ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​​​ពិចារណា​សំណើ​គណ​បក្ស​ប្រឆំាង​បង្កើត​គណៈ​កម្មការ​ត្រួត​ពិនិត្យ​​តម្រុយ​ព្រំ​ដែន​


ចៅ​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ខ្លួន​កំពុង​តែ​ពិចារណា​លើ​ការ​បង្កើត​គណៈ​កម្មការ​ មួយ​ដើម្បី​ត្រួត​ពិនិត្យ​បង្គោល​តម្រុយ​ព្រំ​ដែន​នៅ​ខេត្ត​ស្វាយ​រៀង​ ដែល​ជា​សំណើ​របស់​គណ​បក្ស​សម​ រង្ស៊ី។

កាល​ពី​សប្តាហ៍​មុន​ លោក​ជូង​ ជូងី ​មេ​ធាវី​មេ​ដឹក​នាំ​គណ​បក្ស​ជំទាស់​ បាន​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ទី​តំាង​បោះ​បង្គោល​តម្រុយ​ព្រំ​ដែន​នៅ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយ​រៀង​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​លោក​សម​ រង្ស៊ី​ត្រូវ​ចោទ​ប្រកាន់​ដោយ​តុលាការ។

លោក ​អឿង​ ស៊ាង​ ចៅ​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​មាន​ប្រសាសន៍​ថា​ លោក​កំពុង​តែ​ពិចារណា​លើ​ការ​បង្កើត​គណៈ​កម្មការ​នេះ​ ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្តល់​ព័ត៌​មាន​លម្អិត ត្បិត​វា​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​សម្រេច​ចិត្ត​នៅ​ឡើយ។

«ខ្ញុំ​កំពុង​ពិចារណា​ តែ​នៅ​ក្នុង​នីតិវិធី​គិត​គូរ​ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ»។

កាល​ពី​ខែ​មករា​ លោក​សម​ រង្ស៊ី​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​ខេត្ត​ស្វាយ​រៀង​ ឲ្យ​ជាប់​ពន្ធ​ធនាគារ​ពីរ​ឆ្នាំ​ចំពោះ​ការ​ដក​បង្គោល​តម្រុយ​ព្រំដែន​ នៅ​ស្រុក​ចន្ទ្រ​ា នៃ​ខេត្ត​ស្វាយ​រៀង​ដែល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ ហើយ​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆំាង​រូប​នេះ​ ត្រូវ​ចោទ​បន្ថែម​ទៀត​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ពី​បទ​ក្លែង​បន្លំ​ផែន​ទី​ព្រំ​ដែន​កម្ពុជា​ជាប់​វៀត​ណាម។​ ផែន​ទី​នេះ​ដែល​លោក​សម​ រង្ស៊ី ​បញ្ជាក់​បាន​បង្ហាញ​អំពី​បង្គោល​តម្រុយ​ព្រំដែន​បាន​ទន្ទ្រាន​ចូល​ទឹក​ដី​របស់​ប្រទេស​កម្ពុជា។​ លោក​សម​ រង្ស៊ី​អាច​ប្រឈម​ទៅ​នឹង​ការ​ជាប់​ពន្ធ​នាគារ​រហូត​ដល់​១៨​ឆ្នាំ​ បើ​សិន​លោក​ត្រូវ​គេ​រក​ឃើញ​ថា​ មាន​កំហុស។

លោក​មេ​ធាវី​ ជូង​ ជូងី ​បាន​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​គណៈ​កម្ម​ការ​នេះ​ត្រូវ​បាន​បង្កើត​ គណៈ​កមា្មធិ​ការ​នេះ​នឹង​មាន​តួនាទី​ ចុះ​វាស់​វែង​ទី​តាំង​ដាំ​បង្គោល​តម្រុយ​ព្រំ​ដែន​នៅ​ខេត្ត​ស្វាយ​រៀង​ជាប់​ព្រំ​ដែន​វៀត​ណាម​ ដើម្បី​ស្វែង​រក​ការណ៍​ពិត​ថា ​តើ​ បង្គោល​តម្រុយ​ព្រំ​ដែន​នេះ​ពិត​ជា​បាន​ទន្ទ្រាន​ចូល​ទឹក​ដី​កម្ពុជា​ឬ​យ៉ាង​ណា។

លោក​ជូង ​ជូងីជឿ​ថា ​គណៈ​កម្ម​ការ​ចម្រុះ​នេះ​អាច​ជួយ​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​លោក​ សម​ រង្ស៊ី។

«ការ​បង្កើត​គណៈ​កម្មការ​នេះ​គឺ​បក​ស្រាយ​ឲ្យ​ឃើញ​ការណ៍​ពិត​ថា ​តើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​កូន​ក្តី​ខ្ញុំ​នេះ​ត្រឹម​ត្រូវ​ដែរ ​ឬ​ទេ?»

គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ការ​ប្រឈម​មុខ​ទៅ​នឹង​តុលាការ​បាន​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សម​ រង្ស៊ី។​ លោក​ស្រី ​មួរ ​សុខ​ហួរ​ ដែល​បាន​វិលត្រឡប់​ពី​សហ​រដ្ឋ​អាមេរិក​ចូល​ប្រទេស​កម្ពុជា​វិញ​កាល​ពី​សប្តាហ៍​មុន​កំពុង​រង់​ចាំ​សវនាការ​នៅ​តុលាការ​កំពូល​បន្ទាប់​ពី​លោក​ស្រី​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស ​កាល​ពី​ខែ​សីហា​ដោយ​ពិន័យ​ជា​ប្រាក់​៤០០០​ដុល្លារ​ ពី​បទ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន។​ ដោយ​ឡែក​លោក​ សម​ រង្ស៊ី​ នៅ​បន្ត​និរទេស​ខ្លួន​នៅ​ប្រទេស​បារំាង​នៅ​ឡើយ​ដើម្បី​គេច​ពីទោស​ទណ្ឌ។​ យ៉ាង​ណា​ក៏​ដោយ​ ទំាង​លោក​សម​ រង្ស៊ី ​និង​លោក​ស្រី ​មួរ​ សុខ​ហួរ​ សុទ្ធ​តែ​បាត់​បង់​អភ័យឯក​សិទ្ធិ​ ក្នុង​រដ្ឋ​សភា។

លោក​ស្រី ​ពុង ឈីវ​កេក​ ប្រធាន​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​លោក​ សម​ រង្ស៊ី​ នៅ​តែ​មិន​អាច​វិល​ចូល​ស្រុក​រហូត​ដល់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២​ខាង​មុខ​ នោះ​វា​នឹង​ខាត​ប្រយោជន៍​ដល់​គណ​បក្ស​សម​រង្ស៊ី​ផ្ទាល់​ ហើយ​វា​បង្ហាញ​ពី​ការ​ចូល​រួម​មិន​ស្មើ​ភាព​គ្នា​ក្នុង​យុទ្ធ​នាការ​បោះ​ឆ្នោត​របស់​គណ​បក្ស​ នយោ​បាយ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២​ខាង​មុខ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG