មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរ និងមន្ដ្រីអង្គការសហប្រជាជាតិ បានសម្តែងកង្វល់រួមគ្នានៅថ្ងៃ ច័ន្ទនេះចំពោះកង្វះថវិកាយ៉ាងធ្ងន់ធ្ងរនៅក្នុងសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា។ ហើយកិច្ចប្រជុំ មួយនឹងត្រូវ ធ្វើជាបន្ទាន់ក្នុងសប្ដាហ៍នេះ ដើម្បីស្វែងរកដំណោះស្រាយវិបត្តិនេះ។
កង្វល់នេះបានធ្វើឡើងនៅក្នុងជំនួបក្នុងទីក្រុងភ្នំពេញ រវាងលោកឧបនាយករដ្ឋមន្ដ្រីខ្មែរ សុខ អាន រដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្រ្ដី ជាមួយនឹងលោកស្រី ប៉ាទ្រីស្យា អូប្រៀន អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការច្បាប់ នេះបើយោងតាមលោក ឯក ថា អ្នកនាំពាក្យក្រោយពីជំនួបខាងលើ។
«ភាគីទាំងសងខាងបានសម្តែងនូវការព្រួយបារម្ភពីរឿងស្ថានការណ៍ផ្នែកហិរញ្ញវត្ថុខាងភាគីកម្ពុជា នៅសាលាក្ដីខ្មែរក្រហមនេះដោយសារតែភាគីកម្ពុជាមានកង្វះខាតផ្នែកថវិកាសម្រាប់ចំណាយទៅលើបុគ្គលិករបស់ខ្លួនប្រមាណ២៩៤នាក់»។
កង្វះថវិកានៅក្នុងសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា កើតមានឡើងស្របពេលដែលសាលាក្ដីខ្មែរក្រហមគ្រោងនឹងធ្វើការកាត់ទោសជនសង្ស័យក្នុងសំណុំរឿងលេខ០០២ ដែលមានជនសង្ស័យសរុបចំនួន៥នាក់ រួមមាននួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ និង ឌុចផងដែរ នៅដើមឆ្នាំ ២០១១ខាងមុខនេះ។
លោក ឯក ថា បានស្រង់សម្តីលោក សុខ អានថា ភាគីកម្ពុជានៅសល់ថវិកាត្រឹមតែ២០ម៉ឺនដុល្លារ អាមេរិកតែប៉ុណ្ណោះ ដែលអាចអនុញ្ញាតឲ្យធ្វើការចាយវាយទៅលើតម្រូវការនានា បានត្រឹមតែពីរ សប្ដាហ៍ទៀតប៉ុណ្ណោះ។
សូមបញ្ជាក់ថា ភាគីកម្ពុជាក្នុងសាលាក្ដីខ្មែរក្រហមត្រូវការចំណាយចំនួន៥០ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗ។
លោក ឌឹម សុវណ្ណារម្យ អ្នកនាំពាក្យមួយរូបរបស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា កិច្ចប្រជុំបន្ទាន់រវាងសាលាក្ដីខ្មែរក្រហមជាមួយតំណាងបណ្ដាប្រទេសដែលចាប់អារម្មណ៍នឹងសាលាក្ដីនឹង ត្រូវធ្វើឡើងក្នុងទីក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីដោះស្រាយវិបត្តិថវិកាសម្រាប់ ភាគីកម្ពុជា។
លោក ឌឹម សុវណ្ណារម្យ មានប្រសាសន៍ថា ថវិកាសព្វថ្ងៃខាងភាគីកម្ពុជាអនុញ្ញាតឲ្យបើកប្រាក់ខែមួយផ្នែកប៉ុណ្ណោះដល់បុគ្គលិកកម្ពុជា នៅក្នុងខែនេះ។
«ជាប្រាក់ ខែដែលយើងត្រូវបើកជូនបុគ្គលិកជាតិ ខែមេសានេះ មានត្រឹមតែ៣០% តែប៉ុណ្ណោះ»។
យោងតាមលោក ឯក ថា លោកស្រីប៉ាទ្រីស្យា អូប្រៀន អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការច្បាប់ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជារយៈពេលមួយសប្ដាហ៍ទាក់ទងទៅនឹងដំណើរការឆ្ពោះទៅរកការកាត់ទោស អតីតមេដឹកនាំ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហម។
ក្នុងទស្សនកិច្ចនេះ លោកស្រីគ្រោងនឹងជួបជាមួយមន្ដ្រីសាលាក្តីខ្មែរក្រហមនៅថ្ងៃពុធ សប្ដាហ៍នេះ និងជួបជាមួយមន្រ្ដីទូត នៅក្នុងប្រទេសកម្ពុជាផងដែរ។
សាលាក្ដីខ្មែរក្រហម កាលពីសប្ដាហ៍មុន បានប្រកាសឲ្យដឹងថា សហគមន៍ផ្ដល់ជំនួយបានសម្រេច ផ្ដល់ជំនួយចំនួនជាង៨៧លានដុល្លារអាមេរិកដល់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជា ជាតិ សម្រាប់ឆ្នាំ២០១០ និងឆ្នាំ២០១១៕