ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មា​ភិបាល​ខ្មែរ​ក្រហម​ ព្រមាន​អំពី​ការ​កើត​សង្គ្រាម​ម្តង​ទៀត


លលាដ៍​ក្បាល​ជន​រង​គ្រោះ​សម័យខ្មែរ​ក្រហម​រក្សាទុកនៅទួលស្លែង។
លលាដ៍​ក្បាល​ជន​រង​គ្រោះ​សម័យខ្មែរ​ក្រហម​រក្សាទុកនៅទួលស្លែង។

អតីត​កម្មា​ភិបាល​ខ្មែរ​ក្រហម​ បាន​ព្រមាន​ថា​ សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ខ្មែរ​ទំនង​ជា​នឹង​ កើត​ឡើង​វិញ​ទៀត​ ប្រសិន​បើ​ជន​សង្ស័យ​ក្នុង​របប​នោះ​បន្ថែម​ទៀត​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ។

ការ​ព្រមាន​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល ​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​គេ​ដឹង​ថា​ កំពុង​ ពិចារណា​ស៊ើប​អង្កេត ​និង​គ្រោង​ចាប់​ខ្លួន​ជន​សង្ស័យ​ប្រាំ​នាក់​ទៀត​មក​ជំនុំ​ជំរះ​សម្រាប់​ករណី​០០៣​ និង​ ០០៤​ បន្ថែម​លើ​មេដឹក​នាំ​ប្រាំ​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង។

ថ្ងែង​នៅ​ឯវេទិការ​សាធារណៈ​មួយ​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ រៀបចំ​ដោយ​មជ្ឈ​មណ្ឌល​ដើម្បី ​យុត្តិធម៌ ​និង ​ការ​បង្រួប​បង្រួម ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ប្រមាណ​១៥០​នាក់ ​ដែល​ភាគ​ច្រើន​ជា​អតីត​កម្មា​ភិបាល​ខ្មែរ​ក្រហម​នោះ​ អ្នក​ស្រី ​អ៊ឹម ចែម​ ជំទប់​ទីមួយ​ឃុំ​ត្រពាំង​តាវ​ បាន​ថ្លែង​ថា ​សុំ​កុំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មក​កាត់​ទោស​បន្ថែម​ទៀត ​បើពុំ​នោះ​ទេ​សង្គ្រាម​នឹង​កើត​ មាន​ទៀត៖

«ប្រជា​ពល​រដ្ឋ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ធ្លាក់​ដល់​ឪពុក​ ម្តាយ​ ដែល​គាត់​កើត​កាល​ពី​ជំនាន់​នោះ​ បើ​ម្តង​ប្រាំ​នាក់​ម្តង​ទៀត​សង្ស័យ​ប្រាំនាក់​ទៀត​ មិន​ដឹង​ថ្ងៃ​ណា ​ជាប់​ដល់​ខ្លួន​ ព្រោះ​ខ្លួន​នៅ​ក្នុង​សង្គម​នោះ​ដែរ។ ​នៅ​ក្នុង​ស្រុក​អន្លង់​វែង​នេះ​ ជា​ការណ៍​ពិត​នៅ ​មាន​ចាស់ៗ​ដូច​ជា​ជំនាន់​ខ្ញុំ​ អាយុ​ពី​៦០​ ទៅ​ ៧០​ឆ្នាំ»។

អ្នក​ស្រី អ៊ឹម​ ចែម​ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អតីត​អភិបាល​ស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្ត​បន្ទាយ​ មាន​ជ័យ ​កាល​សម័យ​នោះ​ និង​ដែល​គេ​សង្ស័យ​ថា អាច​មាន​ឈ្មោះនៅ​ក្នុង ​បញ្ជី​ចាប់​ខ្លួន​ចំណោម​ ប្រាំ​នាក់​នោះ​ដែរ​ បាន​ថ្លែង​ដោយ​រំឭក​អំពី​អតីត​កាល​មុន​សមាហរណ​កម្ម​យ៉ាង​ដូច្នេះ​ទៀត​ថា៖

«ខ្ញុំ​សូម​ជំរាប​តាម​ការ​ចាំ​របស់​ខ្ញុំ​ថា ​កាល​មុន​សមាហរណ​កម្ម​សម្តេច​ ហ៊ុន ​សែន​ បាន​និយាយ​ថា​ គាត់​នឹង​ប្រមូល​ប្រជា​ពល​រដ្ឋ​ទាំង​អស់​គ្មាន​អ្នក​ឈ្នះ​គ្មាន​អ្នក​ចាញ់ ​ដូច្នេះ​បាន​ជា​ប្រជា​ពល​រដ្ឋ​ក្នុង​ សង្គ្រាម​នោះ​បែរ​មក​រួម​គ្នា​តែ​មួយ ​និង​សាមគ្គី​គ្នា​ទៅ​ផ្លូវ​តែ​មួយ​ក្នុង​ ប្រទេស​ ការ​ពារ​ពូជ​សាសន៍​ និង​ ជាតិ​របស់​ខ្លួន» ។

លោក​ អ៊ុន ​រ៉េត​ មេ​ភូមិ​ស្លែង​ពណ៌ ​ឃុំ​ត្រពាំង​តាវ​ ស្រុក​អន្លង់​វែង​ បាន​បន្ទរ​ចំពោះ​ការ​លើក​ ឡើង​របស់​អ្នក​ស្រី ​អ៊ឹម ​ចែម​ ដោយ​ថ្លែង​ថា ​លោក​យល់​ស្រប​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​កាត់ ​ទោស​ជន​សង្ស័យ​កំពូល​ទាំង​ប្រាំ​នាក់ ​ប៉ុន្តែ​ប្រសិន​បើ​តុលាការ​នេះ​ចេះ​តែ​ព្យាយាម​ដាក់​បញ្ចូល​ រឿង​មួយ​ហើយ​មួយ​ទៀត​ វា​នឹង​នាំ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​រឿង​មួយ​ណា​ទៀត​ដែល​មិនបាន​គិត​ដល់៖

«ខ្ញុំ​ស្តាប់​ឮ​ថា​ ច្បាប់​របស់​តុលាការ​នេះ​កាត់​ទោស​តែ​មេថ្នាក់​កំពូល​ តែ​តាម​ខ្ញុំ​ស្តាប់​ទៅ​ នៅ​មាន​ជន​ត្រៀម​ប្រាំ​នាក់​ទៀត​សម្រាប់​កាត់​ទោស​ដែរ។​ ខ្ញុំ​យល់​ថា ប្រាំនាក់​នេះ​មិន​មែន​ ជា​ថ្នាក់​កំពូល​ទេ​ ហេតុ​អ្វី​តុលាការ​នេះ​ដាក់​ឈ្មោះ​ជន​សង្ស័យ​ទាំង​ប្រាំ​នេះ​សម្រាប់​កាត់​ទោស​នៅ​ពេល​ខាង​មុខ ?​ តើ​តុលាការ​ខ្មែរ​ក្រហម​បាន​អនុវត្ត​ច្បាប់​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ​ដែរ​ឬទេ?»

ឈ្មោះ​ជន​សង្ស័យ​ថែម​ទៀត​សម្រាប់​ករណី​០០៣​ និង​០០៤ ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ជា​ សាធារណៈ​នៅ​ឡើយ​ទេ​ ហើយ​វា​នៅ​តែ​មិន​ទាន់​ច្បាស់​ថា ​តើ​ដំណើរ​ការ​គម្រោង​ស៊ើប​អង្កេត​នោះ​នឹង​ធ្វើ​ទៅ​រួច​ឬ​យ៉ាង​ណា​នៅ​ពេល​ដែល​មាន​ការ​ជំទាស់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ និង​ ចៅ​ក្រម​ខ្មែរ​មួយ​ចំនួន​ដែល​ភ័យ​ខ្លាច​មាន​អសន្តិ​សុខ​ក្នុង​សង្គម​នោះ ។

លោក​ ឡាស៍ ​អល​សុន​ មន្ត្រី​នាំ​ពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ថ្លែង​ថា​ យើង​មិន​ទាន់ ​បាន​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ ហើយ​មិន​ដឹង​ថា ​តើ​ប្រាំនាក់​នោះ​នឹង​ត្រូវ​គេ​យក​ទៅ​ជំនុំជម្រះ​ឬ​អត់ ​មាន​ទោស​ឬទេ?

«ដូច្នេះ​ខ្ញុំ​អាច​ផ្តល់​យោបល់​ហើយ​ធានា​ថា ​តុលាការ​មិន​មាន​ឈ្មោះ​មនុស្ស​រាប់​រយ​នាក់ ​ដែល​នឹង​ត្រូវ​យក​ទៅ​ជំនុំ​ជម្រះ​នោះ​ទេ។​ មូល​ហេតុ​យើង​មិន​ធ្វើ​ អញ្ចឹង​ដោយ​សារ​ថា​យើង​នឹង​កាត់​ទោស​មនុស្ស​ច្រើន​ពេក​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ជះឥទ្ធិ​ពល​អាក្រក់​ទៅ​លើ​សង្គម​ដែរ» ។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​បេសក​កម្ម​ដ៏​ចម្បង​មួយ​របស់​តុលាការ​នេះ​ គឺ​ស្វែង​រក​យុត្តិ ​ធម៌​ជូន​ជន​រងគ្រោះ ហើយ​និង​ធានា​ឱ្យ​មាន​ការ​ផ្សះ​ផ្សារ​បង្រួប​បង្រួម​ជាតិ ​និង​ធ្វើ​យ៉ាង​ម៉េច​ ឱ្យ​មាន​ស្ថេរ​ភាព​នៅ​ក្នុង​សង្គម​កម្ពុជា​ទៀត។

សាលាក្តី​ខ្មែរ​ក្រហម​ទើប​តែ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ និង​ជំនុំជម្រះ​ករណី​០០១​ ដែល​មាន​ ជន​សង្ស័យ​ឈ្មោះ​ កាំង​ហ្គេច​អ៊ីវ​ ហៅ​ឌុច​កាល​ពី​ចុង​ឆ្នាំ​២០០៩​ ហើយ​រំពឹង​ថា​ នឹង​លើក​យក​ករណី ​០០២​ ដែល​មាន​ជន​សង្ស័យ​បួន​នាក់ ​គឺ ​នួន ​ជា​ អៀង​ សារី​ អៀង​ ធីរិទ្ធិ​ និង ​ខៀវ សំផន​មក​ជំនុំ​ជម្រះ​នៅ​ឆ្នាំ​ក្រោយ ។

ដោយ​ឡែក​ពាក់​ព័ន្ធ​នឹង​ការ​បើក​វេទិការ​សាធារណៈ​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ដែល​ជា​តំបន់​ ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​នោះ ​ លោក​អ៊ឹម សុភា ​សហ​នាយក​កម្ម​វិធី​បង្រួប​បង្រួម​របស់​មជ្ឈ​ មណ្ឌល​ដើម្បី​យុត្តិ​ធម៌ ​និង​ការ​បង្រួប​បង្រួម ​បាន​ឱ្យ​ដឹង​ថា ​គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួក​គាត់​ ដែល​ភាគ​ច្រើន​ជា​អតីត​កម្មា​ភិបាល​ខ្មែរ​ក្រហម​នោះ​ បាន​បញ្ចេញ​សំឡេង ឬ​យោបល់​និង​ការ​ចង់​ ដឹង​របស់​គាត់​ពាក់​ព័ន្ធ​ដំណើរ​ការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​នេះ​ ដើម្បី​បញ្ចប់​កង្វល់ ​ភាព​មន្ទិល​ សង្ស័យ​របស់​គាត់​ដែល​កំពុង​ដក់​ជាប់​ក្នុង​អារម្មណ៍​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

«ដូច្នេះ ​យើង​យល់​ដឹង​ពី​តម្រូវ​ការ​និង​ភាព​ចាំ​បាច់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ពិសេស​ទៅ​ដល់​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ហើយ​ពួក​គាត់​ក៏​ជា​អ្នក​ដែល​ធ្លាប់​ដើរ​តាម​អង្គការ​ចាត់​តាំង​ដឹក​នាំ ​នេះ​ ជា​សិទ្ធិ​របស់​គាត់​ដែល​យើង​ត្រូវ​ផ្តល់​ឱ្យ​គាត់» ។

លោក​បាន​បញ្ជាក់​ថា ​ណា​មួយ​សម្រាប់​អនាគត​វែង​ឆ្ងាយ ​យើង​ចង់​ឱ្យ​ប្រជា​ជន​ទាំង​អស់ ​មិន​មាន​ការ​ថ្នាំង​ថ្នាក់​នឹង​គ្នា​ ថា​នេះ​ជា​អតីត​ខ្មែរ​ក្រហម​ ខ្មែរ​ស ឬ​ក៏​ខ្មែរ​ខៀវ​អ្វី​នោះ​ទេ ​យើង​ទាំង​អស់​គ្នា​ជា​ខ្មែរ។​ ដូច្នេះ​ការ​កសាង​ជំនឿ​ចិត្ត​គឺ​ជា​មធ្យោ​បាយ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្សះ​ផ្សារ​សង្គម​ខ្មែរ៕

XS
SM
MD
LG