ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្ត​ស្រះចក​បើក​ឡើង​វិញ​ ​តែ​មិន​ទាន់​មាន​ការ​គាំទ្រ​ពី​ពុទ្ធបរិស័ទ


អ្នក​រត់​ម៉ូតូ​ឌុប​កំពុងរង់​ចាំ​អ្នក​​ជិះ​នៅ​ខ្លោង​ទ្វារ​វត្ត​ស្រះចក។
អ្នក​រត់​ម៉ូតូ​ឌុប​កំពុងរង់​ចាំ​អ្នក​​ជិះ​នៅ​ខ្លោង​ទ្វារ​វត្ត​ស្រះចក។

ភ្នំពេញ៖​ រយៈពេល​ជិត​មួយខែ​ ​បន្ទាប់​ពីអតីត​សង្ឈ​ នេត ខៃ ​ដែល​មាន​រឿងអាស្រូវ​ដ៏លេច​ធ្លោ​មួយ​ក្នុង​ទី​ក្រុងភ្នំពេញ​ ដោយសារ​តែអតីត​សង្ឈអង្គនេះ​បានថតរូប​វីដេអូ​ស្ត្រី​ជា​ច្រើន​នាក់ ​ខណៈពេល​ដែល​ពួក​គេ​កំពុង​ងូត​ទឹក​មន្ត​អាក្រាត​កាយ​រួចមក។ ​វត្ត​ស្រះចក​នៅ​ពុំទាន់​បាន​ទទួល​ការគាំទ្រ​ពី​ពុទ្ធ​បរិស័ទ​ឡើង​វិញ​នៅឡើយទេ។ ព្រះចៅ​អធិការ​វត្ត​បាន​អំពាវនាវ​ឲ្យ​ពុទ្ធបរិស័ទ​ទូទាំង​ប្រទេសបំភ្លេច​រឿងដ៏​អាស្រូវ​នេះ។​ ខណៈ​ពេល​ដែល​ប៉ូលិស​កំពុង​ធើ្វការ​ស៊ើប​អង្កេត​ទៅ​លើជន​សង្ស័យ​បន្ថែម​ទៀត​ទាក់​ទិន​នឹង​រឿង​អាស្រូវ ​វីដេអូ​នេះ។

វត្ត​ស្រះចក​ដែល​មាន​ទីតាំង​នៅក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​ បាន​ប្រែ​ក្លាយ​ពី​ភាព​អ៊ូអរ​មក​ សភាព​ស្ងាត់​ជ្រងំ និង​ឋិតនៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​កម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ។

ការ​ផ្លាស់​ប្តូរ​នេះ​បាន​កើត​មាន​ឡើង​ ​ដោយ​សារ​តែ​អតីត​សង្ឃ​នេត​ ខៃ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាល​ពី​ចុង​ខែ​មិថុនា​ ដោយសារ​តែ​អតីត​សង្ឃ​អង្គ​នេះ​ បាន​លូច​ថត​រូប​វីដេអូ​ស្រ្តី​ខ្មែរ​ជា​ច្រើន​នាក់​ ដែល​បាន​មក​ស្រោច​ទឹក​មន្ត​ដោយ​អាក្រាត​កាយ។

ឥឡូវនេះ​ ​បន្ទប់​សម្រាប់​ស្រោច​ទឹកមន្ត​របស់​អតីត​សង្ឃ​នេត ខៃ ​និង​បន្ទប់​ចំនួន​ប្រាំ​ផ្សេង​ទៀត​ត្រូវ​បាន​អាជ្ញាធរ​វាយ​កម្ទេច​ចោល​ ដែល​នៅសល់​តែ​គំនរ​ឥដ្ឋ ​និង​កម្ទេច​ឈើ​ចាស់ៗ​ប៉ុណ្ណោះ។

លោកតា​អាចារ្យ​មួយរូប ​អាយុ​ប្រមាណ​៧៣ឆ្នាំ​ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ កុដិ​ទាំង​ប្រាំមួយ​នេះ​ត្រូវ​បាន​អាជ្ញាធរ​វាយ​កម្ទេច​ចោល​កាល​ពី​ដើម​ខែកក្កដា។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​ពីមុន​ ​កុដិ​ និង​បន្ទប់​ទឹក​សម្រាប់​ស្រោច​ទឹកមន្ត​នេះទទួល​មនុស្ស​ សម្រាប់​មក​ស្រោច​ទឹក​ប្រមាណ​ពី៣០​ទៅ​៥០​នាក់​ដែរ​ក្នុង​មួយថ្ងៃ។

លោកតា​អាចារ្យ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​ឥឡូវ​នេះ​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​លែង​មក​វត្ត​ស្រោច​ទឹក​ទៀត​ហើយ​ ​ដោយសារ​តែ​បុគ្គល​មួយ​រូប​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​វត្ត​ស្រះ ចក​ទាំងមូល។

«ស្ងាត់​រហូត​ ​ព្រោះ​ក្រសួង ​សមត្ថកិច្ច គេ​នៅ​ការពារ​រហូត»។

គង់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កុដិ​របស់​អតីត​សង្ឃ​នេត ខៃ​ ​ព្រះសង្ឃ​មួយ​អង្គ​ផ្សេង​ទៀត​ព្រះ​ជន្ម​២៤​ព្រះ​វស្សា ​បាន​មាន​សង្ឃ​ដីកា ​ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ព្រះ​នាម​ថា​ ​ព្រះ​អង្គ​មិន​នឹក​ស្មាន​ថា​ ​អតីត​សង្ឃ​ នេត ខៃ​បាន​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទាល់តែ​សោះ​ ​ពីព្រោះ​ព្រះ​អង្គ​មាន​ចរិត​គួរ​ឲ្យ​ប្រត្តិបត្តិ។

«និយាយ​ទៅ​ ​មិន​ត្រឹមតែ​អាត្មា​មួយ​ទេ​ ​សូម្បី​តែ​មួយវត្ត​ហ្នឹង​ ​គ្មាន​អ្នកណា​ដឹង​ផង។ ​ហើយ​មិន​នឹក​ស្មានថា​ ​រឿង​ដល់​ថ្នាក់​កើត​ឡើងទេ»។

វត្ត​ស្រះចក​ត្រូវ​បាន​មន្រ្តី​សង្ឃ​នៅក្នុង​ទីក្រុង​ភ្នំពេញតែងតាំង​ព្រះចៅ​អធិការ​វត្ត​ថ្មី​ដើម្បីកែ​សម្រួល​កិត្តិយស​របស់​វត្ត​ឡើង​វិញ។

ព្រះតេជ​គុណ​ឈឹង ប៊ុនឈា ​ព្រះជន្ម​៣៦​ព្រះ​វស្សា​ ​ព្រះចៅ​អធិការ​វត្ត​ស្រះចក​ ​ដែល​ទើបតែងតាំង​ថ្មី​បាន​មាន​សង្ឃ​ដីកា​ថា​ ​ព្រះអង្គ​កំពុង​តែ​រៀបចំ​បទបញ្ជា​ផ្ទៃ​ក្នុង​និង​បទ​បញ្ញតិ្ត​អប​ព្រះ​វិន័យ​ព្រះ​សម្មាសម្ពុទ្ធដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​វត្ត​ឡើង​វិញ។

ព្រះតេជ​គុណ​បាន​បញ្ជាក់​ទៀតថា​ ​ រាល់​ការ​ស្រោច​ទឹក​របស់​ពុទ្ធ​បរិស័ទ​ ​គ្មាន​បន្ទប់​បិទបាំង​ដូច​ពី​មុន​ទៀត​ទេ​ គឺ​យើង​ធ្វើ​ជា​លក្ខណៈ​បើក​ចំហ។​ ​ព្រះតេជ​គុណ​បាន​មាន​សង្ឃ​ដីកា​ទៀត​ថា​ ​ពុទ្ធ​បរិស័ទ​ ទាំងអស់​គួរតែ​បំភ្លេច​រឿង​អ្វី​ដែល​បាន​កន្លង​ហួស​ ​ហើយ​នាំ​គ្នា​លើក​តម្កើង​សាសនា​ព្រះពុទ្ធ​ឡើង​វិញ ។

«សូម​ឲ្យ​ពុទ្ធ​បរិស័ទ​ទាំងអស់​ហ្នឹង​មេត្តា​បញ្ចប់នូវ​រូប​ទាំងអស់​ហ្នឹង​ ​ហើយ​បញ្ចប់នូវ​ការ​លើក​រឿង​ហ្នឹង​យក​មក​និយាយ​ដដែលៗ​ ​ព្រោះ​វា​នាំ​ឲ្យ​ធ្លាក់​ចុះ​តម្លៃ​របស់​ព្រះសង្ឃ​យើង​ ​ធ្លាក់​ចុះតម្លៃ​ព្រះពុទ្ធ​ សាសនា​របស់​យើង​ ​ ត្រូវ​ជំនួស​មកវិញ​ដោយ​ការ​និយាយ​អំពី​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះពុទ្ធ​សាសនា​របស់​យើង​បាន​រីកចម្រើន»។

វត្ត​ស្រះចក​មាន​ព្រះសង្ឃ​សរុប​ដែល​កំពុង​គង់​នៅ​ចំនួន​៥៥អង្គ ​និង​និស្សិត​ចំនួន​១០៨​នាក់។ ​បន្ទាប់​ពី​មាន​លេច​រឿង​អាស្រូវ​នេះ​ឡើង​ ​មាន​មតិ​សាធារណជន​ជាច្រើន​បាន​រិះគន់​ការ​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ។

លោក​ស្រី​ជា វណ្ណាត​ អ្នក​វិភាគ​ឯករាជ្យ​មួយរូបបាន​លើក​ឡើង​ថា​ ​ទង្វើ​របស់​ព្រះ​សង្ឃ​នេត ខៃ​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សហគមន៍​ព្រះសង្ឃ​ប៉ុណ្ណោះ​ទេ​ ​ក៏ប៉ុន្តែ​ថែម​ទាំង​ប៉ះពាល់​ដល់​កិត្តិយស​របស់​ជន​រងគ្រោះ​ និង​ស្រ្តី​ខែ្មរ​ទូទៅ​ផងដែរ។

«ការ​ប៉ះពាល់​ ​ការ​ទូន្មាន ​ការ​រំឭក​ដាស់តឿនប្រាប់ស្រ្តីភេទ​ ដែល​ទៅ​រក​គ្រូ​អូមអាម​ ឬ​មួយ​ក៏​គ្រូ​មន្ត​អាគម​អី​ផ្សេងៗ​ដែល​ស្រោច​ទឹក​ស្រោច​អី​ហ្នឹង ​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង»។

អតីត​សង្ឃ​នេត ខៃ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​តាម​ច្បាប់​ប្រឆាំង ​និង​ការ​ជួញ​ដូរ​មនុស្ស​ ពីបទ​ថតរូប​អាក្រាត​ជាង​១០០​នាក់​ ដោយ​សម្ងាត់​នៅ​ក្នុង​វត្ត​ស្រះចក​តាំងពី​ឆ្នាំ២០០៨​ និង​ពីបទ​ផលិតនិង​ចែកចាយ​រូប​អាស​អាភាស។

លោក​ឯក ឆេងហួត ​ព្រះរាជ​អាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​និយាយ​ថា​ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ ​អតីត​សង្ឃ​នេត ខៃ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​យ៉ាងតិច​ចំនួន​១៥​ឆ្នាំ។

សំណុំ​រឿង​របស់​អតីត​សង្ឃ​នេត ខៃ​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់ការ​ស៊ើបអង្កេតនៅឡើយ​ទេ​ ។បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើការ​ស៊ើបអង្កេតទៅ​លើ​ជន​សង្ស័យ​បន្ថែម​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថតរូប​វីដេអូ​ស្រី្ត​ស្រោច​ទឹកមន្ត​ទាំង​នោះ៕

XS
SM
MD
LG