ការរស់នៅក្នុងប្រទេសមួយដែលមានវប្បធម៌របៀបរស់នៅ ម្ហូបអាហារ និងភាសាខុសគ្នាគឺជាការប្រឈមមុខធំបំផុត ហើយក៏ជាឱកាសមួយល្អបំផុតសម្រាប់រៀនអំពីវប្បធម៌របៀបរស់នៅនិងការប្រឈមមុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែរ។ នេះជាសម្តីរបស់នាងអេរីកា ហ៊័រមែន (Erica Herrmann)អ្នកស្ម័គ្រចិត្តជំនាន់ទីមួយនៃអង្គការ Peace Corps។ នាងអេរីកាឱ្យដឹងថា ដោយសារតែក្នុងនាមជានារីអាមេរិកាំង នាងមានសេរីភាពគ្រប់គ្រាន់កាលពីនាងនៅសហរដ្ឋអាមេរិក។ ពីដំបូងនាងមានការលំបាកចំពោះការរិតត្បិតសេរីភាពក្នុងការចេញដើរ ព្រោះគ្រួសារដែលនាងនៅជាមួយការព្រួយបារម្ភអំពីសុវត្ថិភាពរបស់នាង។ នាងអេរីកាបន្តថា៖
«ខ្ញុំត្រូវបានទទួលស្វាគមន៍ចូលស្នាក់នៅយ៉ាងរាក់ទាក់។ ពួកគាត់ហៅខ្ញុំថាកូនស្រីនិងប្អូនស្រីភ្លាមៗ។ ពិតជាល្អណាស់។ ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំចាប់ផ្តើមដឹងថា ខ្ញុំស្ថិតនៅក្រោមការមើលការពាររបស់ពួកគាត់គ្រប់ពេល។ ហើយនៅពេលខ្ញុំចង់ធ្វើដំណើរទៅណាមកណា ខ្ញុំត្រូវតែប្រាប់ពួកគាត់ថាខ្ញុំទៅណា? ទៅជាមួយអ្នកណា? ពេលដល់នោះម៉ោងប៉ុន្មាន? ម៉ោងប៉ុន្មានត្រឡប់មកវិញ? តើខ្ញុំទូរស័ព្ទមកពួកគាត់ដែរឬទេ? ត្រូវចំណាយពេលរាប់ខែទម្រាំពួកគាត់ដឹងថា ខ្ញុំអាចធ្វើបានដោយខ្លួនឯង។ ប៉ុន្តែក្នុងនាមជាស្រ្តីអាមេរិកាំង ខ្ញុំធ្លាប់ទៅណាមកណាដោយមិនចាំបាច់ប្រាប់គ្រប់ពេល។ ដែលនេះគឺជាការប្រឈមមុខដ៏តឹងចិត្តបំផុត ហើយការព្យាយាមប្រាស្រ័យទាក់ទងទាំងអស់ជាភាសាខ្មែរ គឺជារឿងដ៏លំបាក»។
លោកយាយ អួយ សេងច័ន្ទ ដែលជាម្ចាស់ផ្ទះដែលនាងអេរិកា រស់នៅ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា លោកយាយចាត់ទុកអេរិកា ដូចកូនរបស់លោកយាយ ហើយលោកយាយរិតត្បិតការដើរទៅណាមកណា ដោយសារលោកយាយមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់នាង ប៉ុន្តែនាងអេរិកាជាក្មេងល្អដែលតែងគោរពម៉ោងពេល។ លោកយាយមានប្រសាសន៍ថា៖
«បានថា កុំឲ្យគាត់ដើរលេងហួសពេលវេលាអញ្ចឹងណា៎ នាំឲ្យខ្ញុំភ័យព្រួយបារម្ភអំពីគាត់ ដូចថា ខ្លាចក្រែងមានគ្រោះថ្នាក់អីអញ្ចឹង។ ខ្ញុំមើលការខុសត្រូវ ស្រឡាញ់ដូចកូនដូចចៅខ្ញុំ ដូច្នេះខ្ញុំចេះតែប្រដៅទៅ ចេះតែសួរគាត់ទៅ ទៅណា? មកណា? អីអញ្ចឹង។ តែគាត់ក៏មិនដែលដើរលេងហួសពេលវេលាអីដែរ។ ល្ងាចឡើងគាត់មកដល់ផ្ទះហើយ»។
លោកយាយមានប្រសាសន៍ថា នាងអេរិកាមិនដែលនាំអំពល់អ្វីដល់លោកយាយ និងក្រុមគ្រួសារលោកយាយទេ តែក្រុមគ្រួសារលោកយាយមានការនឹករឭក អាឡោះអាល័យជាខ្លាំងដល់នាងនៅពេលនាងចាកចេញទៅប្រទេសកំណើតរបស់នាងវិញ។ លោកយាយបន្តទៀតថា៖
«អត់មានពិបាកអីផង។ គាត់លេងសើចធម្មតា។ គាត់អត់មានដែលខឹងអីខ្ញុំទេ។ រៀបទៅគាត់ធ្វើឲ្យខ្ញុំអាឡោះអាល័យ ពីព្រោះគាត់ធ្លាប់លេងប្រឡែងរាល់ថ្ងៃ។ មុនដំបូងគាត់អត់សូវចេះខ្មែរទេ តែយូរៗទៅគាត់ចេះខ្មែរច្រើន។ គាត់ស្គាល់អានេះហៅអី អានោះហៅអី។ ឲ្យតែហៅគាត់ពិសារបាយ “អេរិកា ញ៉ាំបាយ” “ចា៎ម៉ែ” ពិរោះណាស់ ដូចសារិកាកែវអញ្ចឹង»។
ក្រៅពីរៀនទទួលទានម្ហូបខ្មែរ នាងអេរិកាធ្លាប់បានធ្វើម្ហូបអាហារឲ្យលោកយាយបានភ្លក្សរស់ជាតិអាហាររបស់អាមេរិក។ លោកយាយសេងច័ន្ទថ្លែងថា៖
«ធ្លាប់ទិញ និងធ្វើម្ហូបគាត់ឲ្យខ្ញុំញ៉ាំដែរ។ ធ្វើឲ្យខ្ញុំមួយចានអីអញ្ចឹងដែរ។ សុទ្ធតែគ្រឿងកំប៉ុងគ្រឿងអីហ្នឹងណ៎ា ។ មុនដំបូងគាត់អត់សូវចេះញ៉ាំម្ហូបខ្មែរទេ។ ដល់បានមួយឆ្នាំ ហើយចូលដល់ពីរឆ្នាំអញ្ចឹងទៅ ដូចថា ចេះញ៉ាំសម្លម្ជូរគ្រឿង សម្លការី សម្លប្រហើរអីអញ្ចឹងទៅណា៎ ហើយចូលចិត្តសម្លខ្មែរ “ឆ្ងាញ់ណាស់ម៉ែ ឆ្ងាញ់ណាស់”»។
នាង អេរិកាត្រូវបានទទួលរាក់ទាក់ពីគ្រប់មជ្ឈដ្ឋានទាំងនៅក្នុងភូមិ និងនៅសាលា។ នៅឯវិទ្យាល័យសម្តេចហ៊ុន សែន ពាមជីកង ជាទីដែលនាងធ្វើការអស់រយៈពេលពីរឆ្នាំនោះ នាងអេរីកាត្រូវបានទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ សពលោកគ្រី សុផានិត អតីតនាយកវិទ្យាល័យសមេ្តចហ៊ុន សែន ពាមជីកង បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក ផ្នែកខេមរភាសា ប៉ុន្មានថ្ងៃមុនពេលលោកទទួលមរណភាពថា ក្រៅពីបង្រៀនភាសាអង់គ្លេស នាងអេរិកាបានជួយសាលារបស់លោកច្រើន។ សពលោកសុផានិតមានប្រសាសន៍ថា៖
«គាត់បានផ្តល់ប្រយោជន៍មកឲ្យយើងដែរ គឺក្រៅពីភាសាអង់គ្លេស គាត់បានបង្ហាត់កីឡានៅវិទ្យាល័យសម្តេចហ៊ុន សែនពាមជីកងរបស់យើងនេះ ទទួលបានជោគជ័យផង គឺកីឡាបាល់បោះ គឺគាត់បានដឹកនាំសិស្សទៅប្រកួតថ្នាក់ខេត្តគឺជាប់បានចំណាត់ថ្នាក់លេខពីរទូទាំងខេត្តនេះផងដែរ»។
ចំណែកលោក អេង សង្ហា ដែលជាដៃគូបង្រៀនភាសាអង់គ្លេសម្នាក់របស់នាងអេរិកា បានសរសើរអេរីកាទាំងរបៀបធ្វើការ អាកប្បកិរិយា និងអត្តចរិត។ គាត់ថ្លែងថា៖
«ហើយគាត់ហ្នឹងគឺជាមនុស្សល្អណាស់ អេរិកាហ្នឹង ហើយគាត់ហ្នឹងចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក។ ខ្ញុំធ្វើការជាមួយគាត់ហ្នឹងគឺទទួលបានចំណេះដឹងច្រើនពីគាត់ ទាំងផ្នែកភាសាអង់គ្លេស និងវប្បធម៌របស់គាត់។ លើសពីនេះទៅទៀត អេរិកាហ្នឹងគាត់ជាមនុស្សដែលរស់រាយបំផុត ហើយពេលដែលជួបអ្នកណាក៏ដោយ គាត់តែងតែនិយាយ “សួស្តី” ដាក់ទាំងអស់។ គាត់រស់រាយណាស់។ គាត់ក៏ជាមនុស្សឧស្សាហ៍ណាស់ ដោយគាត់មកធ្វើការទៀងម៉ោងពេលវេលា។ គាត់មកមិនដែលយឺត ហើយមិនដែលខានទេបាទ»។
វត្តមានអេរិកាគឺជាកម្លាំងជំរុញមួយដល់សិស្សានុសិស្ស ឲ្យខិតខំសិក្សាភាសាអង់គ្លេស។ និស្សិតលាង ហ៊ី ដែលបច្ចុប្បន្នជានិស្សិតវិទ្យាស្ថានបចេ្ចកវិទ្យា និងវិទ្យាស្ថានភាសាបរទេសឆ្នាំទី៣ ហើយធ្លាប់ជាសិស្សភាសាអង់គ្លេសរបស់នាងអេរិកា ថ្លែងថា ប្អូនប្រុសបានខិតខំសិក្សាខ្លាំងជាងមុន ដើម្បីតបស្នងទៅនឹងការតាំងចិត្តរបស់នាងអេរិកា ជំនះការលំបាកមកបង្រៀននៅតាមជនបទបែបនេះ។ និស្សិតលាង ហ៊ី បន្តទៀតថា៖
«មុនគាត់ចូលមកបង្រៀន សិស្សភាគច្រើនមិនសូវចូលថ្នាក់ប៉ុន្មានទេ។ ពេលគាត់មកបង្រៀន មិនឃើញមានសិស្សណាដែលអត់ចូលរៀននោះទេ។ ម្នាក់ៗផ្តោតទៅលើការសិក្សាភាសាអង់គ្លេសខ្លាំងជាងមុន។ គាត់បានបង្កើតក្លឹបពេលល្ងាចមួយដើម្បីបង្រៀនសិស្សនារី ។ ឃើញថា ភាគច្រើនគាត់យកចិត្តទុកដាក់ចំពោះសិស្ស ។ អ្វីដែលគាត់ចេះគាត់តែងតែចង់ចែករំលែកឲ្យអ្នកដទៃ។ ពេលឃើញគេលេងកីឡា គាត់តែងតែទៅចូលរួម។ សិស្សភាគច្រើនមានការអភិវឌ្ឍច្រើនតែម្តង ។ ម្នាក់ៗស្ងើចសរសើរគាត់ណាស់ ហើយខំប្រឹងព្យាយាមដើម្បីតបស្នងទៅនឹងអ្វីដែលគាត់ខំប្រឹង ដែលគាត់ព្យាយាមមកស្ម័គ្របង្រៀន ដោយឥតគិតថ្លៃនៅសាលាយើងនៅតាមជនបទនេះ» ។
ក្នុងចំណោមអ្នកស្ម័គ្រក្រុមទីមួយចំនួន២៩នាក់នោះ នាងអេរិកា ហ៊័រមែនបានទៅធ្វើការនៅវិទ្យាល័យសមេ្តចហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមរយៈពេលពីរឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ បច្ចុប្បន្ននាងជានិស្សិតថ្នាក់ក្រោយឧត្តមសិក្សាផ្នែកគោលនយោបាយសាធារណៈនៃសាលាកិច្ចការសាធារណៈ សាកលវិទ្យាល័យ American University នារដ្ឋធានីវ៉ាស៊ីនតោន។ នាងបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា នាងរីករាយ និងមានមោទនភាពដែលបានធ្វើការជាអ្នកស្ម័គ្រចិត្តនៅប្រទេសកម្ពុជា។ ក្រៅពីមានឱកាសចែករំលែកចំណេះដឹងរបស់នាងដល់សហគមន៍មូលដ្ឋាន នាងរៀនបានច្រើនអំពីវប្បធម៌ភាសា និងការលំបាកដែលសមាជិកសហគមន៍មូលដ្ឋានជួបប្រទះ។ នាងនិយាយថា នេះគឺជាបទពិសោធន៍ពិសេសសម្រាប់នាង។ នាងអេរិកាបន្តទៀតថា៖
«គ្រាន់តែប្រាស្រ័យទាក់ទងជាមួយនឹងសិស្សរបស់ខ្ញុំ និងគ្រួសារដែលខ្ញុំបាននៅជាមួយ ខ្ញុំរៀនអំពីវប្បធម៌ ពីព្រោះខ្ញុំស្រឡាញ់ការសិក្សាអំពីវប្បធម៌ផ្សេងៗ និងមនុស្សផ្សេងៗ ហើយខ្ញុំដឹងរឿងច្រើនទោះបីមិនដឹងអំពីអាស៊ីជាទូទៅ ក៏ដឹងជាពិសេសអំពីកម្ពុជាដែរ គឺដឹងអំពីអ្វីៗដែលអ្នកមិនអាចទទួលបានពីការអាន និងសៀវភៅផ្សេងៗនោះទេ» ។
អង្គការភីសខស៍ (Peace Corps) ត្រូវបានបង្កើតឡើងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកចន ឃែនណឺឌី (John Kennedy) នៅថ្ងៃទី១ ខែមិនា ឆ្នាំ១៩៦១ ដើម្បីលើកម្ពស់មិត្តភាព និងសន្តិភាពអន្តរជាតិ តាមរយៈសេវាស្ម័គ្រចិត្តសហរដ្ឋអាមេរិកនៅបរទេស។ អង្គការភីសខស៍ មានទិសដៅចម្បងបីគឺបញ្ជូនអ្នកមានជំនាញឲ្យទៅជួយធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសដែលចាប់អារម្មណ៍។ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋដែលទទួលបានសេវាឲ្យកាន់ប្រសើរអំពីសហរដ្ឋអាមេរិក និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអាមេរិកឲ្យកាន់តែប្រសើរអំពីប្រជាពលរដ្ឋផ្សេងៗក្នុងពិភពលោក។
ចាប់តាំងពីអង្គការភីសខស៍ត្រូវបានបង្កើតឡើង មានអ្នកស្ម័គ្រចិត្តជិត២សែននាក់ត្រូវបានបញ្ជូនទៅធ្វើការនៅក្នុងប្រទេសចំនួន១៣៩ទូទាំងពិភពលោក។
លោកចន ដារ៉ាហ៍ (Jon Darrah) ប្រធានអង្គការភីសខស៍ នៅក្នុងប្រទេសកម្ពុជា បានប្រាប់វីអូអេផ្នែកខេមរភាសាថា លោករីករាយការដែលសេវារបស់អ្នកស្ម័គ្រចិត្តរបស់អង្គការភីសខស៍ត្រូវបានទទួលស្វាគមន៍ពីគ្រប់មជ្ឈដ្ឋាន ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងអប់រំដែលជាសាម៉ីក្រសួង វិទ្យាល័យ និងប្រជាពលរដ្ឋតាមសហគមន៍ដែលអ្នកស្ម័គ្រចិត្តទៅរស់នៅជាមួយ។ លោកដារ៉ាហ៍ថ្លែងថា៖
«យើងមានអ្នកគាំទ្រច្រើន ហើយឯកឧត្តមអ៊ឹម សិទ្ធី រដ្ឋមន្រ្តីអប់រំមកមើលសាលាដែលអ្នកស្ម័គ្ររបស់យើងធ្វើការ។ យើងមានមន្ត្រីមន្ទីរអប់រំខេត្ត។ យើងមាននាយកសាលា ដែលមកជួបយើង និងទៅក្រសួងអប់រំដើម្បីស្នើសុំអ្នកស្ម័គ្ររបស់យើង។ នាយករដ្ឋមន្ត្រីខ្លួនឯងក៏បាននិយាយល្អអំពីកិច្ចការដែលយើងធ្វើ។ ខ្ញុំយល់ថា យើងមានការចាប់ផ្តើមបានល្អ ហើយយើងរីករាយនឹងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់នេះ»។
យោងតាមលោកចន ដារ៉ាហ៍ នាយកអង្គការភីសខស៍ នៅកម្ពុជាឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជាស្តីអំពីកម្មវិធីនេះតាំងពីឆ្នាំ១៩៩៤ ប៉ុន្តែដោយសារតែស្ថានភាពសន្តិសុខនៅតាមជនបទមិនអំណោយផល កម្មវិធីសេវាស្ម័គ្រចិត្តភីសខស៍ នេះត្រូវបានពន្យា រហូតដល់ឆ្នាំ២០០៦ ហើយអ្នកស្ម័គ្រត្រូវបានបញ្ជូនទៅតាមសហគមន៍ជនបទនៃប្រទេសកម្ពុជា នៅឆ្នាំ២០០៧។ ការបញ្ជូននេះត្រូវបានធ្វើឡើងមួយឆ្នាំម្តង ដែលមកដល់ពេលនេះមានចំនួន១០០នាក់ហើយ។ ក្រុមស្ម័គ្រចិត្តបន្ទាប់នឹងត្រូវទៅដល់កម្ពុជានៅចុងខែកក្កដាខាងមុខនេះ ។ អ្នកស្ម័គ្រចិត្តម្នាក់ៗត្រូវតែស្នាក់នៅទីនោះរយៈពេលពីរឆ្នាំ ហើយទទួលទានអាហារជាមួយគ្រួសារដែលខ្លួនរស់នៅជាមួយ យ៉ាងហោចណាស់មួយពេលក្នុងមួយថ្ងៃ៕