មនុស្សដែលព្រួយបារម្ភអំពីជំងឺគាំងបេះដូងបានទទួលការណែនាំជាច្រើនអំពីម្ហូបចំណីដែលត្រូវទទួលទានគឺចំណីមានជាតិខ្លាញ់តិច ផ្លែឈើច្រើន បន្លែច្រើន។
ប៉ុន្តែបើតាមនាង Naomi Seck រាយការណ៍មកថា ការសិក្សាថ្មីផ្តល់យោបល់ថា រឿងសំខាន់បំផុតដែលពួកគេអាចធ្វើបាននោះ ប្រហែលគ្រាន់តែទទួលទានបាយឲ្យច្រើន។ អ្នកស្រី នុច សារីតា សូមជូនសេចក្តីប្រែសម្រួល៖
វាពិបាកនឹងគិតស្មានថា ចាំបាច់ត្រូវបង្ហាញភស្តុតាងអំពីការទទួលទានបាយ។ ភាគច្រើននៃពិភពលោក បាយជាអាហារសំខាន់នៃគ្រប់អាហារទាំងអស់។ ប៉ុន្តែអ្នកស្រាវជ្រាវជប៉ុន លោក Satoru Eguchi និយាយថា នៅក្នុងប្រទេសជប៉ុន អង្ករ ឬបាយបានបាត់ប្រជាប្រីយ៍ភាពដោយសារ ម្ហូបចំណីផ្សេងទៀត ភាគច្រើនគឺម្ហូបបស្ចឹមប្រទេស។
“ប្រជាពលរដ្ឋជប៉ុន ក្នុងរយៈ៥០ឆ្នាំកន្លងទៅនេះ បានងាកជាច្រើនទៅរកម្ហូបអាហារបស្ចឹមប្រទេស។ យើងទទួលទានបាយ៥០ភាគរយតិចជាង ប្រៀបធៀបទៅនឹង៥០ឆ្នាំមុន នៅក្នុងប្រទេសជប៉ុន”។
លោក Eguchi និយាយថា និន្នាការនេះបានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតជប៉ុនខ្លះព្រួយបារម្ភ។ ពួកគេជឿថា របបអាហារតាមប្រពៃណី ដែលផ្អែកទៅលើត្រី និងបាយច្រើនមានសុខភាពល្អជាងអាហារដែលមានជាតិខ្លាញ់ច្រើន ជាអាហារមានប្រូតេអ៊ីនខ្លាំង ដែលជនជាតិជប៉ុនបានចាប់ផ្តើមទទួលទាន។
ការសិក្សាទាំងឡាយបានបង្ហាញពីគុណភាពរបស់ត្រីចំពោះសុខភាពបេះដូង ប៉ុន្តែគ្មានការស្រាវជ្រាវឲ្យស្មើគ្នានៅក្នុងគុណប្រយោជន៍នៃបាយឡើយ។ គេដឹងថា បាយមានជាតិសរសៃច្រើននិងមានជីវជាតិខ្លះៗ ហើយលោក Eguchi និងក្រុមសហសេវិករបស់លោកមានជំនឿថា បាយមានប្រយោជន៍ច្រើនប្រការទៀត។ អ្វីដែលពួកគេបានរកឃើញនោះ គឺថា មានសារជាតិម្យ៉ាងនៅក្នុងបាយដែលជាការណ៍ពិត អាចការពារជម្ងឺគាំងបេះដូងបាន។
សារជាតិនោះធ្វើការ រារាំងអ័រម៉ូនមួយមានឈ្មោះថា Angiotensin II។ អ័រម៉ូន Angiotensin II អាចធ្វើឲ្យសរសៃឈាមរួមតូច និងធ្វើឲ្យជាតិ sodium កើនឡើងនៅក្នុងឈាម។ ទាំងអស់នេះ ជាកត្តាដែលនាំឲ្យកើតជម្ងឺសរសៃឈាមបេះដូង ដូចជាជម្ងឺលើសឈាម និងជម្ងឺរឹងសរសៃឈាមក្រហមជាដើម។
មានថ្នាំមួយចំនួនសម្រាប់ទប់ស្កាត់ អ័រម៉ូន Angiotensin (ដែលធ្វើឲ្យសរសៃឈាមរួមតូច)។ លោក Eguchi និយាយថា ការស្រាវជ្រាវរបស់លោកបង្ហាញថា លោកអ្នកប្រហែលអាចទទួលបានផលប្រយោជន៍ ដូចគ្នានឹងថ្នាំសម្រាប់ទប់ស្កាត់ អ័រម៉ូន Angiotensinដែរ ពីការទទួលទានបាយ។ ប៉ុន្តែមិនមែនមានន័យថា មាននៅក្នុងបាយគ្រប់ប្រភេទទេ។ តាមពិតអង្ករមួយបែបមានពណ៌ត្នោត ឬ Brown Rice ជាញឹកញាប់គេជឿថា ជាពូជធញ្ញជាតិមានសុខភាពជាងគេនោះ ត្រឡប់ទៅជាជម្រើសអាក្រក់ទៅវិញ នៅពេលណាគេប្រើអង្ករនេះ ជាអង្គធាតុទប់ស្កាត់អ័រម៉ូន Angiotensin។
“ភាគច្រើននៃចំណែកដែលមានជីវជាតិ ដែលធ្វើឲ្យរាងកាយមានសុខភាព មិនប្រាកដថា ក្រពះអាចរំលាយបានទេ ពីព្រោះសំបកអង្ករ Brown Rice រឹងខ្លាំងណាស់។ ដោយពិត យើងមិនច្បាស់ជាអាចស្រូបយកជីវជាតិបានទេ។ ហើយដើម្បីដាំបាយអង្ករនេះឲ្យទន់ល្មម អាចក្រពះ កិនរំលាយបាននោះ លោកអ្នកចាំបាច់ដាំបាយឲ្យយូរ ដាក់ភ្លើងឲ្យច្រើន ដូច្នេះលោកអ្នកពិតជាមិនអាចរក្សាទុក គ្រឿងការពារក្នុងអង្ករនោះបានទេ”។
លោក Eguchពន្យល់ថា គ្រឿងបញ្ឈប់ការគាំងបេះដូង មាននៅក្នុងស្រទាប់ក្រោមសំបកអង្ករដែលមានសរសៃច្រើន ប៉ុន្តែសំបកក្រៅនៃអង្ករ Brown Rice នោះហើយដែលក្រពះពិបាកកិនណាស់។
នៅពេលណាលោកអ្នកដាំបាយដោយទុកឲ្យបាយពុះយូរ៤៥នាទីដើម្បីឲ្យបាយទន់ល្មមទទួលទានបាននោះ លោកអ្នកបានរម្ងាស់ អស់ជាតិចំណីអាហារនោះហើយ។
អង្ករសដាំឆាប់ឆ្អិនជាង ប៉ុន្តែស្រទាប់ខាងក្នុងដែលមានជីវជាតិខ្លាំងត្រូវបានសម្រិតយកកន្ទក់ចេញអស់ដើម្បីឲ្យអង្ករសត្រសុល។
ប៉ុន្តែលោក Eguchi និយាយថា មានជម្រើសទីបី គឺថា “បើអាច កុំកិនស្រូវឲ្យអស់កន្ទក់ពេក”---ឬកិនយកតែអង្កាមចេញបានហើយដើម្បីឲ្យមានសល់ជីវជាតិនៅក្នុងអង្ករដែលមិនសម្រិត។
“តាមវិធីនេះ លោកអ្នកអាចងាយរំលាយបាយដែលនៅសល់ជីវជាតិបាន”។
នៅក្នុងប្រទេសជប៉ុន អង្ករបែបនេះមានឈ្មោះថា Haigamai។ លោក Eguchi និយាយថានៅក្នុងចំណោមជនជាតិជប៉ុនខ្លះ អង្ករនេះមានជម្រើសយ៉ាងពេញនិយមរួចស្រេចទៅហើយ ពីព្រោះដឹងថា មានប្រយោជន៍សម្រាប់សុខភាព។ ឥឡូវនេះ ដោយសារតែការស្រាវជ្រាវរបស់លោក ការសន្មត់ជាមុនទាំងនោះមានការគាំទ្រខាងផ្នែកវិទ្យាសាស្ត្រ។ ហើយលោកនិយាយថា របៀបកិនស្រូវយកអង្ករ Haigamai នេះមិនពិបាកទេ គឺកិនស្រូវកុំសម្រាំងយកអង្ករឲ្យសពេក។ នេះគឺជាបច្ចេកទេសមួយដែលក្រុមអ្នកផលិតអង្ករនៅជុំវិញពិភពលោកអាចធ្វើបាន។
ចំពោះមនុស្សដែលមិនចូលចិត្តទទួលទានបាយ ឬមិនចង់ប្តូរពីជម្រើសបាយអង្ករក្រហម ឬអង្ករសនោះ លោក Eguchi និងសហសេវិកកំពុងដកយកជីវជាតិនៅនឹងស្រោមអង្ករទៅធ្វើជាឱសថធម្មជាតិថ្មីមួយ៕