ប្រែសម្រួលដោយលី សុខឃាង
អំពើហិង្សាដែលនៅបន្តក្នុងប្រទេសសូម៉ាលី (Somalia) ព្រមទាំងអំពើប្លន់តាមសមុទ្រមិនចេះចប់នៅឈូងសមុទ្រអេឌិន (Gulf of Aden) ដែលធ្វើឲ្យមានបញ្ហាដល់ដំណើរការបោះឆ្នោតនៅក្នុងប្រទេសសូដង់ (Sudan) និងអេត្យូពី (Ethiopia) និងកិច្ចព្រមព្រៀងសន្តិភាពមិនទាន់អនុវត្តនោះ គឺជាបញ្ហាខ្លះៗក្នុងចំណោមបញ្ហាជាច្រើន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានជាប់ពាក់ព័ន្ធ តាមរយៈការដាក់សម្ពាធខាងយោធា ឬការទូត នៅក្នុងតំបន់ស្នែងនៃទ្វីបអាហ្រ្វិក។
ក្រុមអ្នកវិភាគនិយាយថា ប្រទេសកេនយ៉ាត្រូវបានរំពឹងទុកថា ជាផ្នែកមួយនៃដំណោះស្រាយ មិនមែនជាផ្នែកនៃបញ្ហាទេ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភ ដែលជនភៀសខ្លួននៅភាគខាងកើតនៃប្រទេសកេនយ៉ា កំពុងត្រូវបានជ្រើសរើសឲ្យចូលប្រយុទ្ធនៅក្នុងប្រទេសសូម៉ាលី ហើយរដ្ឋាភិបាលកេនយ៉ា កំពុងបដិសេធមិនទទួលយកចោរសមុទ្រដែលត្រូវបានចាប់ខ្លួន ដោយសារតែខ្លួនមិនបានទទួលថវិកាគ្រប់គ្រាន់ពីអន្តរជាតិដើម្បីលើកកម្ពស់ប្រព័ន្ធតុលាការ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានសំដែងការមិនសប្បាយចិត្តជាមួយនឹងរដ្ឋាភិបាលឯកភាពជាតិរបស់ប្រទេសកេនយ៉ាទាក់ទងនឹងល្បឿនកំណែទម្រង់ដ៏យឺតយ៉ាវរបស់ខ្លួន។
ស្របពេលជាមួយគ្នានេះដែរ អ្នកឯកទេសខាងកិច្ចការអាហ្រ្វិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន លោកស្ទីវិន ម៉ាក់ដូណលដ៍ (Steven McDonald) បានឲ្យដឹងថា ប្រទេសកេនយ៉ា នៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលទទួលជំនួយអាមេរិកាំងយ៉ាងច្រើន។ លោកម៉ាក់ដូណលដ៍បន្តថា៖
«វាជាមធ្យោបាយបែបឆ្កួតៗបន្តិចដែលយើងមាននៅទីនេះ ដោយសារប្រទេសកេនយ៉ាត្រូវបានឲ្យតម្លៃជាដៃគូដ៏សំខាន់ ដោយរាប់ចាប់តាំងពីការធ្វើជំនួញ និងវិនិយោគរហូតដល់វិស័យទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ»។
រដ្ឋាភិបាលកេនយ៉ាក៏ធ្លាប់បានរិះគន់គោលនយោបាយរបស់សហរដ្ឋអាមេរិកដែរ។ បន្ទាប់ ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់ជនដែលមានដើមកំណើតកេនយ៉ា ដែលត្រូវបានចោទប្រកាន់ថា ជាជនអ៊ិស្លាមជ្រុលនិយមម្នាក់ នៅក្នុងប្រទេសសូម៉ាលី កាលពីឆ្នាំមុន រដ្ឋមន្រ្តីការបរទេសកេនយ៉ាបានថ្លែងថា ប្រទេសរបស់លោកមិនបានទទួលការជូនដំណឹងជាមុនអំពីប្រតិបត្តិការនេះទេ។ លោកម៉ុស វេតានហ្គូឡា (Moses Wetangula)មានប្រសាសន៍នៅពេលនោះថា វាជាការស្តែងឲ្យឃើញពីអ្វីដែលលោកហៅថា «ឥរិយាបថតួឯកមានតែឯង»។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកច្បាប់កេនយ៉ាបានអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ ដែលនឹងត្រូវដាក់ជូនសម្រាប់ធ្វើប្រជាមតិ។ ប្រសិនបើរដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័ត រដ្ឋធម្មនុញ្ញនេះនឹងលុបបំបាត់ចោលតួនាទីនាយករដ្ឋមន្រ្តី បង្កើតព្រឹទ្ធសភា និងផ្តល់អំណាចច្រើនថែមទៀតដល់តំបន់។
ប៉ុន្តែលោកម៉ាក់ដូណលដ៍ McDonald ដែលជានាយកកិច្ចការអាហ្រ្វិកនៅឯមជ្ឈមណ្ឌលអន្តរជាតិ Woodrow Wilson សម្រាប់អ្នកសិក្សាស្រាវជ្រាវមានប្រសាសន៍ថា សំណួរជាច្រើននៅតែមានស្តីពីថា តើរដ្ឋាភិបាលសហរដ្ឋអាមេរិកគួរដោះស្រាយជាមួយប្រទេសកេនយ៉ាយ៉ាងដូចម្តេច។ លោកម៉ាក់ដូណលដ៍ មានប្រសាសន៍ថា៖
«តើអ្នកនឹងដោះស្រាយជាមួយប្រទេសកេនយ៉ាតឹងតែងប៉ុណ្ណា? ក្នុងនាមជាដៃគួ តើប្រទេសនេះមានតម្លៃប៉ុណ្ណា? ខ្ញុំមានអារម្មណ៍ថា នោះមិនមែនជាការសម្រេចចិត្ត ដែលត្រូវបានធ្វើឡើងដ៏ពេញលេញនៅក្នុងរដ្ឋបាលស្តីពីថា តើត្រូវបន្តយ៉ាងម៉េចជាមួយប្រទេសកេនយ៉ា តើអ្នកនឹងដោះស្រាយជាមួយប្រទេសកេនយ៉ាតឹងតែងប៉ុណ្ណា។ ហើយជាការណ៍ពិតណាស់ ជនជាតិកេនយ៉ាមិនអាចជួយស្រោចស្រង់ស្ថានការណ៍ដោយការការពារខ្លួននោះទេ ជាពិសេសដោយធ្វើការរិះគន់ជាចំហរទៅលើមនុស្ស ដូចជារដ្ឋមន្រ្តីការបរទេស លោកស្រីហ៊ីឡារី គ្លីនតុន (Hillary Clinton) និងឯកអគ្គរដ្ឋទូតលោកចូនី ខាសុន (Johnnie Carson) នៅពេលដែលអ្នកទាំងនេះ បានពាំនាំមកជាមួយនូវសារដ៏ម៉ឺងម៉ាត់ ជាសារដែលជានិច្ចកាលមានបំណងបង្ហាញអំពីតម្លៃ ដែលយើងផ្តល់ឲ្យសម្រាប់ទំនាក់ទំនង”។
សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានប្រ៊ុកឃីង (Brookings Institution) លោកម្យ៉ាងី គីមីនីយី (Mwangi Kimenyi) ជាជនជាតិកេនយ៉ា គិតថា ទណ្ឌកម្មធ្វើដំណើររបស់សហរដ្ឋអាមេរិក ដែលបានដាក់ទៅលើមន្រ្តីជាន់ខ្ពស់កេនយ៉ាជាង១២នាក់ ដែលត្រូវបានចោទប្រកាន់ពីបទព្យាយាមរារាំងកំណែទម្រង់គឺជាការខុសឆ្គង។ លោកគីមីនីយី ថ្លែងថា៖
«សហរដ្ឋអាមេរិកត្រូវតែមានយុទ្ធសាស្រ្តប្រសើរជាងនេះ ក្នុងការដោះស្រាយជាមួយ ប្រទេសកេនយ៉ា។ ខ្ញុំគិតថា មានវិធានការណ៍ប្រកបដោយភាពកំហុសឆ្គងមួយចំនួន។ ការផ្លាស់ប្តូរជាច្រើនចាំបាច់ត្រូវផ្តើមចេញពីក្នុងប្រទេស។ ខ្ញុំដឹងថា រឿងសំខាន់មួយក្នុងចំណោមរឿងសំខាន់ជាច្រើន ដែលសហរដ្ឋអាមេរិកបានធ្វើនោះគឺមិនផ្តល់ទិដ្ឋាការដល់មន្រ្តីរដ្ឋាភិបាលមួយចំនួន ប៉ុន្តែខ្ញុំគិតថា នោះមិនមែនជាមធ្យោបាយដ៏ប្រសើរបំផុតដែលត្រូវធ្វើនោះទេ»។
លោកថម ហ៊ុល (Tom Hull) ដែលជាអ្នកការទូតជាន់ខ្ពស់ជើងចាស់របស់សហរដ្ឋអាមេរិក មានប្រសាសន៍ថា បញ្ហាសម្ព័ន្ធមិត្តអាហ្រ្វិកទាក់ទងនឹងបញ្ហាផ្ទៃក្នុងគឺគ្មានអ្វីថ្មីទេ។
ក្រុមអ្នករិះគន់មធ្យោបាយនេះឲ្យដឹងថា ជារឿយៗ ប្រទេសអាហ្រ្វិកទាំងឡាយ ដែលមានតម្លៃសំខាន់ខាងផ្នែកសន្តិសុខឬសេដ្ឋកិច្ច ត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិកមើលរំលងចំពោះចំណុចខ្វះខាតផ្ទៃក្នុងរបស់ប្រទេសទាំងអស់នោះ ហើយថា ផលប្រយោជន៍ជាយុទ្ធសាស្រ្ត និងហិរញ្ញវត្ថុ តែងតែឈ្នះលើចំណុចគួរពិចារណាផ្សេងៗទៀត៕