ក្រុមអ្នកជំនួញបរទេសបានហៅច្បាប់ផ្តល់កម្មសិទ្ធិដល់ជនបរទេសនេះថា ជាការផ្តល់ផលប្រយោជន៍ដល់អ្នកវិនិយោគបរទេសផង និងដល់ប្រទេសកម្ពុជាផង ក្នុងការទាក់ទាញ និងការបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគបរទេស។
ក្រុមពាណិជ្ជករបរទេសបាននិយាយនៅថ្ងៃអង្គារនេះថា ច្បាប់ផ្តល់កម្មសិទ្ធិដល់ជនបរទេសថ្មីបានបើកផ្លូវសម្រាប់អ្នកវិនិយោគទុនបរទេស ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យងើបឡើងវិញ ក្នុងការជំរុញការសាងសង់សំណង់ និងការវិនិយោគលើអគារស្នាក់នៅ ឬ អគារខុនដូនៅក្នុងប្រទេសកម្ពុជា។
ច្បាប់ផ្តល់កម្មសិទ្ធិអចលនទ្រព្យដែលទន្ទឹងរង់ចាំជាយូរមកហើយ ត្រូវបានអនុម័តដោយសំឡេងភាគច្រើននៅក្នុងសម័យប្រជុំរដ្ឋសភាកាលពីសប្តាហ៍មុន និងកែប្រែធ្វើឱ្យចម្រើនដល់ទីផ្សារអចលនទ្រព្យ។ ឥឡូវ ច្បាប់នេះត្រូវការអនុម័តដោយព្រឹទ្ធសភា និងបន្ទាប់មកព្រះមហាក្សត្រស្តេចនឹងឡាយព្រហស្តលេខាជាចុងក្រោយ មុននឹងក្លាយទៅជាច្បាប់ពេញលក្ខណៈ។
គណៈរដ្ឋមន្ត្រីបានអនុម័តច្បាប់នេះនៅក្នុងខែធ្នូ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរដល់សិទ្ធិកម្មសិទ្ធិឯកជន បង្កើនការវិនិយោគទុន និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើវិនិយោគទុននៅកម្ពុជា។ ច្បាប់នេះអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិលើអគារស្នាក់នៅចាប់ពីជាន់ទី១ និងចំនួនទឹកប្រាក់ដ៏ច្រើននៅក្នុងទ្រព្យសម្បត្តិលំនៅដ្ឋានឯកជនសម្រាប់ជនបរទេស។
លោក Daniel Parkes អ្នកគ្រប់គ្រងនៃភ្នាក់ងារអចលនទ្រព្យពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ VOAកាលពីថ្ងៃព្រហស្បតិ៍ថាច្បាប់ផ្តល់កម្មសិទ្ធិដល់ជនបរទេសនេះនឹងផ្តល់ផលប្រយោជន៍ដល់អ្នកវិនិយោគបរទេសផង និងដល់ប្រទេសកម្ពុជាផងនិងបង្កើនជំនឿទុកចិត្តក្នុងក្រមខ័ណ្ឌច្បាប់សម្រាប់កម្មសិទ្ធិលើអចលនទ្រព្យរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។
លោក Daniel Parkes បានបញ្ជាក់ថា វាជាបដិវត្តន៍នៅក្នុងការវិនិយោគអចលនទ្រព្យនៅកម្ពុជាដែលកើតចេញពីលទ្ធផលនៃច្បាប់នេះ។ លោកគិតថា វាជាជំហាននៅលើដងផ្លូវឆ្ពោះមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើងដោយចាត់ទុកថា ជាកន្លែងមួយសម្រាប់ការវិនិយោគពីអ្នកវិនិយោគអន្តរជាតិ និងអភិវឌ្ឍអចលនទ្រព្យ។
«វានឹងបង្កើនផលប្រយោជន៍នៅកម្ពុជា។ វាជាការសមរម្យនូវអ្វីដែលភាពសំខាន់នៃច្បាប់នេះ គឺថា អគារខុនដូនឹងមានផលចំណេញ និង ថាតើក្រុមហ៊ុនគ្រប់គ្រងមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដើម្បីពិចារណា នៅពេលដែលពួកគេកំពុងវិនិយោគនៅក្នុងប្រទេសនេះ។ វាដំណើរការតាមវិធីមួយចំនួនដើម្បីធ្វើឱ្យជំនឿជឿទុកចិត្តកាន់តែប្រសើរឡើង និងធ្វើឱ្យការវិនិយោគកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែវាមិនមែនជាជម្លោះទេ។ ដូច្នេះវាគឺជាទីកន្លែងដ៏ល្អដើម្បីវិនិយោគប្រាក់របស់ខ្ញុំ»។
លោក Paul Luchtenburg ប្រធានប្រតិបត្តិនៃគ្រឹះស្ថានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន AMK co.,LTD បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ភរិយារបស់លោកជាជនជាតិខ្មែរដែលមានផ្ទះរួចជាស្រេច។ ប៉ុន្តែលោកដឹងថា មិត្តភក្ត្រជាច្រើនដែលចង់ស្វែងរកផ្លូវច្បាប់ដ៏ងាយស្រួលដើម្បីទិញអគារស្នាក់នៅក្នុងប្រទេសកម្ពុជា។ មានតម្រូវការជាច្រើន ពីព្រោះមនុស្សជាច្រើនចង់ទិញផ្ទះដែលនឹងមានតម្លៃខ្ពស់។
«ខ្ញុំគិតថា ផលប្រយោជន៍នេះនឹងបង្កើនតម្រូវការសម្រាប់អចលនទ្រព្យ។ ដូច្នេះ លោកអ្នកមានមនុស្សជាច្រើនអាចរកទិញផ្ទះ។ ដូច្នេះរឿងនោះនឹងជួយឱ្យចាប់ផ្តើមឡើងវិញនូវជំនួញអចលនទ្រព្យ»។
Paul Luchtenburg បានបន្ថែមថា វានឹងនាំយកប្រាក់កាន់តែច្រើនចូលមកក្នុងប្រទេសនេះ។ ដូច្នេះ លោកគិតថា វាជារឿងល្អណាស់ និងការសន្សំប្រាក់កាន់តែបានច្រើនថែមទៀត។
លោក JEREMY Ha នាយកធនាគារភ្នំពេញពាណិជ្ជ បានថ្លែងនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនអភិវឌ្ឍន៍ និងសំណង់កូរ៉េខាងត្បូងមានសុទិដ្ឋិនិយមខ្លាំងណាស់ចំពោះការអនុម័តច្បាប់ផ្តល់កម្មសិទ្ធិដល់ជនបរទេសនេះ។ លោកគិតថា ក្រុមហ៊ុនមួយចំនួនសាងសង់អគារស្នាក់នៅ ឬអគារខុនដូ នឹងកើនឡើងយ៉ាងពិតប្រាកដនៅក្នុងពេលអនាគត។
«អតិថិជនរបស់យើងមាន២ផ្នែក គឺជនជាតិកូរ៉េ និងជនជាតិខ្មែរ ដោយ១០% សម្រាប់ក្រុមហ៊ុនកូរ៉េ និង៩០% សម្រាប់ក្រុមហ៊ុនខ្មែរដែលជាក្រុមហ៊ុនសំណង់។ ខ្ញុំក៏មានសុទិដ្ឋិនិយម ជាជនបរទេសម្នាក់ ពីព្រោះខ្ញុំអាចទិញអគារស្នាក់នៅ ឬអគារវីឡា ដោយដាក់ឈ្មោះរបស់ខ្ញុំផ្ទាល់។ ដូច្នេះ ជនជាតិកូរ៉េជាច្រើនកំពុងតែជជែកគ្នាអំពីបញ្ហានេះ។ ច្បាប់នេះគឺងាយស្រួលទាក់ទាញការវិនិយោគពីប្រទេសកូរ៉េ និងប្រទេសជប៉ុន»។
លោកស៊ឹង ប៊ុណ្ណា ប្រធានសមាគមវាយតម្លៃអចលនទ្រព្យកម្ពុជា និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Bonna Realty Group បានថ្លែងនៅថ្ងៃអង្គារនេះថា ច្បាប់នេះបានផ្តល់ផលប្រយោជន៍សម្រាប់ជំរុញសកម្មភាពអចលនទ្រព្យនិងទាក់ទាញអ្នកវិនិយោគបរទេសឱ្យមកបណ្តាក់ប្រាក់ទុននៅកម្ពុជា។
លោក ស៊ឹង ប៊ុណ្ណាបានបញ្ជាក់ថា នេះជាឱកាសសម្រាប់អ្នកវិនិយោគបរទេស ដែលមានកម្មសិទ្ធិផ្ទាល់ខ្លួនលើផ្ទះ សម្រាប់ការវិនិយោគ និងការស្នាក់នៅ។
លោក ស៊ឹង ប៊ុណ្ណា បានបន្តថា ច្បាប់នេះនឹងជួយជំរុញឱ្យក្រុមហ៊ុនរបស់លោកអាចមានដំណើរការល្អនៅឆ្នាំ២០១១ និងជាកត្តាមួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងគ្មានការព្រួយបារម្ភ។
«ការបញ្ចេញនូវអនុក្រឹត្យសម្រាប់អនុវត្តច្បាប់ចង់ឱ្យលឿន ចង់ឱ្យចេញមកដោយរលូន ចង់ឱ្យច្បាស់លាស់ និងត្រឹមត្រូវ ទៅតាមច្បាប់ដែលបានអនុម័ត ពីព្រោះច្បាប់ដែលបានអនុម័តនេះ មានន័យគ្រប់គ្រាន់ និងសមស្រប ដែលអ្នកវិនិយោគក្នុងស្រុក និងបរទេស សប្បាយចិត្តចំពោះច្បាប់នេះខ្លាំងណាស់»។
លោក Daniel Parkes បានថ្លែងថា វានឹងជួយទាក់ទាញផលប្រយោជន៍បរទេស ហើយអ្នកទាំងនោះរៀបចំខ្លួនមកវិនិយោគនៅកម្ពុជាឥឡូវនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនឡើងនៅឆ្នាំ២០១១។
លោក Daniel Parkes បានបញ្ជាក់ថា នៅ៦ខែខាងមុននេះ គឺជាពេលវេលាដ៏ល្អដើម្បីទិញ។ ដោយប្រៀបធៀប វាមានគុណសម្បត្តិជាងប្រទេសថៃ និងប្រទេសវៀតណាម សម្រាប់អ្នកវិនិយោគបរទេស។
ច្បាប់នេះអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិទិញអចលនទ្រព្យចាប់ពីជាន់ទី១ឡើងទៅ ប៉ុន្តែការទិញផ្ទះនៅជាន់ផ្ទាល់ដី និងដីធ្លីត្រូវបានហាមឃាត់ ហើយការទិញអចលនទ្រព្យក្នុងចម្ងាយ៣០ គីឡូម៉ែត្រ ពីព្រំដែនកម្ពុជាជាប់ជាមួយប្រទេសវៀតណាម ឡាវ និងថៃ ត្រូវបានហាមឃាត់។ ប៉ុន្តែលើកលែងតែនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ផ្សេងៗទៀតដែលបានកំណត់ដោយរដ្ឋាភិបាល។
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយ៍កម្ម និងសំណង់ បានបញ្ជាក់ថា ច្បាប់នេះនឹងជួយទាក់ទាញអ្នកទិញបរទេស និងបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា។ ច្បាប់នេះជំរុញការវិនិយោគដោយលើកទឹកចិត្តដល់ការសាងសង់សំណង់នៃអគារទំនើបៗ អគារខ្ពស់ៗ អគារស្នាក់នៅ និងអគារខុនដូ។
ក្រុមមន្ត្រីបានថ្លែងថា អនុក្រឹត្យនឹងត្រូវសរសេរយ៉ាងត្រឹមត្រូវស្របតាមច្បាប់ដែលបានអនុម័ត ហើយអនុក្រឹត្យនេះមានលក្ខណៈត្រឹមត្រូវ និងសមរម្យសម្រាប់ភាគីទាំងអស់។
ការផ្តន្ទាទោសនៅក្នុងច្បាប់នេះនៃមាត្រា២០និង២១បានចែងយោងនៅក្នុងច្បាប់ភូមិបាល។ ច្បាប់ភូមិបាល បាន សរសេរថា ជនបរទេសណាដែលរំលោភច្បាប់ផ្តល់កម្មសិទ្ធិដល់ជនបរទេសនេះនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់រហូតដល់២.២៥០ដុល្លារអាមេរិក ហើយមន្ត្រីសូរិយោដីណាដែលរំលោភច្បាប់ផ្តល់កម្មសិទ្ធិដល់ជនបរទេសនេះ នឹងផ្តន្ទាទោសពិន័យជាប្រាក់រហូតដល់១.២៥០ ដុល្លារអាមេរិក និងបន្ថែមទោសរដ្ឋបាលទៀត៕