កាលពីខែមុន ក្រុមអ្នកជីកអណ្ដៅមិនសម្រាប់វិជ្ជាជីវ: បានរកឃើញអដ្ឋិធាតុ ដែលពួកគេអះអាងថា ជាអដ្ឋិធាតុលោក Sean Flynn អ្នកថតរូបពេលសង្គ្រាម ជាតិAmericain ដែលបាត់ខ្លួននៅប្រទេសកម្ពុជា៤០ឆ្នាំមុន។ ក៏ប៉ុន្ដែស្ថានទូតសរអានៅរាជធានីភ្នំពេញ ឲ្យដឹងថា អដ្ឋិធាតុនោះមិនមែនរបស់លោក Flynn ទេ។ លោក Robert Carmichael មានសេចក្ដីរាយការលម្អិតអំពីរឿងនេះពីរាជធានីនៃប្រទេសកម្ពុជា។
អ្នកស្រីកង ស៊ីវន ប្រែសំរួលជូន៖
នៅឆ្នាំ១៩៧០ លោក Sean Flynn អ្នកថតរូបពេលសង្គ្រាម ដែលជាកូនរបស់តារាភាពយន្ដ ដ៏ល្បីឈ្មោះលើសលប់ នៅ Hollywood គឺលោក Errol Flynn ស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីយកព័ត៌មានអំពីការដែលប្រទេសនេះ ធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុងស្រុក។
នៅថ្ងៃទី៦ខែមេសានៅឆ្នាំនោះ លោកបើករថយន្ដចេញពីរាជធានីភ្នំពេញជាមួយ អ្នកកាសែតជាតិ Americainម្នាក់ គឺលោកស្រី Dana Stone។ គេមិនបានឃើញ អ្នកទាំងពីរនាក់នេះទៀតទេ ហើយគេសន្និដ្ឋានថា ពួកគេត្រូវពួកខ្មែរក្រហមចាប់បាន ហើយសម្លាប់។
ក៏ប៉ុន្ដែកាលពីខែមុន អ្នកជីកអណ្ដៅមិនមែនជាវិជ្ជាជីវ:ពីរនាក់ និយាយថា ពួកគេបានរកឃើញអដ្ឋិធាតុលោក Flynn នៅភាគអាគ្នេយ៍ប្រទេសកម្ពុជា។
នៅថ្ងៃច័ន្ទ ស្ថានទូតសរអានៅទីក្រុងភ្នំពេញឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រយោធាធ្វើតែស្ត អដ្ឋិធាតុនោះ ហើយរកឃើញថា មិនមែនជាអដ្ឋិធាតុជនជាតិស្បែកសទេ ហេតុដូច្នេះហើយ គឺមិនអាចជាអដ្ឋិធាតុលោក Flynn ឬលោកស្រី Stoneទេ។
លោក John Johnson ជាអ្នកនាំពាក្យស្ថានទូត។
«ហើយការធ្វើវិភាគមានកម្រិតតិចតួចបង្ហាញឲ្យឃើញថា អដ្ឋិធាតុនោះអាចជារបស់ជនជាតិក្នុងប្រទេសកម្ពុជា។ គេកំពុងតែធ្វើតែស្តថែមទៀត»។
ការជីកអណ្ដៅរកអដ្ឋិធាតុនោះធ្វើឲ្យមានរឿងចម្រូងចម្រាស់។ ការជីកនេះធ្វើឡើងប៉ុន្មានអាទិត្យប៉ុណ្ណោះ មុននឹងក្រុមអ្នកកាសែតនិងអ្នកថតរូប២៧នាក់ ដែលបានយកព័ត៌មាននៅប្រទេសកម្ពុជា នៅក្នុងទសវត្សរ៍១៩៧០ ធ្វើដំណើរទៅដល់ប្រទេសនេះដើម្បីជួបជុំគ្នា ជាការជួបជុំលើកទីមួយចាប់តាំងពីរាជធានីភ្នំពេញធ្លាក់ក្នុងអំណាចរបស់ពួកខ្មែរក្រហម នៅខែមេសា ឆ្នាំ១៩៧៥។
អ្នកកាសែតខ្លះដែលជាច្រើននាក់ បានស្គាល់លោកFlynn ហើយនិងលោកស្រី Stone ខឹងអំពីរបៀបដែលពួកអ្នកជីកអណ្ដៅយកអដ្ឋិធាតុចេញមក ជាពិសេសការដែលពួកគេប្រើគ្រឿងឧបករណ៍ធ្ងន់ៗ កកាយដីចេញ។
លោក Johnson នៃស្ថានទូតសរអា និយាយថា ការប្រើម៉ាស៊ីនត្រាក់ទ័រមានផាល ជីកដី ដែលជាគ្រឿងយន្ដសម្រាប់ជីក បណ្ដាលឲ្យមានបញ្ហា។
«អដ្ឋិធាតុនោះបាក់ជាកំណាត់ៗអស់ហើយ ដោយមកពីរបៀបគេជីកយក អដ្ឋិធាតុនោះចេញមក»។
ពេលគេធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញកាលពីអាទិត្យមុន ក្រុមអ្នកកាសែតដែលវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ បានលាតត្រដាងសម្ពោធ វិមានមួយឧទិ្ទសរំឭកដល់សហការីខ្មែរ និងបរទេស៣៧នាក់ ដែលបាត់បង់ជីវិតក្នុងពេលសង្គ្រាម។
ពីក្នុងចំណោមឈ្មោះដែលគេអានខ្លាំងៗ នៅពិធីនោះ មានឈ្មោះលោក Sean Flynn ហើយនិងលោកស្រី Dana Stone ផងដែរ ដែលគេនៅតែមិនដឹងអំពីជោគជតារបស់អ្នកទាំងពីរនោះនៅឡើយទេ៕