ប្រទេសកម្ពុជានិងអង្គការសហប្រជាជាតិនឹងពិភាក្សាគ្នាអំពីការកើនឡើងបញ្ហាមរណភាព មាតានិងសមភាពខាងយេនឌ័រ ដែលមានចែងនៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
តំណាងរាស្ត្រកម្ពុជានិងអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ ដើម្បីពិភាក្សាការកើនឡើងនៅប្រទេសកម្ពុជាលើបញ្ហាមរណភាពមាតា និងសមភាពខាងយេនឌ័រ និងការផ្តល់ សិទ្ធិអំណាចដល់ស្ត្រី។ ក្រុមអ្នកជំនាញសុខាភិបាល និងការអភិវឌ្ឍ បាននិយាយថា ប្រទេស កម្ពុជាត្រូវតែខំតស៊ូ នឹងការបរាជ័យនៃការកាត់បន្ថយមរណភាពមាតា និងសមភាពខាង
យេនឌ័រ ដែលផ្ទុយពីគោលដៅអភិវឌ្ឍន៍សហស្សវត្ស។
គោលដៅសហស្សវត្សសំដៅកាត់បន្ថយមរណភាពមាតាឱ្យធ្លាក់ដល់កម្រិតទាប និងជំរុញ សមភាពខាងយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដែលជាចំណុច២ក្នុងចំណោមចំណុច ទាំង៩នៃគោលដៅអភិវឌ្ឍន៍យ៉ាងសំខាន់។
លោកស្រី ពឹង ជុតិមា នាយិកាសមាគមថែទាំសុខភាពគ្រួសារកម្ពុជា បានថ្លែងថា មរណភាព របស់មាតានៅតែមានកម្រិតខ្ពស់ធ្លាក់ចុះមិនទៅតាមអ្វី ដែលរដ្ឋាភិបាលចង់បានទេ ហើយវា នៅតែជាបន្ទុកមួយដ៏ធ្ងន់និងក្តៅគគុក។
លោកស្រីបានបន្ថែមថា មរណភាពមាតានៅក្នុងឆ្នាំ២០០០មានចំនួន៤៣៧នាក់ ក្នុងចំណោម ១០០០០០នាក់ នៅពេលឆ្លងទន្លេ និងឆ្នាំ២០០៥ អត្រាមរណៈរបស់មាតា គឺ៤៧២នាក់លើ ១០០០០០នាក់។
"គោលដៅសហស្សវត្សរបស់យើង គឺកាត់បន្ថយអត្រាមរណៈរបស់មាតាឱ្យនៅទាបបំផុត។ ផែនការជាតិនិងក្រសួងសុខាភិបាលគឺឆ្លើយតបទៅនឹងគោលដៅសហស្សវត្សនេះ។ ប៉ុន្តែអត្រាមរណរបស់មាតារបស់យើងនៅតែខ្ពស់ និងសមាភាពខាងយេនឌ័ររបស់យើង នៅតែមិនទាន់មានសមភាពទេ។ យើងមិនទាន់ទៅដល់គោលដៅសហស្សវត្សទេ"។
កញ្ញាសយ សារ៉ាវន្ឍនានី នាយិកាមជ្ឈមណ្ឌលកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ បានថ្លែងថា សមភាពខាងយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី នៅតែប្រឈមនឹងអំពើហិង្សាលើស្ត្រី ការចាប់រំលោភផ្លូវភេទ និងការជួញដូរ ដែលមានជនរងគ្រោះចំនួន១៤១៦នាក់នៅក្នុងឆ្នាំ ២០០៩។
"វាប៉ះពាល់សុខភាពទាំងកាយទាំងចិត្ត។ នារីភាគច្រើនត្រូវរងអំពើហិង្សារបៀបហ្នឹង ហើយ គាត់អត់មានកម្លាំងកាយកម្លាំងចិត្តទៅចូលរួមអភិវឌ្ឍសង្គម អភិវឌ្ឍប្រទេសជាតិ ហើយ មិនអាចមានសេចក្តីក្លាហាន ដើម្បីក្លាយទៅជាអ្នកដឹកនាំ"។
លោកស្រីរស់ សុភាព នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍកម្ពុជា បានបញ្ជាក់ថា សមភាព ខាងយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីមាននៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាល ។ មានហើយ ប៉ុន្តែការអនុវត្តន៍នៅ។
លោកស្រី រស់ សុភាពបានបន្តថា ស្ត្រីមានការចូលរួមនៅក្នុងការសម្រេចចិត្តនៅថ្នាក់ក្រោម ជាតិ និងជាតិថ្នាក់ហើយ ប៉ុន្តែចំនួនយេនឌ័រមិនទាន់សមមាត្រ។
"បើយើងប្រៀបធៀបសមភាពខាងយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីកាលពី១០ឆ្នាំមុន ឥឡូវនេះមានការបោះជំហានទៅមុខ ប៉ុន្តែការបោះជំហានទៅមុខនេះនៅតែមិនទាន់ដល់កម្រិតមួយដែលមានលក្ខណៈសមភាព"។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា មរណភាពមាតា និងសមភាពខាងយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី កើតមានស្របតាមគោលដៅសហស្សវត្សបាន លុះត្រាតែរដ្ឋាភិបាលបង្កើនថវិកាជាតិដល់វិស័យសុខភាព និងអប់រំច្រើនថែមទៀត។
លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលត្រូវតែធានាគុណភាពនៃវិស័យសុខាភិបាលនិងអប់រំ ដើម្បីសម្រេចដល់គោលដៅអភិវឌ្ឍន៍សហស្សវត្សនេះ។
"សេចក្តីសម្រេចរបស់ស្ត្រីនៅក្នុងសហគមន៍ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ នៅមានការកម្រិត ច្រើនណាស់។ សេចក្តីសម្រេចរបស់សហស្សវត្សនេះមិនទាន់បានសម្រេចទេ និងនៅឆ្ងាយពីសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋយើងណាស់"។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានបញ្ជាក់ថា ការ ពិភាក្សាអំពីមរណភាពមាតា និងសមភាពខាងយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅ ថ្ងៃសុក្រ នឹងមានសារៈសំខាន់សម្រាប់ប្រមូលផ្តុំគំនិត និងស្មារតី ដើម្បីជួយជំរុញឱ្យទៅដល់ គោលដៅអភិវឌ្ឍន៍សហស្សវត្ស។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងស.រ.អ.៕