ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួនជាង១០០នៅកម្ពុជា ដែលរួមគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមន៍សិទ្ធិមនុស្ស ដែលមានសមាជិកចំនួន២៣ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលមានសមាជិកចំនួន៨២ និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលមានសមាជិក ចំនួន១៣ នៅថ្ងៃសុក្រនេះ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដោយបានគាំទ្រវិធានការណ៍ របស់រដ្ឋាភិបាលក្នុងការលុបបំបាត់បទល្មើសព្រៃឈើ ក៏ប៉ុន្តែបានទទូចឲ្យរដ្ឋាភិបាលកម្ពុជា បន្តចាត់ វិធានការណ៍តាមផ្លូវច្បាប់ដល់ជនល្មើសដែលបានប្រព្រឹត្តបទល្មើសព្រៃឈើដោយគ្មានការរើសអើងនិន្នាការនយោបាយ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ដែលបានចែកជូនក្រុមអ្នកកាសែតរបស់ក្រុមសម្ព័ន្ធអង្គការ សង្គមស៊ីវិល បាននិយាយថា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ដែលព្រៃឈើកម្ពុជា បានទទួលរងនូវការទន្រ្ទានខុសច្បាប់ ហើយការខ្វះខាតនៃចំណាត់វិធានការណ៍ទប់ស្កាត់បទល្មើសព្រៃ ឈើរបស់អាជ្ញាធរមានសមត្ថកិច្ចកន្លងមកធ្វើឲ្យព្រៃឈើទទួលរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ។
លោកឈិត សំអាត នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបញ្ជាក់ថា យើងមានការសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់ព្រៃឈើ។
លោកបានមានប្រសាសន៍ទៀតថា កន្លងមកមានការកាប់បំផ្លាញព្រៃឈើតាមរយៈរូបភាព ផ្សេងៗ ហើយការផ្តល់ដីសម្បទានសេដ្ឋកិច្ច បានធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើកម្ពុជា។
«ព្រៃឈើ គឺជាប្រភពមួយយ៉ាងសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់ ដែលគាត់រស់នៅពឹងផ្អែកទៅលើអនុផល និងទិន្នផលព្រៃឈើរបស់យើងនេះ»។
លោកហង្ស ឆាយា ប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តកម្ម និងជានាយកប្រតិបត្តិ នៃវិទ្យាស្ថានខ្មែរសម្រាប់លិទ្ធិប្រជាធិបតេយ្យ បានលើកឡើងថា បញ្ហាកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ជាបញ្ហារួម និងជះឥទ្ធិពលពីបរទេស។
លោកបានលើកឡើងទៀតថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ នៅក្នុងចំណោមបណ្តាប្រទេស ដែលមានឈ្មោះក្នុងការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលក្នុងពិភពលោកយើងនេះបន្ទាប់ពីប្រទេសនីហ្សីរីយ៉ា និងប្រទេសវៀតណាម។
លោកបានមានប្រសាសន៍ទៀតថា បើតាមការសិក្សាមួយរបស់អង្គការសហប្រជាជាតិចាប់ពី ឆ្នាំ២០០០ ដល់ ឆ្នាំ២០០៥ បានឲ្យដឹងថា ប្រទេសកម្ពុជាបានកាប់បំផ្លាញព្រៃឈើចំនួន២៩% ក្នុង១ឆ្នាំៗ ។
លោកអ៊ិន ណាំ តំណាងសហគមន៍ព្រៃឈើមកពីខេត្តកំពង់ធំ បានបញ្ជាក់ថា ព្រៃឡង់ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ កាលពីដើមលោកបានចូលរកអនុផលព្រៃឈើជាមួយឳពុក ម្តាយ ដែលសំបូរទៅដោយព្រៃឈើ តូច ធំ ជីវៈសាស្រ្តចម្រុះ សត្វដំរី ខ្លា និងខ្ទីងជាដើម។ក៏ប៉ុន្តែ បច្ចុប្បន្ននេះ បានបាត់បង់អស់ហើយ។
លោកអ៊ិន ណាំ បាននិយាយទៀតថា ការបាត់បង់ព្រៃឈើនេះ គឺដោយសារតែអ្នកមានអំណាច អ្នកមានលុយចូលកាប់បំផ្លាញព្រៃឈើ រុករករ៉ែ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជាដើម។
«សូមឲ្យជួយចុះបង្រ្កាបបទល្មើសនេះឲ្យបានដល់គល់ ឫសកែវរបស់បទល្មើស»។
លោកឆេង គឹមស៊ុន ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៅថ្ងៃសុក្រនេះ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ ក៏ប៉ុន្តែកាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ លោកបានមានប្រសាសន៍ថា លោក នឹងប្តេជ្ញាបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងតួនាទីថ្មីរបស់លោកនេះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីដើមសប្តាហ៍នេះ បានដកហូតតំណែងលោកទី សុគន្ធ អតីតប្រតិភូរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើចេញពីមុខតំណែង ដោយសារតែលោកបានខក ខានបង្រ្កាបបទល្មើសព្រៃឈើ។
លោកសុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានបញ្ជាក់ថា ការដក តំណែងលោកទី សុគន្ធ នេះ បានបង្ហាញពីការចាប់ផ្តើមដ៏ល្អមួយ ហើយយើងសង្ឃឹមថា នៅថ្ងៃខាង មុខទៀតចំណាត់វិធានការណ៍របស់រដ្ឋាភិបាលអាចច្បាស់លាស់ជាងនេះ។