ក្រុមយុវជននៅតាមសាកលវិទ្យាល័យនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក្នុងទីក្រុងភ្នំពេញរំពឹងថា នៅក្នុងឆ្នាំថ្មីឆ្នាំ២០១០នេះ ពួកគេនឹងទទួលបានការយកចិត្តទុកដាក់ច្រើនថែមទៀតពីសំណាក់រដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពនិងសេវាអប់រំ ហើយបង្កើតការងារបន្ថែមទៀតសម្រាប់ពួកគេ។
កញ្ញា សំរិត ភូមី និស្សិតឆ្នាំទី១ផ្នែកចិត្តវិទ្យានៃសាកលវិទ្យាភូមិន្ទភ្នំពេញ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា កញ្ញាចង់ឃើញមានការបង្កើតឱកាសការងារច្រើនថែមទៀតសម្រាប់យុវជនតាមរយៈការទាក់ទាញវិនិយោគទុនបរទេសបន្ថែមទៀតចូលមកក្នុងប្រទេសកម្ពុជា។
«ក្នុងនាមខ្ញុំជាយុវជនក្នុងឆ្នាំថ្មីនេះគឺចង់ឱ្យរដ្ឋាភិបាលផ្តល់ឱកាសនិងលើកទឹកចិត្តដល់បណ្តាយុវជនរបស់យើងនៅក្នុងប្រទេសកម្ពុជា ព្រោះអីយុវជនរបស់យើងរាល់ថ្ងៃ បន្ទាប់ពីបញ្ចប់ការសិក្សាទៅ ពេលខ្លះគាត់អត់មានឱកាសធ្វើការងារល្អៗឱកាសធ្វើការងារផ្សេងៗទេ គឺគាត់ពេលខ្លះដើរប៉ោឡែឬបង្កបញ្ហាផ្សេងៗក៏មានដែរ អញ្ចឹងទៅចង់ឱ្យផ្តល់ឱកាសការងារឬបង្កើនការយកចិត្តទុកដាក់ទៅដល់ពួកគាត់ និងទាញវិនិយោគទុនមកប្រទេសកម្ពុជាបន្ថែមទៀត»។
ការលើកឡើងនេះបានធ្វើឡើងក្នុងខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រារព្ធទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួនរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១០។ថ្ងៃទី១៦ខែមេសាឆ្នាំនេះ ជាថ្ងៃឆ្លងពីឆ្នាំចាស់ឆ្នាំឆ្លូវ ចូលឆ្នាំថ្មីគឺឆ្នាំខាល ពុទ្ធសករាជ ២៥៥៤ គិតតាមប្រតិទិនពុទ្ធសាសនា។
បណ្តាញអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារជាមួយយុវជនបានប៉ាន់ប្រមាណថា មានយុវជនពី៣០ម៉ឺនទៅ៥០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជាដែលគ្មានការងារធ្វើ ហើយថា ក្នុងចំណោមនិស្សិតដែលបានបញ្ចប់ការសិក្សា៩នាក់ គឺមានតែម្នាក់ប៉ុណ្ណោះអាចរកការងារធ្វើបាន។
និស្សិតម្នាក់ទៀតដែលជាយុវជនស្ម័គ្រចិត្តនៃអង្គការក្រៅរដ្ឋាភិបាលមួយក្នុងទីក្រុងភ្នំពេញគឺ លោក ខេ ឡុងម៉េង វ័យ២៣ឆ្នាំក៏បានប្រាប់ឱ្យដឹងផងដែរថា នៅក្នុងឆ្នាំថ្មីនេះ លោកក៏ចង់ឃើញគុណភាពនិងសេវាកម្មអប់រំត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀតដើម្បីជួយឱ្យយុវជនខ្មែររួមទាំងរូបលោកផងដែរអាចមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ស្របទៅតាមការវិវឌ្ឍរបស់ពិភពលោកនៅសម័យទំនើបនេះ។
«ឆ្នាំថ្មីនេះ ចង់ឱ្យរដ្ឋាភិបាលពង្រឹងបន្ថែមនៅលើវិស័យអប់រំតាំងពីសមត្ថភាព តាំងពីជំនាញបច្ចេកទេសនានាទាក់ទងនឹងកំព្យូទ័រអី ពីព្រោះសម័យឥឡូវគេចូលសតវត្សរ៍ទី២១ ហើយគេមានការអភិវឌ្ឍផ្នែកហ្នឹងច្រើន តែបើក្រឡេកមើលសង្គមខ្មែរវិញ នៅតាមជនបទអីហ្នឹងពួកគាត់អត់សូវមានការទទួលការអប់រំបានច្រើនទេ គឺអ្នកខ្លះសូម្បីដល់ឆ្នាំ២០១០នេះអត់ទាន់ដឹងថា កំព្យូទ័រហ្នឹងយ៉ាងម៉ិច គេបង្កើតឡើងដើម្បីអីទៀត»។
លោក ខេ ឡុងម៉េងបន្ថែមថា លោកក៏ប្រាថ្នាចង់ឃើញការអនុវត្តច្បាប់នៅក្នុងឆ្នាំថ្មីនេះប្រកបដោយយុត្តិធម៌និងស្មើភាពគ្នាចំពោះជនគ្រប់រូបនៅក្នុងសង្គម ដោយមិនគិតថា ជននោះជាអ្នកមានលុយមានអំណាចបុណ្យសក្តិខ្ពង់ខ្ពស់ ឬជាជនក្រីក្រនោះទេ។
«ខ្ញុំចង់ឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់តាំងពីការគោរពច្បាប់ចរាចរណ៍។ មួយទៀតគេហៅថា គណនេយ្យភាពសង្គមទាក់ទងនឹងការចូលរួមនៅក្នុងផែនការអភិវឌ្ឍរបស់ឃុំសង្កាត់ដែលជា កត្តាមួយដែលជួយដល់កិច្ចអភិវឌ្ឍន៍ផងដែរ ពីព្រោះទាល់តែមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ទើបប្រទេសមួយមានការរីកចម្រើនទៅបាន»។
លោកជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនដែលបច្ចុប្បន្នកំពុងធ្វើការងារជាមួយយុវជនប្រមាណ៣០០នាក់នៅក្នុងសកម្មភាពអភិវឌ្ឍន៍សិទ្ធិអំណាចសហគមន៍មូលដ្ឋាន បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយថា យុវជនត្រូវការយន្តការជាក់លាក់មួយដើម្បីធានាថា ពួកគេអាចចូលរួមបានកាន់តែច្រើនថែមទៀតនៅក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន។
«ការចូលរួមរបស់យុវជននៅក្នុងកិច្ចការសង្គម យើងឃើញថា ជាបញ្ហាប្រឈមមួយដែលយើងមិនសូវមានការចូលរួមច្រើននៅក្នុងការអភិវឌ្ឍសង្គមទេ ហើយអានេះវាមានមូលហេតុច្រើន ប៉ុន្តែអ្វី ដែលជាមូលហេតុចម្បងនោះគឺទាក់ទងនឹងការអប់រំ តើការអប់រំរបស់យើងមានការជំរុញយុវជន ឬការបណ្តុះនូវមនៈសិការសង្គមដល់យុវជនឬអត់ ឬការកសាងសន្តិភាពសង្គមឬការកាត់បន្ថយអំពើពុក រលួយ អានេះជាសំណួរដែលសំខាន់»។
បច្ចុប្បន្ន ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គមធ្វើឡើងក្នុងរូបភាពជាអ្នកស័្មគ្រចិត្តនៅតាម បណ្តាអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ អប់រំនិងផ្សព្វផ្សាយអំពីសិទ្ធិអំណាចរបស់ពលរដ្ឋសម្រាប់សហគមន៍មូលដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។
ក្រៅពីនេះ យុវជនក៏ចូលរួមនៅក្នុងការអង្កេតតាមដានដំណើរបោះឆ្នោតនិងសកម្មភាពនយោបាយកន្លងមកផងដែរ។
ដោយមើលឃើញពីសារៈសំខាន់របស់យុវជននៅក្នុងការអភិវឌ្ឍជាតិ អ្នកស្រីស៊ុន ចាន់សែន ប្រធានសមាគមយុវជនខ្មែរមានប្រសាសន៍ថា យុវជនខ្មែរប្រាថ្នាចង់ឱ្យគោលនយោបាយស្តីពីយុវជនជាតិត្រូវបានអនុម័តនៅក្នុងឆ្នាំថ្មីនេះ ដើម្បីជាត្រីវិស័យមួយសម្រាប់ជួយដល់យុវជនក្នុងការ ចូលរួមចំណែកកសាងប្រទេសរបស់ពួកគេ។
«យើងរំពឹងទុកថា នៅក្នុងឆ្នាំថ្មីនេះ ខាងក្រសួងអប់រំយុវជននិងកីឡានៃរាជរដ្ឋាភិបាលកម្ពុជាយើងហ្នឹងនឹងរុញឱ្យចេញបានលឿនបំផុតនូវគោលនយោបាយស្តីពីយុវជនជាតិពីព្រោះអីគោលនយោបាយហ្នឹងវាមានសារៈប្រយោជន៍មួយនៅក្នុងការដឹកនាំតម្រង់ផ្លូវដល់យុវជនយើង ហើយទាំងរដ្ឋាភិបាល ទាំងយុវជនអាចរួមគ្នាធ្វើយ៉ាងម៉ិចនៅក្នុងការពង្រឹងនិងស្ថាបនាឱ្យមានការរីកចម្រើន»។
សូមបញ្ជាក់ថា ពង្រាងគោលនយោបាយស្តីពីយុវជនជាតិត្រូវបានធ្វើឡើងលើកដំបូងដោយនាយកដ្ឋានយុវជននិងកីឡានៃក្រសួងអប់រំក្នុងឆ្នាំ២០០៤ ហើយត្រូវបានពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះ យោបល់ជាមួយស្ថាប័ននិងបណ្តាញយុវជនចំនួនបីលើកកន្លងមកហើយ។ បច្ចុប្បន្នសេចក្តីព្រាងនោះកំពុងស្ថិតក្នុងដំណាក់កាលពង្រាងចុងក្រោយ។
លោក ផន សុគីម អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនដែលទទួលបន្ទុកព្រាងគោលនយោបាយ ស្តីពីយុវជនជាតិនេះ ពុំបានបំភ្លឺអំពីសេចក្តីព្រាងគោលនយោបាយនោះទេ ដោយលោកមានប្រសាសន៍ថា លោកកំពុងជាប់ធុរៈក្នុងគ្រួសារ។
ប៉ុន្តែ លោក ខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែបាន គិតគូរដល់យុវជនក្នុងការស្វែងរកការងារសម្រាប់ពួកគេតាមរយៈការទាក់ទាញវិនិយោគបរទេស ឬការបញ្ជូលពលករទៅធ្វើការនៅក្រៅប្រទេសជាដើម។
«ដូចកន្លងមក ទោះបីយើងមិនបានវិនិយោគចូលក៏យើងខិតខំចរចាជាមួយប្រទេសមួយចំនួនដើម្បី នាំកម្លាំងពលកររបស់យើងចេញ អាហ្នឹងក៏ជាផ្នែកមួយក្នុងការស្វែងរកការងារធ្វើដែរតើ ពីព្រោះមាន មុខជំនាញខ្លះ យើងរៀនហើយគឺនៅស្រុកខ្មែរ។ វាអត់មានការធ្វើនូវមុខជំនាញហ្នឹងទេ ប៉ុន្តែគេអាចរកនៅក្រៅបាន»។
តែយ៉ាងណាក៏ដោយ មន្រ្តីក្រសួងអប់រំដែលបានចូលរួមនៅក្នុងការធ្វើសេចក្តីព្រាងគោលនយោបាយស្តីពីយុវជនជាតិ បានមានប្រសាសន៍ដោយសុំមិនបញ្ចេញឈ្មោះនិងសម្លេងថា ពង្រាងគោលនយោបាយដែលមាន១០ចំណុចសំខាន់ៗនេះ ក៏មានបញ្ចូលនូវការកំណត់អំពីការលើកកម្ពស់គុណភាពនៃការអប់រំនិងការចូលរួមរបស់យុវជននៅក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមផងដែរ។
មន្ត្រីដដែលបានបញ្ជាក់ថា អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំគ្រោងនឹងបើកសិក្ខាសាលាថ្នាក់ជាតិលើកចុងក្រោយដើម្បីពិគ្រោះយោបល់ទៅលើសេចក្តីព្រាងគោលនយោបាយស្តីពីយុវជនជាតិនេះ នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០១០ខាងមុខនេះ មុននឹងដាក់ជូនទីស្តីការគណៈរដ្ឋមន្រ្តីអនុម័ត មិនឱ្យហួសពីឆ្នាំ២០១០នេះឡើយ៕