មើល​សុខ​ភាព​របស់​អ្នក​ភូមិ​ ដោយ​ខ្លាច​ក្រែង​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី ​បន្ទាប់​ពី​បុរស​ម្នាក់​នៅ​ក្នុង​ភូមិ​បាន​ស្លាប់​ដោយ​ជំងឺ​រាត​ត្បាត​នេះ។

ក្រុម​អាជ្ញាធរ​ខេត្ត​ព្រៃវែង​កំពុង​ឃ្លាំ​មើល​សុខ​ភាព​របស់​អ្នក​ភូមិ​ ដោយ​ខ្លាច​ក្រែង​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី ​បន្ទាប់​ពី​បុរស​ម្នាក់​នៅ​ក្នុង​ភូមិ​បាន​ស្លាប់​ដោយ​ជំងឺ​រាត​ត្បាត​នេះ។

លោក​ ជន សក្តា ​ជូន​សេចក្តី​រាយ​ការណ៍​ដូច​ត​ទៅ៖

ក្រុម​អាជ្ញាធរ​ខេត្ត​ព្រៃ​វែង​នឹង​បន្ត​សម្លាប់​មាន់​ទា​ដែល​នៅ​សេស​សល់​ចំនួន​ជាង​៧០០​ក្បាល​ទៀត​ដែល​សង្ស័យ​ថា ​មាន​ផ្ទុក​មេរោគ​គ្រុន​ផ្តា​សាយ​បក្សី​ H5N1​បន្ទាប់​ពី​បុរស​ម្នាក់​ស្លាប់​និង​សត្វ​មាន់​ទា​ជាង​១៥០០​ក្បាល​ងាប់​នៅ​ដើម​ខែ​មេសា​នេះ។

ជា​ លី ​អាយុ ​២៧​ ឆ្នាំ​ មក​ពី​ខេត្ត​ព្រៃវែង ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី១៧​ ខែមេសា​ បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​គ្រុន​ផ្តា​សាយ​បក្សី​ចុង​ក្រោយ​នេះ​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​៨​នាក់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥។

លោក​ឈុន​ ឌី​ ប្រធាន​បសុ​សត្វ​ប្រចាំ​ស្រុក​កំពង់​លាវ​ បាន​បញ្ជាក់​ថា​ យើង​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ផ្ទះ​ក្នុង​ក្នុង​ភូមិ​ពាម​ស្តី​ទាំង​មូល​ ដែល​ទា​ចំនួន​ជាង​៩០០​ក្បាល​ និង​មាន់​ចំនួន​៦០០​ក្បាល ​ត្រូវ​បាន​ងាប់។

លោក​ឈុន ​ឌី ​បាន​បន្ត​ថា​ យើង​បាន​ប្រកាស​អាសន្ន​អំពី​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​ បាន​ណែ​នាំ​អ្នក​ភូមិ ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​ ហាម​អ្នក​ភូមិ​មិន​បរិភោគ​ និង​ប៉ះ​ពាល់​មាន់​ទា​ងាប់​ និង​ឈឺ ​ហើយ​មាន់​ទា​ងាប់​ត្រូវ​យក​ទៅ​កប់​ចោល។

"មាន់​ជាង​៤០០​ក្បាល​ និង​ទា​ជាង​៣០០​ក្បាល​ មាន​នៅ​សល់​នៅ​ក្នុង​ភូមិ​ពាម​ស្តី​នេះ។​ បើ​ការ​ធ្វើ​ពិសោធន៍​សំណាក​បង្ហាញ​ពី​លទ្ធ​ផល​វិជ្ជមាន​នៃ​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​ពិត​ប្រាកដ​ ហើយ​ យើង​នឹង​សម្លាប់​សត្វ​មាន់​ទា​ទាំង​អស់​នេះ​ចោល​តែ​ម្តង"។

លោក​វេជ្ជ​បណ្ឌិត​ ទេព​ សំអឿន​ ប្រធាន​ផ្នែក​ប្រយុទ្ធ​ជំងឺ​ឆ្លឹង​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ព្រៃ​វែង​ បាន​ព្រមាន​ថា​ បើ​មន្ទីរ​ព្យាបាល​រោគ​ណា​មិន​បញ្ជូន​ករណី​ដូច​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​ដោយ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នេះ​ មក​មន្ទីរ​ពេទ្យ​រដ្ឋ ​ មន្ទីរ​ព្យាបាល​រោគ​នោះ​នឹង​ត្រូវ​បិទ​ទ្វា។

"បើ​ជន​ណា​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ចិញ្ចឹម​សត្វ​ច្រើន​ មាន​ករណី​សង្ស័យ​អំពី​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី ​យើង​អាច​ផ្តល់​ថ្នាំ​ Tamiflu​ ដល់​ជន​សង្ស័យ​នោះ​ ដើម្បី​ព្យាបាល​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​បាន"។

នៅ​ក្នុង​ខែ​កុម្ភៈ​ កសិករ​ចិញ្ចឹម​ទា​ចំនួន​៦២​គ្រួសារ​ នៅ​ក្នុង​ខេត្ត​តាកែវ​បាន​ ខាត​បង់​ប្រាក់​ច្រើន​រាប់​ពាន់​ដុល្លារ​អាមេរិក​ បន្ទាប់​ពី​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​ បាន​សម្លាប់​មាន់​ទា​ជាង​២០.០០០​ ក្បាល។

ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​ បាន​សម្លាប់​ជីវិត​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន​៨​នាក់​ រហូត​មក​ដល់​ឆ្នាំ​២០១០​ នេះ។​ ចាប់​តាំង​ពី​មេរោគ​ H5N1​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​២០០៣​ បាន​សម្លាប់​មនុស្ស​ ប្រមាណ​៣០០​នាក់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។

ពី​ទី​ក្រុង​ភ្នំពេញ​ ខ្ញុំ​ ជន​ សក្តា​ VOA ​សំឡេង​ស.រ.អា.៕

XS
SM
MD
LG