មានការពើបប្រយុទ្ធគ្នាក្នុងរយៈពេលខ្លីចំនួនពីរលើកជាប់ៗគ្នា នៅព្រឹកថ្ងៃសៅរ៍នេះ រវាងកងទ័ពថៃ និងកងទ័ពរបស់ប្រទេសកម្ពុជា នៅព្រំដែនរួមក្បែរឃុំអូរស្មាច់ ខេត្តឧត្តរមានជ័យ ខណៈដែល ភាពតានតឹងបានកើតឡើងជាថ្មីម្ដងទៀត នៅចំណុចភ្នំទ្រព្យភាគខាងលិចប្រាសាទព្រះវិហារ។ ក៏ប៉ុន្ដែការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនេះ មិនបានបណ្ដាលឲ្យភាគីណាមួយមានគ្រោះថ្នាក់នោះទេ។ នេះបើយោងតាមរបាយការណ៍របស់មន្ដ្រីផ្លូវការនៃប្រទេសទាំងពីរ។
លោកឧត្ដមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិមានប្រសាសន៍ថា ការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ បានកើតឡើងនៅពេលដែលកងទ័ពកម្ពុជាកំពុងដើរល្បាត។
«វេលាម៉ោង៨: ៥នាទីមានការផ្ទុះអាវុធប្រហែល១៥នាទី។ លើកទី២ មានផ្ទុះអាវុធម្ដងទៀតប្រហែល៥នាទី គឺវេលាម៉ោង៩និង៣០នាទីព្រឹកដែរ។ មូលហេតុផ្ទុះអាវុធ គឺពេលដែលកម្លាំងរបស់ យើងកំពុងធ្វើការដើរល្បាតតាមព្រំដែនដែលយើងធ្លាប់ធ្វើជារៀងរាល់ថ្ងៃ កម្លាំងថៃបានបាញ់អឹម១៦ និងអឹម៧៩ មកលើយើង។ យើងក៏បាញ់តបទៅវិញ។ យើងបានបាញ់បេ៤០ និងអាកា។ តុល្យការនៃការប្រយុទ្ធគ្នាហ្នឹង យើងឃើញថា ខាងកម្ពុជាអត់មានរបួសឬក៏ស្លាប់អីទេ»។
លោកឧត្ដមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់ថា កងទ័ពនៃប្រទេសទាំងពីរកំពុងធ្វើការចរចាជាមួយគ្នាឡើងវិញ ដើម្បីដោះស្រាយបញ្ហានេះ។
ជាមួយគ្នានេះ លោកថានី ថងផាក់ឌី អគ្គនាយករង នៃនាយកដ្ឋានព័ត៌មានក្រសួងការបរទេសថៃ បានប្រាប់VOA សំឡេងសហរដ្ឋអាមេរិក តាមខ្សែទូរស័ព្ទពីក្រុងបាងកកថា ភាគីទាំងពីរបានស្វែងយល់គ្នាឡើងវិញ បន្ទាប់ពីការប្រយុទ្ធគ្នា។ មន្ដ្រីក្រសួងការបរទេសថៃដដែលបញ្ជាក់ថា ពុំមានរបាយការណ៍អំពីការស្លាប់ ឬ របួសនៃកងទ័ពដែលប្រយុទ្ធគ្នានោះទេ។
«របាយការណ៍ដែលយើងទទួលបាននោះ បង្ហាញថា ពុំមានកងទ័ពណាម្នាក់ត្រូវរបួស ឬត្រូវបានសម្លាប់នោះទេ។ពួកគេបានជជែកគ្នាអំពីឧបទ្ទវហេតុដែលបានកើតឡើង។ ខ្ញុំត្រូវបានគេរាយការណ៍ប្រាប់ថា ពួកគេបានទាក់ទងគ្នានាពេ លបន្ទាប់មក។ បញ្ហានេះបានបញ្ចប់ហើយ»។
សូមរំឭកថា ការប៉ះទង្គិចគ្នាដោយកម្លាំងយោធានេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកម្ពុជា បញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន។
លោក ឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា កងទ័ពថៃចំនួន១២នាក់ផ្សេងទៀតបានដើរល្បាតនៅតាមបណ្ដោយព្រំដែនក្បែរភ្នំទ្រព្យ កាលពីរសៀលថ្ងៃសុក្រម្សិលមិញនេះ ដែលជាថ្ងៃចូលឆ្នាំចុងក្រោយរបស់ខ្មែរ។ ហើយក៏បានចូលបង្កប់ខ្លួននៅទីនោះតែម្ដង។តំបន់ភ្នំទ្រព្យគឺជាកន្លែងដែលមានការប្រយុទ្ធគ្នា ជាច្រើនលើកចាប់តាំងពីការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពប្រទេសថៃ។
លោកឈុំ សុជាតិ បានបញ្ជាក់ថា មេបញ្ជាការកងទ័ពកម្ពុជា បានចរចាដើម្បីឲ្យកងទ័ពថៃដកថយទៅវិញ ប៉ុន្ដែកងទ័ពថៃមិនព្រមដកថយនៅឡើយមកទល់នឹងរសៀល ថ្ងៃសៅរ៍នេះ។
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានប្រែទៅជាតានតឹងចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨មកម្ល៉េះ បន្ទាប់ពីប្រាសាទព្រះវិហារដ៏ចំណាស់របស់ខ្មែរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលក្រុងបាងកកបានជំទាស់យ៉ាងខ្លាំង។ ការប្រឈមមុខដោយយោធាបានកើតឡើង ហើយមានការប្រយុទ្ធគ្នាជាច្រើនលើកបានកើតមានឡើងនៅតំបន់ក្បែរប្រាសាទព្រះវិហារ ដែលធ្វើឲ្យមានការស្លាប់ និងរបួសក្នុងចំណោមកងទ័ពទាំងសងខាង៕