ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ហាម​មិន​ឱ្យ​បញ្ចាំង​ភាពយន្ត​ឯកសារ​ពី​លោក​ជា វិជ្ជានៅសួន​សេរីភាព


លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា។
លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញៈ​ អាជ្ញាធរ​ប៉ូលិស​ក្រុងភ្នំពេញ​ប្រមាណ​ជាង​១០០នាក់ ​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​ ខែល​ និង​ដំបង​ឆក់​ បាន​រារាំង​ការដាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ "នរណា​សម្លាប់​លោក​ជា វិជ្ជា​?” ​នៅ​សួន​សេរីភាព។ ក៏ប៉ុន្តែ​ ពុំមាន​ការប៉ះទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​ទេ។ លោក ​រ៉ុង ឈុន​ និង​លោក​ជា មុន្នី ​ដែលជា​អ្នកផ្តួចផ្តើម​ឲ្យ​មាន​ការដាក់បញ្ចាំង​ខ្សែភាពយន្ត​នេះ​ បាន​សម្តែ​ង​ការ​ខក​ចិត្ត​ និងចាត់ទុកថា សេរីភាពបញ្ចេញ​មតិ បានធ្លាក់​ដល់​កម្រិត​សូន្យ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​អាជ្ញាធរ​ប៉ូលីស​ប្រដាប់​ដោយ​អាវុធ​ ខែល​ និង​ដំបងឆក់​ប្រមាណ​ជាង​១០០នាក់​នៅ​ថ្ងៃពុធនេះ​ បាន​រារាំង​ដោយ​ជោគជ័យ​ ចំពោះ​ការប៉ុនប៉ង​ដាក់បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​មួយ​ ដែល​មាន​ចំណង​ជើងថា​ "នរណា​សម្លាប់​លោក​ជា វិជ្ជា?”​ ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហជីព​កម្ពុជា​នៅ​សួនសេរីភាព​ ឬ ហៅថា​សួន​ប្រជាធិបតេយ្យ​។

ការរារាំងនេះ​ បាន​កើត​មានឡើង​នៅពេល​ដែល​លោក​រ៉ុង ឈុន ​និង​លោក​ជា មុន្នី ​ព្រមទាំង​សមាជិក​សហភាព​សហជីព​កម្ពុជា​ប្រមាណ​ជាង​១០នាក់​ បាន​ប៉ុនប៉ង​ដាក់​បញ្ចាំង​ជា​សាធារណៈ ​នៅ​លើ​សួន សេរីភាព​ ក៏ប៉ុន្តែ​ត្រូវ​បាន​លោក​សុខ ពេញវុធ​ អភិបាលរង​ខណ្ឌ​ដូនពេញ ​បាន​ធ្វើការ​ហាមឃាត់​។

(សំឡេង របស់​លោក​សុខ ពេញវុធ ​និង​ លោក​រ៉ុង ឈុន​)

លោក​សុខ ពេញ វុធ​ ៖ «តើ​បង​បាន​ទទួល​លិខិត​ឬនៅ?»

លោករ៉ុង ឈុន ៖ ​ «លិខិត​ ខ្ញុំ​បាន​ទទួល​ហើយ​»។

លោក​សុខ ពេញវុធ​ ៖ «​អញ្ចឹង​អានេះ​ ថត​ចម្លង​ឲ្យ​បង​ផ្ទាល់​ដៃ​មួយ​ទៀត។ អញ្ចឹង​សង្ឃឹម​ថា ​បង​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខ័ណ្ឌ​ កុំ​ឲ្យ​បញ្ចាំង​ ​បើ​សាលា​រាជធានី​មិន​អនុញ្ញាត»។

លោក ​សុខ ពេញវុធ ​ពុំបាន​ផ្តល់​អត្ថាធិប្បាយ​ណាមួយ​ចំពោះ​អ្នក​កាសែត​ អំពី​មូលហេតុ​ដែល​អាជ្ញាធរ​បាន​សម្រេច​មិនឲ្យ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាងខ្លីថា៖

«បង​មើល​លិខិត​សាលា​ក្រុង​ចុះ​ ខ្ញុំ​ប្រាប់​ហើយ​»។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​ផ្ញើជូន​លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីព​កម្ពុជា​ បាន​ឲ្យដឹងថា​ ការមិនអនុញ្ញាត​ឲ្យ​មាន​ការដាក់បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ឡើង ​គឺ​ដោយ​សារ​តែ​ខ្សែភាពយន្ត​ឯកសារ​នេះ ​ពុំមាន​ទិដ្ឋាការ​ពី​ក្រសួង​ដែល​ពាក់ព័ន្ធ។

លោក​រ៉ុង ឈុន ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅឯ​ទីលាន​សួន​ប្រជាធិបតេយ្យ​ថា ​សេរីភាពសម្តែង​មតិ​នៅ​កម្ពុជា​កំពុង​ធ្លាក់ចុះ​ដល់​កម្រិត​សូន្យ។

លោក​បាន​មាន​ប្រសាសន៍​ទៀតថា​ អាជ្ញាធរ ​គួរតែ​លុបចោល​នូវ​សួន​សេរីភាព​នេះ​ចេញទៅ​ ដោយ​សារ​តែ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​មតិ​ទៅតាម​ច្បាប់​រដ្ឋធម្មនុញ្ញ។

«បើ​សាលា​រាជ​ធានីភ្នំពេញ​ ក៏ដូច​ជា​រដ្ឋាភិបាល​បង្កើត​សួន​ហើយ​មិន​ឲ្យ​ប្រជារាស្រ្ត​ប្រើ​ ត្រូវតែរំលាយ​សួន​នេះ​ចោល​ទៅ ​ហើយ​ដាំ​ផ្កា​ទៅ​វា​ប្រសើរ​ជាង​ បង្កើត​យកតែ​រូបភាព​ឲ្យ​អន្តរជាតិ​មើល​ ឲ្យ​ប្រជាជាតិ​ខ្មែរ​មើល​ថា​ខ្លួន​បាន​ផ្តល់​សេរីភាព។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ ការពិត​មិន​បាន​ផ្តល់​អ្វី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់សោះ»។

សួន​សេរីភាព​ មាន​ទីតាំង​នៅ​ខាងក្រោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​។

សួននេះ​ទើប​តែ​ត្រូវ​បាន​សាលា​ក្រុង​ភ្នំពេញបង្កើត​ឡើង​ក្រោយ​ពី​ច្បាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធីបាន​ចូល​ជា​ធរមាន​សម្រា​ប់ឲ្យ​ប្រជាពលរដ្ឋ​សម្តែ​ង​មតិ​ ដោយ​មិន​ចំាបាច់​សុំច្បាប់​ពី​អាជ្ញាធរ។

លោក​ ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ ជា វិជ្ជា ​បាន​ថ្លែង​ទាំង​កំហឹង​យ៉ាង​ដូច្នេះ​ថា ៖

«ប្រាំពីរឆ្នាំ ​ខ្ញុំ​រង់ចាំ​ជានិច្ច ​ឈាម ​អត់​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ​អត់ព្រួយ​បារម្ភ​អំពី​ជាប់គុក​ទេ ​អត់ ព្រួយបារម្ភ​អំពី​ងាប់ទេ។ អាណា ​ក៏​ងាប់ដែរ​»។

លោក ​ជា មុន្នី ​បាន​មាន​ប្រសាសន៍ថា ​លោក​ត្រៀម​ទឹកប្រាក់​ចំនួន​ ១០.០០០ ​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ថត​ចម្លង​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ទស្សនា​ខ្សែ​ភាពយន្ត​ឯកសារ​ "នរណាសម្លាប់​លោក​ជា វិជ្ជា?” នេះ។

លោក​ អំ សំអាត ​មន្រ្តី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស ​LICADHO ​បាន​និយាយថា​ សាលា​ក្រុង​ គួរតែ​មាន​ការសម្រប​សម្រួល​ណាមួយ​ឲ្យ​មាន​ការដាក់បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​នេះ ពីព្រោះ​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ ​និង​កិត្តិយស​របស់​រដ្ឋាភិបាល​ទេ។

«អាជ្ញាធរ​ គួរតែ​រក​វិធី​ណា​ចរចា​គ្នា ​ហើយ​ធ្វើការ​អនុញ្ញាត ​ដើម្បី​ឲ្យ​បញ្ចាំង​នូវ​ខ្សែភាពយន្ត​នេះ​ទៅ ពីព្រោះ​ខ្សែភាពយន្ត​នេះ​ វាគ្រាន់​តែ​ជា​ការ​រំឮក​ឡើង​វិញ​អំពី​អ្នក​ដែល​សម្លាប់​ ជា វិជ្ជា ​ហើយ ​ជា វិជ្ជា ​ត្រូវ​បាន​ស្លាប់​ ក៏ដូចជា​ ដាស់តឿន​អាជ្ញាធរ ​ដើម្បី​ឲ្យ​ស្វែងរក​ឃាតករ​ពិតប្រាកដ​ ដើម្បី​ផ្តល់​យុត្តិធម៌​ទៅ ដល់​លោក​ជា វិជ្ជា ​តែប៉ុណ្ណោះ»។

លោក ​ជា វិជ្ជា​ អតីត​មេដឹកនាំ​សហជីព​សេរីកម្មករ​ដ៏​ល្បីល្បាញ ​ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់​កាល​ពី ​ខែ មករា ​ឆ្នាំ​២០០៤។

ខ្សែ​ភាពយន្ត​ឯកសារ​ ដែល​ផលិត​ឡើង​ដោយ​ផលិតករ​ជនជាតិ​អាមេរិកាំង​មួយរូប​ឈ្មោះ ​Bradely Cox ​នេះ ​ចង់​បង្ហាញ​ឲ្យ​អ្នកទស្សនា​ធ្វើការ​វិភាគ​នរណា​ជាឃាតករ ​និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុង​ការសម្លាប់​ លោក​ជា វិជ្ជា៕

XS
SM
MD
LG