ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ទីម័រ​ ឡេស​បញ្ចប់​ទស្សន​កិច្ច​នៅ​កម្ពុជា


រោងចក្រចម្រាញ់ប្រេង។​
រោងចក្រចម្រាញ់ប្រេង។​

ភ្លាមៗ​បន្ទាប់​ពី​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិបតី​នៃ​ប្រទេស​ ទីម័រ​ ឡេស ​នា​ឆ្នាំ ​២០០៧​ លោក​ Jose Ramo-Horta ត្រូវ​មន្ត្រី​ប្រឹក្សា​ក្រោម​ឱវាទ​ស្នើ​ឲ្យ​ប្រើ​ថវិកា​រដ្ឋ​ដើម្បី​ទិញ​កំព្យូទ័រ​យូរ​ដៃ​ឬ ​Laptop​ ទំនើប​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ដោយ​មិន​ចង់​ប្រើ​ប្រាស់​សម្បត្តិ​រដ្ឋ​ផង​ និង​ដោយ​សារ​លោក​ទើប​តែ​ទិញ​កំព្យូទ័រ​ផ្ទាល់​ខ្លួន​មួយ​ផង​នោះ​ លោក​ Jose បាន​បដិសេធ​សំណើ​របស់​មន្ត្រី​ប្រឹក្សា​នោះ។ ​ប៉ុន្តែ​ដោយ​សារ​មាន​ការ​ទទូច​ជា​ច្រើន​លើក​ច្រើន​សារ​ឲ្យ​ ដើម្បី​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ឲ្យ​លោក​នោះ​ លោក ​Jose Ramo-Horta ​បាន​និយាយ​ថា​ លោក​ត្រូវ​ការ​តែ​ទូរ​ស័ព្ទ​ដៃ​មួយ​ គ្រឿង​ប៉ុណ្ណោះ។

៣​ខែ​ក្រោយ​ម​ក លោក Jose ត្រូវ​ខក​ចិត្ត ​ត្បិត​ទូរស័ព្ទ​ដៃ​ដែល​មន្ត្រី​ក្រោម​ឱវាទ​ទិញ​ឲ្យ​នោះ​ ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ទូរស័ព្ទ​ដែល​លោក​កំពុង​តែប្រើ។​ ហើយ​អ្វី​ដែល​ប៉ះ​ពាល់​អារម្មណ៍​លោក​ខ្លំាង​បំផុត​នោះ​គឺ​នៅ​ពេល​ដែល​លោក​ដឹង​ថា ​ទូរស័ព្ទ​ នោះ​មាន​តម្លៃ​ថ្លៃ​ជាង​ទូរស័ព្ទ​របស់​លោក​ដែល​បាន​ទិញ​តំាង​ពី​មួយ​ឆ្នាំ​មុន​រហូត​ដល់​ទៅ​៣​ដង។

រំពេច​នោះ​ លោក​ប្រធានា​ធិបតី ​Jose Ramo-Horta ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ទំាង​នោះ​យក​ទូរស័ព្ទ​ដែល​ទើប​ទិញ​ថ្មី​នេះ​ទៅ​ប្តូរ​វិញ​ជា​បន្ទាន់​ បើ​ពុំ​ដូច្នោះ​ទេ​ លោក​នឹង​ចាត់​វិធាន​ការណ៍​តាម​ផ្លូវ​ច្បាប់​ប្រឆំាង​នឹង​ពួក​គេ​ ត្បិត​លោក​យល់​ថា​ មន្ត្រី​របស់​លោក​ទំាង​នោះ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

«ខ្ញុំ​ត្រូវ​ការ​ឲ្យ​ពួក​អ្នក​ឯង​យក​ទូរស័ព្ទ​ហឹ្នង​ទៅ​ឲ្យ​គេ​វិញ​ភ្លាម​ បើ​មិន​អញ្ចឹង​ទេ​ ខ្ញុំ​នឹង​បើក​សន្និ​សីទ​កាសែត​ ហើយ​ប្តឹង​បរិហារ​ពួក​អ្នក​ឯង​ទំាង​អស់​គ្នា»។

នេះ​គ្រាន់​តែ​ជា​វិធាន​ការណ៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆំាង​អំពើ​ពុក​រលួយ​ដ៏​តូច​មួយ​ប៉ុណ្ណោះ​ដែល​កើត​ឡើង​ក្នុង​ស្ថាប័ន​រដ្ឋ​នៃ​ប្រទេស​ទីម័រ​ឡេស។​ លោក​ប្រធានា​ធិបតី J​ose Ramo-Horta ​បាន​លើក​ឡើង​នូវ​ឧទាហរណ៍​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ​នេះ​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ស្តី​អំពី​ការ​គ្រប់​គ្រង​ភោគ​ទ្រព្យ​ធន​ធាន​ធម្មជាតិ​ជា​មួយ​អ្នក​ការ​ទូត ​មន្ត្រី​រដ្ឋា​ភិបាល ​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុម​និស្សិត​សរុប​ជាង​២០០​នាក់ ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ជា​ថ្ងៃ​ទី​៣​នៃ​ដំណើរ​ ទស្សន​កិច្ច​រយៈ​ពេល​៥​ថ្ងៃ​របស់​លោក​នៅ​ប្រទេស​កម្ពុជា។​ គឺ​ជា​ដំណើរ​ទស្សន​កិច្ច​ដើម្បី​រឹត​ចំណង​ទាក់​ទង​សេដ្ឋ​កិច្ច​ និង​ ពាណិជ្ជ​កម្ម។

សូម​បញ្ជាក់​ថា​ ប្រទេស​ទីម័រ​ឡេស​ ទើប​តែ​ទទួល​បាន​ឯក​រាជ្យ​ភាព​ពី​ប្រទេស​ ឥណ្ឌូ​នេស៊ី ​កាល​ពី​ឆ្នាំ​ ២០០២​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ។​ ចាប់​តំាង​ពី​ពេល​នោះ​មក​ ប្រទេស​វ័យ​ក្មេង​បំផុត​របស់​ពិភព​លោក​មួយ​នេះ​បាន​ផ្តោត​លើ​ការ​កែ​ទម្រង់​សេដ្ឋ​កិច្ច​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​របស់​ប្រជា​ជន​ជាង​មួយ​លាន​នាក់​របស់​ខ្លួន។

លោក​ប្រធានា​ធិបតី Jose​ Ramo-Horta ​ដែល​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព​ឆ្នាំ​1996​ និង​ជា​អ្នក​ចូល​រួមដណ្តើម​ឯក​រាជ្យ​ភាព​ បាន​ថ្លែង​ថា ​ក្នុង​ការ​ធ្វើកំណែ​ទម្រង់​សេដ្ឋ​កិច្ច​ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ទីម័រឡេស​បាន​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​២​ខែ​ ចុះ​ដល់​សាក​សួរ​ផ្ទាល់​ជា​មួយ​ប្រជា​ពល​រដ្ឋ​នៅ​ទូទំាង​ប្រទេស​ដើម្បី​ប្រមូល​តម្រូវ​ការ​របស់​ពួក​គេ​បង្កើត​ជា​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ។​ ផែន​ការ​យុទ្ធ​សាស្ត្រ​ដែល​មាន​ការ​ចូល​រួម​ពិភាក្សា​យ៉ាង​ផុសផុល​ពី​ស្ថាប័នសង្គម​ស៊ីវិល​ដែរ​នោះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​ទីម័រ​ឡេស​ ចាក​ផុត​ពី​ភាព​ក្រីក្រ។​ រហូត​មក​ដល់​ពេល​នេះ​ ៨០%​នៃ​សេដ្ឋ​កិច្ច​ របស់​ប្រទេស​ទីម័រ​ឡេស​ ពឹង​ផ្អែក​លើ​ចំណូល​ពី​ធន​ធាន​ប្រេង​ និង​ឧស្ម័ន ​ហើយ​ប្រទេស​នេះ​ត្រូវ​ចាត់​ទុក​ជា​ប្រទេស​ ដែល​ជោគ​ជ័យ​ខ្លំាង​បំផុត​មួយ​ក្នុង​ការ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​ចំណូល​ពី​ធន​ធាន​ធម្ម​ជាតិ​ប្រកប​ដោយ​តម្លា​ភាព។

ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​ លោក​Jose​ Ramo-Horta ​បាន​ថ្លែង​ថា ​ជោគ​ជ័យ​នេះ​ បាន​មក​ពី​ការ​ចូល​រួម​របស់​សភា​ក្នុង​ការ​អនុម័ត​ច្បាប់​តឹង​រឹង ​និង​ច្បាស់​លាស់ ​ការ​សហ​ការ​ជា​មួយ​ស្ថាប័ន​សង្គម​ស៊ីវិល​ ការ​ផ្សព្វ​ផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌មាន​ ការ​ចូល​ជា​សមាជិក​របស់​អង្គការ​គំនិត​ផ្តួច​ផ្តើម​តម្លា​ភាព​ចំណូល​ធន​ធាន​ ឬ​EITI។​ ហើយ​អ្វី​ដែល​ជា​កត្តា​ ចម្បង​នាំ​មក​នូវ​ជោគ​ជ័យ​ក្នុង​ការ​ប្រើ​ប្រាស់​ចំណូល​ពី​ធន​ធាន​នេះ​ គឺ​ការ​ចាត់​វិធានការណ៍​យ៉ាង​តឹង​តែង​ដើម្បី​ប្រឆំាង​នឹង​អំពើ​ពុក​រលួយ។

«នៅ​ពេល​ដែល​ភោគ​ទ្រព្យ​លេច​ចេញ​ជា​រូប​រាង​កាន់​តែ​ច្រើន​ឡើង​ ឱកាស​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក៏​មាន​កាន់​តែ​ច្រើន​ដែរ។​ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ហើយ​យើង​តែង​តែ​ចាត់​វិធាន​ការណ៍​ដើម្បី​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ ព្រោះ​ថា​ អំពើ​ពុក​រលួយ​ បាន​បង្ខំាង​ទុក​ប្រាក់​រាប់​លាន​ដុល្លារ​ដែល​មិន​អាច​យក​មក​ប្រើ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន»។

គួរ​កត់​សម្គាល់​ដែរ​ថា ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ដ៏​ជោគ​ជ័យ​របស់​លោក​ប្រធានា​ធិបតី​ទីម័រឡេស​ Jose​ Ramo-Horta ​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​ពី​ប្រេង​ឲ្យ​ចៀស​ផុត​ពី​អំពើ​ពុក​រលួយ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​រំពឹង​ថា ​នឹង​ទទួល​បាន​ចំណូល​ពី​ប្រេង​ និង​ឧស្ម័ន​នៅ​ឆ្នាំ​២០១២​ខាង​មុខ។​ ចំណូល​ ដែល​ស្ថាប័ន​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរ​ជាតិ​ព្រួយ​ថា ​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​អំពើ​ពុក​រលួយ។

លោក​ ផាន់ ​ផល្លា​ អគ្គ​លេខា​ធិការ​រង​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​ លោក Jose​ ដែរ​នោះ​មាន​ប្រសាសន៍​ថា​ ក្រសួង​ពាក់​ព័ន្ធ​កំពុង​ប្រឹង​ប្រែង​បង្ហាញ​ពី​តម្លា​ភាព​ចំណូល​ធន​ធាន​នេះ​ ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​អាច​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​ទីម័រ​ ឡេស​ បាន​នោះ​ទេ ​ត្បិត​កម្ពុជា​នៅ​មាន​កង្វះ​ខាត​ធ្ងន់​ធ្ងរ​ផ្នៃក​ធន​ធាន​មនុស្ស ​និង​បច្ចេក​ទេស។

«ធៀប​ជា​មួយ​នឹង​ប្រទេស​ទីម័រឡេស​ យើង​នៅ​មាន​កង្វះ​ខាត​ផ្នែក​ធន​ធាន​បច្ចេក​ទេស​ ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​យើង​មិន​ទាន់​ល្អ​នៅ​ឡើយ ​ហើយ​ធន​ធាន​មនុស្ស​ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​ប្រេង​ និង​ឧស្ម័ន​នៅ​មាន​កម្រិត។​ ម្យ៉ាង​ទៀត​យើង​មិន​មាន​ច្បាប់​ប្រេង​ឥន្ធនៈ​ និង​ច្បាប់​យក​ពន្ធ​លើ​ប្រេង​ឥន្ធនៈ​នៅ​ឡើយ ​ខណៈ​ដែល​ច្បាប់​ទំាង​ពីរ​នេះ​ទើប​តែ​ព្រាង​ចប់។

ក្នុង​កិច្ច​ពិភាក្សា​ខាង​លើ ​លោក​ប្រធានា​ធិបតី​ទីម័រ ​ឡេស​ Jose​ Ramo-Horta​ បាន​ចៀស​វាង​ពី​ការ​ផ្តល់​ដំបូន្មាន​ចំៗ​ដល់​ប្រទេស​កម្ពុជា​ ដោយ​លោក​បាន​លើក​ឡើង​ជា​ទូទៅ​ថា​ ដើម្បី​ប្រើ​ប្រាស់​ចំណូល​ធន​ធាន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ​ប្រទេស​មួយ​ចំា​បាច់​ត្រូវ​មាន​មាន​វិធី​សាស្ត្រ​គ្រប់​គ្រង​ចំណូល​ និង​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រឆំាង​នឹង​អំពើ​ពុក​រលួយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រឆំាង​អំពើ​ពុក​រលួយ ​និង​មន្ត្រី​គណ​បក្ស​ប្រឆំាង​ បាន​លើក​ឡើង​ដូច​គ្នា​ថា​ ស្ថាន​ភាព​អំពើ​ ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​ធ្ងន់​ធ្ងរ​ដដែល​បើ​ទោះ​ជា​ច្បាប់​អំពើ​ពុក​រលួយ​ត្រូវ​បាន​សភា​អនុម័ត​ហើយ​ក្តី។​ ប៉ុន្តែ ​ពួក​គេ​ជឿ​ជាក់​ថា ​ប្រសិន​បើ​ប្រទេស​កម្ពុជា​អាច​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ​បាន​ដោយ​ជោគ​ជ័យ​ នោះ​ចំណូល​ពី​ធន​ធាន​ ធម្ម​ជាតិ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG